Ronaldo បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្រុម Al Nassr នៅលីគកំពូលប្រទេសអារ៉ាប៊ីសាអូឌីត។ បើជាទោះស្ថិតក្នុងវ័យជ្រេសម្រាប់អាជីពបាល់ទាត់ក៏ពិតមែន ប៉ុន្តែអតីតខ្សែប្រយុទ្ធក្រុម Sporting Lisbon, Manchester United, Real Madrid និង Juventus រូបនេះ នៅតែជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកដ៏ល្បីល្បាញបំផុតលើពិភពលោក ដោយត្រូវបានទទួលស្គាល់តាមរយៈការប្រកាន់ខ្ចាប់វិន័យដ៏តឹងរឹងរបស់ខ្លួន និងការខិតខំប្រឹងប្រែងឥតឈប់ឈររហូតឈ្នះពានរង្វាន់ជាច្រើនជាមួយក្លិបអាជីព និងឈ្នះពានរង្វាន់ Euro ឆ្នាំ ២០១៦ និង UEFA Nations League រដូវកាល ២០១៨២-១៩ ជាមួយព័រទុយហ្គាល់ ពិសេសការឈ្នះពានឯកត្តជន Ballon d’Ors ៥សម័យកាលផងដែរ។
Ronaldo ទើបតែសម្រេចបានកំណត់ត្រាពិភពលោកថ្មីមួយទៀតក្នុងចំណោមកំណត់ត្រាជាច្រើនផ្សេងទៀតរបស់ខ្លួន នៅក្នុងសៀវភៅ Guinness World Records ដោយក្លាយជាកីឡាករបាល់ទាត់ដំបូងគេឈ្នះការប្រកួតជាមួយក្រុមជម្រើសជាតិច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រ ពោល១៣២ប្រកួតក្នុងចំណោមការបង្ហាញខ្លួនសរុប ២១៩ប្រកួតជាមួយព័រទុយហ្គាល់។ កំណត់ត្រាថ្មីនេះ សម្រេចបាននៅក្នុងការប្រកួតដែលរូបគេរួមចំណែកយ៉ាងសំខាន់ជួយព័រទុយហ្គាល់យកឈ្នះដាណឺម៉ាក បន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Nations League រដូវកាល ២០២៤-២៥ ដោយត្រូវជួបក្រុមឥន្ទ្រីដែកអាល្លឺម៉ង់៕ ប្រភព ៖ VnExpress
ចែករំលែកព័តមាននេះ