ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​ប្រគល់​អំណោយ​និងប្រក់​ដំបូល​​​ផ្ទះ​ជូន​​​ដល់​​​​លោកយាយ​ឯកោ

12 ឆ្នាំ មុន

​ខេត្ត​ក្រចេះ​ ៖ អំណោយសប្បុរសជន​តាម​រយៈកោះសន្តិភាពត្រូវ​បាន​​នាំ​យកទៅប្រគល់ជូន ស្រ្តីមេម៉ាយទុរគតវ័យចំណាស់ម្នាក់ រស់គ្មាន​ទីពឹងកណ្តោចកណ្តែង​​តែ​ម្នាក់ឯងនៅភូមិ​​​កំពង់​ដ ឃុំ​​ជ្រោយ​​បន្ទាយ​​ ស្រុក​ព្រែក​ប្រសព្វ កាលពី​​ព្រឹក​ថ្ងៃទី​​១០ កញ្ញា​។ ការ​​នាំ​យក​​​អំណោយ​​ទៅ​​ផ្តល់​​ជូន​នេះ​ក៏​មាន​ការអញ្ជើញចូលរួមពី​ សំណាក់លោក​វរសេនីយ៍ឯកហន ប៉ូច

ខេត្ត​ក្រចេះ​ ៖ អំណោយសប្បុរសជន​តាម​រយៈកោះសន្តិភាពត្រូវ​បាន​​នាំ​យកទៅប្រគល់ជូន ស្រ្តីមេម៉ាយទុរគតវ័យចំណាស់ម្នាក់ រស់គ្មាន​ទីពឹងកណ្តោចកណ្តែង​​តែ​ម្នាក់ឯងនៅភូមិ​​​កំពង់​ដ ឃុំ​​ជ្រោយ​​បន្ទាយ​​ ស្រុក​ព្រែក​ប្រសព្វ កាលពី​​ព្រឹក​ថ្ងៃទី​​១០ កញ្ញា​។  ការ​​នាំ​យក​​​អំណោយ​​ទៅ​​ផ្តល់​​ជូន​នេះ​ក៏​មាន​ការអញ្ជើញចូលរួមពី​សំណាក់លោក​វរសេនីយ៍ឯកហន ប៉ូច ស្នងការ​រងនគរ​បាល​ខេត្ត និង​លោកអៀន ភារម្យ អភិបាលរងស្រុកព្រែកប្រសព្វ​​ផងដែរ ។

សូមបញ្ជាក់​​​ថា ស្ត្រី​​​មេម៉ាយ​​​ចំណាស់​​​​ទុរគត​​​​រូបនេះ​​រស់​នៅ​​ក្នុង​​ផ្ទះ​​ឈើ​មួយ​​ដំបូល​ប្រក់​​មេឃ​ ​ជញ្ជាំង​​​​ស្លឹក ថែមទាំង​​មាន​​​ជំងឺ​​រ៉ាំរ៉ៃ​​ប្រចាំកាយ​​ ត្រចៀក​​​​ធ្ងន់ ដៃជើង​​ស្ទើរ​​​​កម្រើក​មិនកើត ​ហើយ​​សព្វ​ថ្ងៃ​​​រស់​​បានតែ​ដោយ​សារអ្នក​ជិតខាង​​ផ្តល់​​ម្ហូប​​ចំណី​ប៉ុណ្ណោះ​ ។ លោកអៀន ភារម្យ បានឱ្យដឹងថា ស្ត្រី​វ័យចំណាស់រូបនេះ​មានកូន​ប្រុស​បង្កើតបួននាក់ តែ​បាន​ទៅរស់នៅ​ឆ្ងាយជា​មួយប្រពន្ធកូននិង​​​សុទ្ធតែ​មានកម្រិតជីវភាព​លំបាកវេទនាដូចគ្នា ក្នុងនោះកូនប្រុស​ម្នាក់​បាន​ស្លាប់ដោយសារទាហានសៀមបាញ់​នៅខេត្តព្រះ​វិហារ ។

អំណោយ​របស់​​សប្បុរសជន​​​ជាថវិកានិង​សម្ភារ​ដែលភ្នាក់​​ងារ​កោះ​សន្តិភាព​​​បាន​នាំ​យក​ទៅប្រគល់​ឱ្យស្ត្រី​​​ចំណាស់​​រូបនេះ​នាព្រឹកនោះ រួមមានថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសនីយ៍​ត្រីជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ត ចំនួន​៦០ម៉ឺនរៀល លោកខាន់ សុខឃីន និងលោក អឹុង សុងទី ម្ចាស់ក្លឹបកម្សាន្ត​ហេបភីណាយ ខេត្ត​ក្រចេះ ថវិកា២០ម៉ឺនរៀល​ មីយើង២កេស ត្រីខ​៣​យួរ ទឹកបរិសុទ្ធ​៥យួរ​។ ​​ដោយ​ឡែក​ ​ប្រាក់​អំណោយ​​តាម​រយៈ​​កោះ​សន្តិភាព​​​​​​ដែល​​បាន​​​​​ពាំនាំ​ទៅ​​ប្រគល់​​​​​​​ជូន​​​​លោក​យាយ​​​គឺបាន​​​ទទួល​ចំនួន​៤០​​ដុល្លារ​ ជា​ប្រាក់​​​​អំណោយ​​​​រួម​គ្នា​​​​របស់​​​បងប្អូន​ខ្មែរ​​នៅ​​​ក្រុង​​ឡងប៊ិច​​​ រដ្ឋកាលី​ហ្វ័រនីញ៉ា​ ​មាន​១-​ឈ្មោះ​​តាន់ ឆៃយុទ្ធ, ២-​​ដេរិច​ទេវរាជ, ៣-​សុផុន ជា, ៤-ជា ណូលឹម និង​៥-​​ឡូ នីសលឹម​ ។  ប្រាក់​​អំណោយ​នេះ​បាន​​​​ទទួល​ពី​​​លោក​សុគន្ធ​​​ សុខុម៉ាល់ ។ ចំណែក​ទឹក​ប្រាក់​​២០​​​ដុល្លារ​ទៀត​ គឺបាន​ទទួល​ពី​​ក្រុម​​ហ៊ុន​​ប្រាយ​​​វិក ថឹរី​មេគង្គ ភេត្រូលៀម ។

ជាមួយនឹងការ​នាំ​យកអំណោយទៅប្រគល់​ជូន​ដល់លំនៅឋាននោះដែរ ក្រុមមន្ត្រីនគរបាល​នៃស្នងការដ្ឋានខេត្តជាច្រើនរូបដឹកនាំ​ដោយ​​​លោក​វរសេនីយ៍ឯកហន ប៉ូច ស្នងការរង​បាន​ជួយ​ប្រក់​ដំបូលផ្ទះជូន​លោកយាយ ដោយប្រក់​​ស័ង្ក​សី​ថ្មី ជាអំណោយផ្ទាល់របស់​លោកស្នង​ការ​ខេត្ត និងមន្ត្រី​ក្រោមឱវាទមួយ​ចំនួន​ទៀត ៕