ថវិកា​​ចំនួន150ដុល្លារ​​​ជា​អំណោយ​​​របស់​សប្បុរស​​​ជនឯ​​​នាយ​សមុទ្រ​


ខេត្តព្រៃវែង​​​ ៖ ​​កាលពីព្រឹកថ្ងៃទី​​៧ កញ្ញា ឆ្នាំ​២០១១ ​​ភ្នាក់ងារសារ​​ព័ត៌​មាន​កោះ​សន្តិ​ភាព​ប្រចាំ​​​​​​ខេត្តព្រៃវែង ​​បាននាំ​យកអំណោយជា​ថវិកា​​​​​​​​របស់​លោក​​​ហ៊ីង ​សុជាតិ ​​​នៅរដ្ឋ​អូហៃយ៉ូ ​សហ​រដ្ឋ​អាមេរិក ​​ដែលផ្ញើ​តាមរយៈ​​លោក​ណុប ច័ន្ទ​ដារ៉ា​ សហការី​កោះសន្តិភាព​​​នៅក្រុង​​ឡង​ប៊ិច​​​ ទៅ​ជូនដល់​ដៃ​លោក​យ៉ុន សាមិត្ត ដែល​ត្រូវជា​​ឪពុក​​​របស់ទារក​​​​កំសត់​​​​ដែល​​កើត​​មក​​ទើបតែ​​​បាន​១២​ថ្ងៃ ​​ត្រូវម្តាយ​ស្លាប់​ចោល​​​កាលពីថ្ងៃទី​​​​​១ សីហា ​​កន្លង​​មក នៅ​ភូមិ​​បាទី ឃុំ​ពាមរក៍ ស្រុក​ពាមរក៍។ ​​នេះ​ជា​អំណោយ​​លើកទី​​៣​ហើយ ​​ដែល​លោក​​​យ៉ុន សាមិត្ត ​​​បានទទួល​​​តាមរយៈ​សារ​ព័ត៌​មាន​កោះ​សន្តិភាព​​។

លោកយ៉ុន សាមិត្ត មានសេចក្តី​រីករាយ​​​​ត្រេកអរ​​ជា​ខ្លាំង ​​ហើយ​លោក​បានថ្លែង​​​​នូវអំណរ​គុណ​​​ដល់​លោក​អ្នក​​ជា​សប្បុរស​​ជនទាំង​​ឡាយ​​ដែល​បានផ្តល់ថវិកា​​​​មក​លោក​​ដើម្បីទិញ​ទឹកដោះ​គោ​ឱ្យ​កូន​បៅ​​នៅ​​ពេលនេះ។​ លោក​បាន​​លើក​ម្រាម​ដៃ​​​​​​​១០​​សំពះ​​បួងសួង​ សុំ​ឱ្យ​ទេវតា​ ព្រមទាំង​​​វត្ថុស័ក្តិសិទ្ធិ​​ក្នុងលោក​​​​ ​តាមជួយ​​​ថែរក្សា​​ក្រុម​គ្រួសារ​​​អស់​​​​លោក​​អ្នកជា​​​​សប្បុរស​ជនទាំងអស់​​​សុំ​ឱ្យជួបតែសេច​ក្តី​​​សុខ​គ្រប់​​ប្រការ និង​​​សូមជួប​ពុទ្ធ​ពរ​​​​​ទាំង​​​៤ប្រការ​ ​​អញ្ជើញ​​​ទៅណា​មក​​ណា​សុំ​ឱ្យ​​ជួបតែ​សុខ​​​ចម្រើន​​​​ជានិច្ច​​និរន្ត​​រ៍​។

លោកយ៉ុន សាមិត្ត ​​បាន​បន្ត​ថា ​​តាំង​ពី​ប្រពន្ធ​ស្លាប់​ទៅ ​​លោក​មេឃុំ​​បាន​​ចូលបុណ្យ​​​​​៥ម៉ឺន​រៀល ​លោកស្រី​​​​សេង ​ទៀង អភិបាល​​រង​ស្រុក​ជួយ​​ឧបត្ថម្ភ​​១២ម៉ឺន​រៀល ​ក្រៅពីនេះ​​មាន​ថវិកា​​​របស់​អស់​លោក​​​​ជា​សប្បុរសជន​​ ដែលលោក​​បាន​ផ្តល់​ជូន​​​​ហូរហែ​ តាមរយៈ​សារព័ត៌​មាន​​កោះសន្តិ​ភាព ដែលមានលោក​​​​​ឧកញ៉ា​ថុង អ៊ុយប៉ាង ​ព្រម​ទាំង​សហការី​ទាំងអស់ ​បានជួយ​ផ្សព្វផ្សាយ​​ដល់​សប្បុរស​​​ជន​​ឱ្យ​លោក​ជួយ​ឧបត្ថម្ភ​​​​ជា​បន្ត​បន្ទាប់​​​។​ ​នេះ​ជា​​​ការ​​ចូលរួម​​​ជួយ​រំលែកនូវ​សេចក្តី​​ទុក្ខ​លំបាក​​មួយយ៉ាង​​​​ធំធេងពីសំណាក់​​អស់​លោក​ជា​​​សប្បុរសជន​​​​។

លោកយ៉ុន សាមិត្ត ​​គ្រោង​ធ្វើ​បុណ្យ​​សូត្រ​មន្ត​ឱ្យ​​​​សព​ប្រពន្ធ​​​របស់គាត់ ​​​ដើម្បី​​​ឧទ្ទិស​​មគ្គ​ផល​​ជូន​ដល់​អស់​លោក​​អ្នក​​ជា​សប្បុរស​ជន​​​​ផងដែរ​។​​អ្វី​ដែល​​​​គាត់​រំភើប​រីករាយនោះ គឺ​​កូនតូច​របស់​គាត់​ដែលម្តាយ​​បានស្លាប់​​ទៅ​​គេ​​នឹង​មានទឹក​ដោះ​គោ​បៅ​​បន្តទៀត​ហើយ​៕

សប្បុរសធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ