ទីក្រុងអ៊ូកឡែន ៖ ក្រុមជម្រើសជាតិនូវែលសេឡង់ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានក្លាយជាក្រុមទី២ បន្ទាប់ពីក្រុមជម្រើសជាតិជប៉ុន ដែលកក់កៅអីការប្រកួតជុំចុងក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ ដែលមានសហម្ចាស់ផ្ទះកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិករង់ចាំជាស្រេច បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិនូវែលកាឡេដូនី (New Caledonia) ដោយលទ្ធផល ៣ទល់នឹង០ វគ្គផ្តាច់ព្រ័ត្រ ការប្រកួតជម្រុះទ្វីបអូសេអានី។

ខ្សែការពារ Michael Boxall ខ្សែបម្រើស្លាប Kosta Barbarouses និងខ្សែបម្រើស្លាប Elijah Just គឺជាអ្នករកគ្រាប់ជ័យជម្នះនៅឯកីឡដ្ឋាន Eden Park ដែលមានមូលដ្ឋាននៅទីក្រុងអ៊ូកឡែន ដើម្បីរុញនូវែលសេឡង់ក្លាយជាក្រុមទី២ បន្ទាប់ពីក្រុមសាំមូរ៉ៃជប៉ុនដែលមិនមែនជាក្រុមម្ចាស់ផ្ទះព្រឹត្តិការណ៍ (Non-host) ឈ្នះសំបុត្រយន្តហោះទៅចូលរួមការប្រកួតជុំចុងក្រោយព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦។

ជប៉ុនក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Hajime Moriyasu កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្លាយជាក្រុមជម្រើសជាតិដំបូងគេកក់កៅអីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ បន្ទាប់ពីយកឈ្នះលើបារ៉ែនដោយលទ្ធផល ២ទល់នឹង០ នៅក្នុងការប្រកួតជម្រុះជុំទី៣ ទ្វីបអាស៊ី។

ក្រុមជម្រើសជាតិនូវែលសេឡង់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអង់គ្លេស លោក Darren Bazeley បានបញ្ចប់នៅកំពូលតារាងពូល B ការប្រកួតជម្រុះជុំទី២ ជាមួយនឹងកំណត់ត្រាឈ្នះទាំងអស់ ក្រោយឆ្លងកាត់៣ប្រកួតយកឈ្នះលើក្រុមជម្រើសជាតិ Tahiti, Vanuatu និងសាម័រ (Samoa) ដែលរួមពូល ហើយបន្តយកឈ្នះក្រុមជម្រើសជាតិហ្វីជី (Fiji) នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលយកឈ្នះលើនូវែលកាឡេដូនី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។

នេះគឺជាលើកទី៣ សម្រាប់ក្រុមជម្រើសជាតិនូវែលសេឡង់ ដែលឈានដល់ការប្រកួតជុំចុងក្រោយព្រឹត្តិការណ៍ FIFA World Cup។ លើកទី១ នៅឆ្នាំ ១៩៨២ ដែលអេស្ប៉ាញធ្វើជាម្ចាស់ផ្ទះ ពួកគេធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល និងលើកទី២ នៅឆ្នាំ ២០១០ ដែលអាហ្វ្រិកខាងត្បូងធ្វើជាម្ចាស់ផ្ទះ ក៏ពួកគេធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលដូចគ្នា។
ក្រុមរងជើងឯកពីទ្វីបអូសេអានី គឺក្រុមជម្រើសជាតិនូវែលកាឡេដូនី នឹងត្រូវរង់ចាំប្រកួតជម្រុះអន្តរទ្វីប (Inter-confederation play-offs) ជាមួយនឹង១ក្រុមមកពីអាស៊ី (AFC) អាហ្វ្រិក (CAF) អាមេរិកខាងត្បូង (CONMEBOL) និង២ក្រុមមកពីតំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងការីបៀន (CONCACAF)។

គួរបញ្ជាក់ជូនថា ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា បានចាប់ផ្តើមអនុវត្តទម្រង់ថ្មីរបស់ខ្លួន ដោយបង្កើនចំនួនក្រុមពី ៣២ក្រុមរហូតដល់ ៤៨ក្រុមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕

ចែករំលែកព័តមាននេះ