ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា​​​​​​ជា​អំណោយ​​​របស់​សប្បុរស​​​ជនឯ​​​នាយ​សមុទ្រ​ជួយ​ដល់​​ជន​ក្រីក្រ​​ក្នុងស្រុក​

12 ឆ្នាំ មុន

​ខេត្តព្រៃវែង​​​ ៖ ​​កាលពីព្រឹកថ្ងៃទី​​៧ កញ្ញា ឆ្នាំ​២០១១ ​​ភ្នាក់ងារសារ​​ព័ត៌​មាន​កោះ​សន្តិ​ភាព​ប្រចាំ​​​​​​ខេត្តព្រៃវែង ​​បាននាំ​យកអំណោយជា​ថវិកា​​​​​​​​របស់​លោក​​​ហ៊ីង ​សុជាតិ ​​​នៅរដ្ឋ​អូហៃយ៉ូ ​សហ​រដ្ឋ​អាេមរិក ​​ដែលផ្ញើ​តាមរយៈ​​លោក​ណុប ច័ន្ទ​ដារ៉ា​ សហការី​កោះសន្តិភាព​​​នៅក្រុង​​ឡង​ប៊ិច​​​ ទៅ​ជូនដល់​ដៃ​លោក​យ៉ុន សាមិត្ត

ខេត្តព្រៃវែង​​​ ៖ ​​កាលពីព្រឹកថ្ងៃទី​​៧ កញ្ញា ឆ្នាំ​២០១១ ​​ភ្នាក់ងារសារ​​ព័ត៌​មាន​កោះ​សន្តិ​ភាព​ប្រចាំ​​​​​​ខេត្តព្រៃវែង ​​បាននាំ​យកអំណោយជា​ថវិកា​​​​​​​​របស់​លោក​​​ហ៊ីង ​សុជាតិ ​​​នៅរដ្ឋ​អូហៃយ៉ូ ​សហ​រដ្ឋ​អាេមរិក ​​ដែលផ្ញើ​តាមរយៈ​​លោក​ណុប ច័ន្ទ​ដារ៉ា​ សហការី​កោះសន្តិភាព​​​នៅក្រុង​​ឡង​ប៊ិច​​​ ទៅ​ជូនដល់​ដៃ​លោក​យ៉ុន សាមិត្ត ដែល​ត្រូវជា​​ឪពុក​​​របស់ទារក​​​​កំសត់​​​​ដែល​​កើត​​មក​​ទើបតែ​​​បាន​១២​ថ្ងៃ ​​ត្រូវម្តាយ​ស្លាប់​ចោល​​​កាលពីថ្ងៃទី​​​​​១ សីហា ​​កន្លង​​មក នៅ​ភូមិ​​បាទី ឃុំ​ពាមរក៍ ស្រុក​ពាមរក៍។ ​​នេះ​ជា​អំណោយ​​លើកទី​​៣​ហើយ ​​ដែល​លោក​​​យ៉ុន សាមិត្ត ​​​បានទទួល​​​តាមរយៈ​សារ​ព័ត៌​មាន​កោះ​សន្តិភាព​​។

លោកយ៉ុន សាមិត្ត មានសេចក្តី​​​​​​ត្រេកអរ​​ជា​ខ្លាំង ​​ហើយ​លោក​បានថ្លែង​​​​​អំណរ​គុណ​​​ដល់​លោក​​អ្នក​​ជា​សប្បុរស​​ជនទាំង​​ឡាយ​​ដែល​បាន​ផ្តល់ថវិកា​​​​មក​លោក​​ដើម្បីទិញ​ទឹកដោះ​គោ​ឱ្យ​កូន​បៅ​​នៅ​​ពេលនេះ។​ លោក​បាន​​លើក​ម្រាម​ដៃ​​​​​​​១០​​សំពះ​​បួងសួង​ សុំ​ឱ្យ​ទេវតា​ ព្រមទាំង​​​វត្ថុស័ក្តិសិទ្ធិ​​ក្នុង​លោក​​​​ ​តាមជួយ​​​ថែរក្សា​​ក្រុម​គ្រួសារ​​​​សប្បុរស​ជនទាំងអស់​​​សុំ​ឱ្យជួបតែសេចក្តី​​​សុខ​គ្រប់​​​ប្រការ និង​​​សូមជួប​តែ​ពុទ្ធ​ពរ​​​​​ទាំង​​​៤ប្រការ​ ​​​កុំ​បីឃ្លៀង​ឃ្លាត​ឡើយ​។

លោកយ៉ុន សាមិត្ត ​​បាន​បន្ត​ថា ​​តាំង​ពី​ប្រពន្ធ​ស្លាប់​ទៅ ​​លោក​មេឃុំ​​បាន​​ចូលបុណ្យ​​​​​៥ម៉ឺន​រៀល ​លោកស្រី​​​​សេង ​ទៀង អភិបាល​​រង​ស្រុក​ជួយ​​ឧបត្ថម្ភ​​១២ម៉ឺន​រៀល ​ក្រៅពីនេះ​​មាន​ថវិកា​​​របស់​​​សប្បុរសជន​​ ដែលលោក​​បាន​ផ្តល់​ជូន​​​​ហូរហែ​ តាម​រយៈ​សារព័ត៌​មាន​​កោះសន្តិ​ភាព ដែល​មាន​លោក​​​​​ឧកញ៉ា​ថុង អ៊ុយប៉ាង ​ព្រម​ទាំង​សហការី​ទាំងអស់ ​បានជួយ​ផ្សព្វផ្សាយ​​ដល់​សប្បុរស​​​ជន​​​​ជួយ​ឧបត្ថម្ភ​​​​ជា​បន្ត​​បន្ទាប់​​​។​ ​នេះ​ជា​​​ការ​​ចូលរួម​​​ជួយ​រំលែកនូវ​សេចក្តី​​ទុក្ខ​លំបាក​​មួយយ៉ាង​​​​ធំ​ធេង​ពី​សំណាក់​​អស់​លោក​ជា​​​សប្បុរសជន​​​​។

លោកយ៉ុន សាមិត្ត ​​គ្រោង​ធ្វើ​បុណ្យ​​សូត្រ​មន្ត​ឱ្យ​​​​សព​ប្រពន្ធ​​​របស់គាត់ ​​​ដើម្បី​​​ឧទ្ទិស​​មគ្គ​ផល​​ជូន​ដល់​អស់​លោក​​អ្នក​​ជា​សប្បុរស​ជន​​​​ផងដែរ​។​​អ្វី​ដែល​​​​គាត់​រំភើប​រីករាយនោះ គឺ​​កូនតូច​របស់​គាត់​ដែលម្តាយ​​បានស្លាប់​​ទៅ​​គេ​​នឹង​មានទឹក​ដោះ​គោ​បៅ​​បន្តទៀត​​។

ក្នុងសំបុត្រ​​របស់​លោក​ហ៊ីង សុជាតិ បាន​​សរសេរ​ថា កើត​មក​ជា​ខ្មែរ​​​រមែង​ស្រឡាញ់ជាតិ​​ខ្មែរជានិច្ច ។ ​​កោះសន្តិភាព​​​ក៏សុំ​​ថ្លែងអំណរ​គុណ​​​ចំពោះ​ការ​​ផ្តល់ថ​វិកា​​មួយ​ចំនួន​សម្រាប់​​​​ភ្នាក់​​ងារ​​នាំ​​​​​ទៅប្រគល់​ដល់​​​ជនក្រីក្រ​​ផង​​ដែរ​។

ជាមួយគ្នានេះ ​អំណោយសប្បុរសជន​​ចំនួន​​​២០ដុល្លារ​​ក៏ត្រូវ​បានផ្តល់ជូន​​​តាម៉ៅ វង់ និង​ចៅ​កំព្រា​​ដោយ​លោកវ៉ាន់​ ប៊ុន​ធឿន តំណាង​​សារ​ព័ត៌​មាន​កោះសន្តិភាព​​បាននាំអំណោយ​​​របស់​សប្បុរស​ជន​ទៅជូន​លោកតា​ម៉ៅ វង់ និង​ចៅ​កំព្រា​នៅភូមិ​ឫស្សីព្រៃ ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​​ជ្រំ​ ​កាលពីថ្ងៃទី​​​៧ កញ្ញា ​​​២០១១ ​វេលា​​ម៉ោង​​​​៣​រសៀល​។ ទឹកប្រាក់​​​​ឧបត្ថម្ភ​​នេះ​បាន​ទទួល​តាម​រយៈ​​លោក​ណុប ​ច័ន្ទ​​តារា ​សហការីកោះសន្តិភាព ​នៅក្រុង​ឡងប៊ិច សហរដ្ឋអាេមរិក ​ដែល​លោក​បាន​​​ទទួល​​ពីលោកសុខ ម៉េង និង​​ភរិយា​​​ ឧបត្ថម្ភ​​​១០​ដុល្លារ​ និងអ្នក​ស្រី​​​សុខ គន្ធា​ ​ចំនួន១០​ដុល្លារ ។

លោក​តាម៉ៅ វង់ ​​ព្រមទាំង​ចៅកំព្រាទាំង​​៣​នាក់​ មានចិត្ត​ត្រេកអរ​ និង​សំពះដឹង​គុណ​​ដល់​សប្បុរស​ជន​ និងសូមជូនពរ​ដល់​សប្បុរសជន​​​​ជួបតែ​ពុទ្ធពរ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ ​គ្រប់​ពេលវេលា​ ៕

 

សូមជម្រាប​ជូនដល់​បង​ប្អូន​​ជនរួមជាតិ​ដែលកំពុង​រស់នៅ​ក្រៅប្រទេស​ ឱ្យបានជ្រាប​ថា ​លោក​ណុប ច័ន្ទ​​ដារា រស់នៅក្រុង​​​ឡូស​អេន​ចឺឡេស ទូរស័ព្ទ​លេខ ​៥៦២ ​៣១៣​ ៣៦៩៩ អ៊ីម៉ែល ៖ cnop@juno.com គឺ​ជាអ្នក​ទទួល​រាល់ប្រាក់​អំណោយ​សប្បុរសធម៌​នានា ដែលបង​ប្អូន​មានបំណង​​ចង់ផ្ញើ​មក​ជួយដល់​​ជន​រួមជាតិ ​តាមរយៈ​​​សារ​ព័ត៌មាន​កោះសន្តិភាព ដោយ​យើង​ខ្ញុំ​​សន្យា​​​ថា​នឹង​ពាំនាំ​​ទៅប្រគល់​ដល់​​ដៃ​ជន​ទុរគត​​ ជនក្រីក្រ ឬ​ជន​​ជួបគ្រោះថ្នាក់​​​ផ្សេងៗ មិន​ឱ្យខុសបំណង​នោះទេ ។
ទូរស័ព្ទ​ទាក់ទង​លេខ​ ​(៨៥៥) ១៧៤៤៩០១៧ ឬអ៊ីម៉ែល ៖ News@kspg.co ឬ ads@kspg.co ៕