ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ទៅ​ដល់​ជំរំ​ហ្វឹកហាត់​ព័រ​ទុ​យ​ហ្គា​ល់ ខណៈ Messi ដកខ្លួន​ពី​ក្រុម​អា​ហ្ស​ង់​ទី​ន

17 ម៉ោង មុន

អន្តរជាតិ ៖ កីឡាករ Cristiano Ronaldo បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ហើយ រួម​ជាមួយនឹង​មិត្ត​រួម​ក្រុម​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥…

អន្តរជាតិ ៖ កីឡាករ Cristiano Ronaldo បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ហើយ រួម​ជាមួយនឹង​មិត្ត​រួម​ក្រុម​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ ត្រៀម​សម្រាប់​ការ​ប្រកួត​ពានរង្វាន់ UEFA Nations League ខណៈ​ដែល​កីឡាករ Lionel Messi ឯណោះ​វិញ ខកខាន​ជួយ​អា​ហ្ស​ង់​ទី​ន សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup ដោយសារ​បញ្ហា​របួស​។

ប្រធាន​ក្រុម Cristiano Ronaldo នឹង​ដឹកនាំ​ក្រុម​បញ្ច​ខែល​ព័រ​ទុ​យ​ហ្គា​ល់ត​ទល់​នឹង​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក ការ​ប្រកួត​លី​គ A វគ្គ​៨​ក្រុម​ចុង​ក្រោយ ពានរង្វាន់ UEFA Nations League រដូវ​កាល ២០២៤-២៥ ដែល​ត្រូវធ្វើ​ឡើង​ពីរ​ជើង ពោល​គឺ​នៅ​ថ្ងៃ​ទី​២០ ខែមីនា នៅ​ទឹកដី​ដា​ណឺ​ម៉ាក មុន​ពេល​ត្រឡប់​មក​កាន់​ទឹកដី​របស់​ខ្លួន​វិញ នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៥​។

លី​គ A វគ្គ​៨​ក្រុម​ចុង​ក្រោយ ពានរង្វាន់ UEFA Nations League រដូវ​កាល ២០២៤-២៥ ធ្វើ​ឡើង​ពីរ​ជើង (​ជើង​ទី​១៖ ថ្ងៃ​ទី​២០ ខែមីនា និង​ជើង​ទី​២៖ ថ្ងៃ​ទី​២៣ ខែមីនា​)
-​ដា​ណឺ​ម៉ាក ប៉ះ ព័រ​ទុ​យ​ហ្គា​ល់
-​ហូ​ឡង់ ប៉ះ ក្រុម​ការពារ​ជើងឯក​អេ​ស្ប៉ា​ញ
-​ក្រូ​អាត ប៉ះ បារាំង
-​អ៊ី​តា​លី ប៉ះ អា​ល្លឺ​ម៉​ង់

ប្រភព​ពី BBC កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi របស់​ក្លិប Inter Miami បាន​ដកខ្លួន​ចេញពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន សម្រាប់​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់ World Cup ឆ្នាំ ២០២៦ តំបន់​អា​មេ​រិ​ក​ខាងត្បូង​។ ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ​៣៧​ឆ្នាំ​រូប​នេះ ត្រូវ​បាន​រាយការណ៍​ថា រង​របួស​សាច់ដុំ អំឡុង​ពេល​ការ​ប្រកួត​លី​គ​កំពូល​សហរដ្ឋអាមេរិក MLS របស់​ក្រុម Inter Miami តទល់​នឹង​ក្រុម Atlanta United កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​។

ក្រុម​ពពក​សអា​ហ្ស​ង់​ទី​ន នឹង​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​អ៊ុយ​រ៉ា​ហ្គា​យ នៅ​ថ្ងៃ​ទី​២១ ខែមីនា សម្រាប់​ការ​ប្រកួត​ជុំ​ទី​១៣ មុន​ពេល​ទទួល​ស្វាគមន៍​ប្រេ​ស៊ី​ល នៅ​ថ្ងៃ​ទី​២៣ ខែមីនា​។ អា​ហ្ស​ង់​ទី​ន​នឹង​ធានា​បាន​សំបុត្រ​យន្តហោះ​ទៅ​កាន់ការ​ប្រកួត​ពានរង្វាន់ World Cup ឆ្នាំ ២០២៦ ដែល​កា​ណា​ដា ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា ប្រសិនបើ​ពួក​គេ​អាច​ឈ្នះ​២​ប្រកួត​ដ៏​សំខាន់​នេះ​។

ឆ្លងកាត់​១២​ប្រកួត​កន្លង​មក អា​ហ្ស​ង់​ទី​ន​កំពុង​ឈរ​កំពូល​តារាង​នៅ​ក្នុង​ចំណោម​១០​ក្រុម ដោយ​នាំមុខ​រហូត​ដល់​៥​ពិន្ទុ​ពី​អ៊ុយ​រ៉ា​ហ្គា​យ ដែល​ឈរ​នៅ​លេខ​២ ដ្បិត​ក្រុម​កំពូល​ទាំង​៦ និង​បាន​កៅអី​ពានរង្វាន់ World Cup ឆ្នាំ ២០២៦ ដោយ​ស្វ័យប្រវត្តិ ខណៈ​ដែល​ចំណាត់ថ្នាក់​លេខ​៧ ត្រូវ​ប្រកួត​ជម្រុះ​ឆ្លង​ទ្វីប​។

ក្រៅពី​ប្រធាន​ក្រុម Lionel Messi អា​ហ្ស​ង់​ទី​ន​ក៏​នឹង​ត្រូវ​អវត្តមាន​ខ្សែប្រយុទ្ធ​ឆ្នើម Paulo Dybala របស់​ក្រុម Roma និង​ខ្សែការពារ Gonzalo Montiel River Plate ផង​ដែរ ដោយសារ​របួស​។ ស្រប​ពេល​ប្រេ​ស៊ី​ល​ឯណោះ​វិញ ក៏​នឹង​ត្រូវ​អវត្តមាន​ខ្សែប្រយុទ្ធ​ឆ្នើម Neymar ដោយ​របួស​ភ្លៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ