ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ហៅ​ការ​គំរា.ម​ដំឡើង​ពន្ធ​លើ​ខ្លួន​ដោយសារ​ការ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​ថា ជា​រឿង​មិន​សម​ហេតុ​សម​ផល

5 ម៉ោង មុន

ទីក្រុង​ញូ​វ​ដេ​លី ៖ ប្រទេស​ឥណ្ឌា​បាន​ហៅ​ការ​គំរាម​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ចំពោះ​ការ​ដំឡើង​ពន្ធ​ខ្ពស់​លើ​ខ្លួន ដោយសារ​ការ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​នោះ​ថា…

ទីក្រុង​ញូ​វ​ដេ​លី ៖ ប្រទេស​ឥណ្ឌា​បាន​ហៅ​ការ​គំរាម​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ចំពោះ​ការ​ដំឡើង​ពន្ធ​ខ្ពស់​លើ​ខ្លួន ដោយសារ​ការ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​នោះ​ថា គឺជា​រឿង​មិន​ត្រឹមត្រូវ និង​មិន​សម​ហេតុ​សម​ផល​។ នេះ​បើ តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៥​។

នៅ​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម Truth Social លោក ត្រាំ បាន​ព្រមាន​ថា លោក​នឹង​ដំឡើង​ពន្ធ​ដោយ​និយាយ​ថា ឥណ្ឌា​មិន​ខ្វល់​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​សម្លាប់​ដោយ​ម៉ាស៊ីន​សង្គ្រាម​របស់​រុ​ស្ស៊ី​នោះ​ទេ​។

បច្ចុប្បន្ន​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទិញ​ប្រេង​ឆៅ​ដ៏​ធំ​បំផុត​របស់​រុ​ស្ស៊ី ដោយ​ពួក​គេ​បាន​ក្លាយជា​ទីផ្សារ​នាំ​ចេញ​ដ៏​សំខាន់​មួយ​សម្រាប់​ទីក្រុង​មូ​ស្គូ បន្ទាប់​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​បាន​កាត់​បន្ថយ​ការ​ធ្វើ​ពាណិជ្ជកម្ម នៅ​ពេល​រុ​ស្ស៊ី​ចាប់ផ្តើម​ការ​ឈ្លានពាន​ពេញលេញ​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ​២០២២​។

យ៉ាងណាមិញ លោក ត្រាំ មិន​បាន​បញ្ជាក់​ថា តើ​ពន្ធ​ថ្មី​នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​វា​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​បង្ហាញ​ការ​យកពន្ធ ២៥% លើ​ទំនិញ​ពី​ប្រទេស​ឥណ្ឌា​។
នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា លោក Randhir Jaiswal បាន​ថ្លែង​ថា អា​មេ​រិ​កបាន​លើកទឹកចិត្ត​ឥណ្ឌា​ឱ្យ​នាំ​ចូល​ឧស្ម័ន​ពី​រុ​ស្ស៊ី​នៅ​ពេល​ចាប់ផ្តើម​ជម្លោះ សម្រាប់​ការ​ពង្រឹង​ស្ថិរភាព​ទីផ្សារ​ថាមពល​ពិភពលោក​។ លោក​បន្ត​ថា ឥណ្ឌា​បាន​ចាប់ផ្តើម​នាំ​ចូល​ពី​រុ​ស្ស៊ី ដោយសារ​តែ​ការ​ផ្គត់ផ្គង់​ត្រូវ​បាន​បង្វែរ​ពី​អឺរ៉ុប បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជម្លោះ​។ ជាមួយ​គ្នា​នោះ ឥណ្ឌា​ក៏​បាន​រិះគន់​អា​មេ​រិ​ក ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ខ្លួន សម្រាប់​ការ​គំរាមកំហែង​ពន្ធគយ នៅ​ពេល​ដែល​អា​មេ​រិ​ក​ខ្លួនឯង​នៅ​តែ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុ​ស្ស៊ី​។ ជាក់ស្តែង កាលពី​ឆ្នាំ​មុន អា​មេ​រិ​កបាន​ជួញដូរ​ទំនិញ​មាន​តម្លៃ​ប្រមាណ ៣,៥​ពាន់​លាន​ដុល្លារ​ជាមួយ​រុ​ស្ស៊ី បើ​ទោះបីជា​មានទណ្ឌ​កម្ម​តឹងរ៉ឹង​និង​ពន្ធគយ​ក៏​ដោយ​។

សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​បាន​បញ្ជាក់​ជូន​ថា ដូច​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ផ្សេង​ទៀត​ដែរ ឥណ្ឌា​នឹង​ចាត់វិធានការ​ចាំបាច់​ទាំងអស់ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ និង​សន្តិសុខ​សេដ្ឋកិច្ច​។ ការ​គំរាម​ដំឡើង​ពន្ធ​លើ​ឥណ្ឌា គឺជា​រឿង​មិន​ត្រឹមត្រូវ និង​មិន​សម​ហេតុ​សម​ផល​។

ការ​បង្ហោះ​លើ​បណ្តាញ​សង្គម Truth Social ចុង​ក្រោយ​របស់​លោក ត្រាំ បាន​ធ្វើ​ឱ្យ​មានការ​រិះគន់​ម្តងទៀត​ពី​ឥណ្ឌា ដោយ​លោក​បាន​សរសេរ​ថា ឥណ្ឌា​មិន​ត្រឹមតែ​ទិញ​ប្រេង​រុ​ស្ស៊ី​ក្នុង​បរិមាណ​ដ៏​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​ទិញ​ប្រេង​ជា​ច្រើន​ហើយ​លក់​វា​លើ​ទីផ្សារ​ដោយ​បើកចំហ​សម្រាប់​ប្រាក់​ចំណេញ​ដ៏​ច្រើន​។ លោក​បន្ថែម​ថា «​ដោយសារ​តែ​បញ្ហា​នេះ ខ្ញុំ​នឹង​ត្រូវ​ដំឡើង​ពន្ធ​យ៉ាងច្រើន​ដែល​ឥណ្ឌា​ត្រូវ​បង់​មក​ឱ្យ​សហរដ្ឋអាមេរិក​»​។

បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Bloomberg, Reuters និង New York Times កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​បាន​ស្រង់​ប្រភព​ពី​អ្នក​ស្និទ្ធ និង​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ដឹង​ពី​បញ្ហា​នេះ​បាន​បង្ហើប​ថា រដ្ឋាភិបាល​ឥណ្ឌា​មិន​បាន​បញ្ជា​ឱ្យ​បណ្តា​រោងចក្រ​ចម្រាញ់​ប្រេង​ឥណ្ឌា បញ្ឈប់​ការ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​នោះ​ទេ​។

សូម​ជម្រាប​ថា រុ​ស្ស៊ី​គឺជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ឆៅ​កំពូល​ដល់​ឥណ្ឌា ដែល​ទទួល​បន្ទុក​ប្រហែល ៣៥%​។ ឥណ្ឌា​បាន​បញ្ជាក់​ហើយ​ថា ក្នុង​នាម​ជា​ប្រទេស​នាំ​ចូល​ថាមពល​ដ៏​សំខាន់ ខ្លួន​ត្រូវ​តែ​ស្វែងរក​ការ​ផ្គត់ផ្គង់​តម្លៃ​ថោក​បំផុត ដើម្បី​ការពារ​ប្រជាជន​ប្រឆាំង​នឹង​ការ​កើនឡើង​ថ្លៃដើម​។ ភាព​ជា​ដៃគូ​នេះ​ហើយ គឺជា​ចំណុច​ជម្លោះ​សម្រាប់​អា​មេ​រិ​ក ជា​ពិសេស​នៅ​មុន​ពេល​ការ​គំរាម​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​នៅ​ពេល​ខាង​មុខ​នេះ ប្រឆាំង​នឹង​ដៃគូ​ពាណិជ្ជកម្ម​របស់​រុ​ស្ស៊ី ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​៕ ដកស្រង់ ៖ BBC Reuters និង The Guardian

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ