ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​អាមេរិក ​ថំសុនឈ្នះ​ជើងឯកវាយ​កូនហ្គោល ​Navistar​ LPGA Classic ​នៅលើ​ទឹក​​ដី​កំណើត​​

13 ឆ្នាំ មុន

កីឡាការិ​នី​វ័យ​ក្មេង​​អា​មេរិក​ឡិចស៊ី ថំ​សុន​​បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​នាង​បំ​បែក​បាន​នូវ​​កញ្ចប់​ទឹក​ប្រាក់​រង្វាន់​សរុប​១លាន​និង​៣សែន​ដុល្លារ​អាមេរិក​យក​ឈ្នះ​ពាន​​ជើង​ឯក​កម្ម​វិធី​ Navistar LPGA Classicនៅ ​Prattville រដ្ឋ​​​​អា​ឡា​បា​ម៉ា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៨កញ្ញា​កន្លង​មក​នេះ​។

កីឡាការិ​នី​វ័យ​ក្មេង​​អា​មេរិក​ឡិចស៊ី ថំ​សុន​​បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​នាង​បំ​បែក​បាន​នូវ​​កញ្ចប់​ទឹក​ប្រាក់​រង្វាន់​សរុប​១លាន​និង​៣សែន​ដុល្លារ​អាមេរិក​យក​ឈ្នះ​ពាន​​ជើង​ឯក​កម្ម​វិធី​ Navistar LPGA Classicនៅ ​Prattville រដ្ឋ​​​​អា​ឡា​បា​ម៉ា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៨កញ្ញា​កន្លង​មក​នេះ​។

ជា​មួយ​នឹង​ពិន្ទុ​២អាន់​ឌ័រប៉ា ៧០​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​​​​​នាំ​ឲ្យនាងថំ​សុន​វ័យ​១៦​ឆ្នាំ​​អាច​បំ​បាក់​បាន​កីឡាការិនី​​មិត្ត​រួម​ជាតិ​ទី​ហ្វា​នី ចូ​ យក​ឈ្នះ​ពាន​ជើង​ឯកជា​​លើក​ទី​១​នៅ​ក្នុង​រដូវ​កាល​ប្រកួត​ឆ្នាំ​២០១១នេះ​ជា​ស្ថាពរ​។​ សរុប​លទ្ធផល​ប្រកួត​៤នាង​ឡិច​ស៊ី ថំ​សុន​​​​ធ្វើ​បាន១៧អាន់​ឌ័រ ២៧១​​​និង​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​១៩​ម៉ឺន​​និង​៥ពាន់​ដុល្លារ​​​អាមេរិក ។​

ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ពាន​ជើង​ឯក​នាង​ថំ​សុន​​​បាន​បញ្ជាក់​ថា​៖«នេះ​ជា​ការ​ប្រកួត​​​យ៉ាង​ល្អ​មួយ​ តែ​យ៉ាង​ណា​អ្នក​ឈ្នះ​គឺ​មាន​តែ​១ប៉ុណ្ណោះ​ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ជន​នោះ​គឺជារូប​ខ្ញុំ ។ ការ​ប្រកួត​របស់​ខ្ញុំ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​ក្នុង​ថ្ងៃ​នេះ​។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន។ ការ​ប្រកួត​នៅ​កម្ម​វិធី​បន្ទាប់​ទៀត​ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ។ ចាប់​ផ្តើម​ប្រកួត​ដំបូង​ខ្ញុំ​ដូចជា​ភ័យ​បន្តិច​បន្តួច​ដែរ​​» ។ កាល​ពី​ឆ្នាំ​២០០៩​នៅ​ពេល​ដែល​នាង​មាន​អាយុ​ទើប​១៤​ឆ្នាំ​ នាង​ថំ​សុន​ធ្លាប់​បាន​យក​ឈ្នះ​ជុំ​ទី​២កម្ម​វិធី​ Navistar LPGA Classicនេះ​។ ប៉ុន្តែ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​អស់​៤ជុំ​នាង​ដណ្តើម​បាន​ចំណាត់​ថ្នាក់​ត្រឹម​លេខ​២៧​ប៉ុណ្ណោះ​។  ដោយឡែក​ឆ្នាំកន្លង​ទៅ​នេះ​នាង​ធ្វើ​បាន​ល្អ​គួ​រសម​ដោយ​បាន​បញ្ចប់​ការ​ប្រកួត​ក្នុង​លំ​ដាប់​ទី​១៦​។

នាង​ចូ​​ដែល​ធ្វើ​បាន​លទ្ធផល​១២អាន់​ឌ័រ​​ ២​៧៦​​​​​នោះ​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​ជាង​១២​​ម៉ឺន​ដុល្លារ​អាមេរិក​ខណៈ​នាង​អ៊ែន​ជេឡា ស្ទែន​ហ្វត​​បញ្ចប់​ការ​ប្រកួត​ក្នុង​ចំណាត់​ថ្នាក់​លេខ៣ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​៨ម៉ឺន​និង​៧ពាន់​ដុល្លារ​។ ឆ្លង​កាត់​ការ​ប្រកួត​៤ជុំ​នាង​​​ធ្វើ​បាន​លទ្ធផល​១១អាន់​ឌ័រ ២៧៧​។ ចំណែក​នាង​ប្រ៊ីតាលី ឡាង​ដែល​​​​បញ្ចប់​ការ​ប្រកួត​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៤ស្ទួន​ជា​មួយ​នឹង​​នាង​កា​រ៉ឹន ស្តាប់​ផល​ក្នុង​លទ្ធផល​សរុប​​១០​អាន់​ឌ័រ២៧៨​​​​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​ក្នុង​ម្នាក់​ៗ​ ជា​ង៦​​​ម៉ឺន​ដុល្លារ​អាមេរិក ។​

ដោយឡែកការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​ទេសចរ​ណ៍​អាស៊ីកម្ម​វិធី​ Macau Open នៅ​កោះ​ម៉ា​កាវ​ប្រទេស​​ចិន​​​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នេះ​ដែរ​ កីឡាករ​​ចិន​តៃ​វ៉ាន់​ចាន់ យី​ស៊ីន​​​​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​បន្ទាប់​ពី​ធ្វើ​បាន​លទ្ធផល​សរុប១៤​អាន់​ឌ័រ​២៧០​​​​និង​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​ជាង​១១៨​​ពាន់​ដុល្លារ​អាមេរិក។​

ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​ កីឡាករ​​ចាន់ ​យី​ស៊ីន​​ដែល​មាន​វ័យ​ទើប​៣៤ឆ្នាំ​បាន​ថ្លែង​ថា​៖ «ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ថា អាច​យក​ឈ្នះ​​ការ​ប្រកួត​លើក​នេះ​។ ការ​ប្រកួត​នៅ​៩​ឡូ​ដំបូង​​​គឺ​ពិត​ជា​ពិ​បាក​បន្តិច​​​។ ប៉ុន្តែ​ខ្ញុំ​ធ្វើ​បាន​ល្អ​លើ​ការ​វាយ​ចំណិត​ត្រសក់​យក​ពិន្ទុ​បឺឌី​។ ពេញ​មួយ​សប្តាហ៍​នេះ​ការ​វាយ​កូន​បាល់​បញ្ចូល​ឡូ​របស់​ខ្ញុំ​ពិត​ជា​បាន​ល្អ​គួរ​សម​។ ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្តរក​អ្វី​ផ្ទឹម​គ្មាន​នៅ​ពេ​ល​ដែល​បាន​យក​ឈ្នះ​ពាន​កម្ម​វិធី​នេះ​សា​​ជា​ថ្មី​​»។

ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរនៅ​ទី​លាន​ប្រកួត​ក្រុង​ឡេម៉ុន​​ រដ្ឋ​​អ៊ីលីណយ​​​សហរដ្ឋ​អាមេរិក​​​ កីឡាករអង់​គ្លេស​យ៉ាស្ទីន រ៉ូស​​បាន​​យក​ឈ្នះ​ជើង​ឯក​​នៃ​កម្ម​វិធី​ប្រកួត ​BMW Championship ដែល​មាន​ទឹក​ប្រាក់​រង្វាន់​មហាសាល​ដល់​ទៅ​៨លាន​ដុល្លារ​អាមេរិក​។​ ​​ឆ្លងកាត់​៤ជុំ​ប្រកួត​កីឡាករ​រ៉ូស​​ធ្វើ​បាន​លទ្ធផល​សរុប​១៣​​អាន់​ឌ័រប៉ា​២៧១​​នាំ​មុខ​២​ស្រ្តូក​​​លើ​កីឡាករ​អូ​​ស្ត្រា​លី​ចន សេន​ដេន​​ដែល​ធ្វើ​បាន​​​ ​១១អាន់​ឌ័រ​ប៉ា ២៧៣​។

កីឡាករ​អូ​ស្ត្រា​លី​ជី​អហ្វ អូ​ហ្គីល​វី​ឆ្លង​កាត់​៤ជុំ​ប្រកួត​ធ្វើ​បាន​១០​​អាន់​ឌ័រ ប៉ា ២៧៤​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ៣នាំ​មុខ​កីឡាករ​អង់​គ្លេស​លុក ដូ​ណាល់​ដែល​បញ្ចប់​ការ​ប្រកួត​ដណ្តើម​បាន​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ​៤។ ​​ចំពោះ​ទឹក​ប្រាក់​រង្វាន់​វិញ​ រ៉ូស​ដែល​ជា​ជើង​ឯក​ទទួល​បាន​១លាន​និង​៤៤ម៉ឺន​ដុល្លារ ​ខណៈ​កីឡាករ​សេន​ដេន​ទទួល​បាន​៨៦ម៉ឺន​និង​៤ពាន់​។ ចំណែក​ជ័យ​លាភី​លេខ៣​កីឡាករ​អូ​ហ្គីល​វី​ទទួល​បាន​៥៤ម៉ឺននិង​៤ពាន់​ដុល្លារ ៕