ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ឡើង​លើ​​​មិនតិច​ជាង​5​គ្រាប់​​បំបែក​​ក្រុម​ស្រវឹង​​ឡូឡា

13 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​​​ស្នូរគ្រាប់កាំភ្លើង​បានផ្ទុះ​ឡើងមិនតិចជាង៥គ្រាប់នៅ​វេលា​ម៉ោង​ជិត​១០​ យប់ថ្ងៃទី២៩ សីហា នៅ​ចំណុច​ខាង​ជើង​វិទ្យា​ល័យព្រះសីហនុ ក្រុងកំពង់​ចាម បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​ ហើយ​នគរ​បាលព្រហ្មទណ្ឌខេត្ត និង​កងរាជអាវុធហត្ថខេត្តបានទៅ​កាន់​ចំណុច​​​នោះ​ភ្លាម ។

ខេត្តកំពង់ចាម ៖ ​​​ស្នូរគ្រាប់កាំភ្លើង​បានផ្ទុះ​ឡើងមិនតិចជាង៥គ្រាប់នៅ​វេលា​ម៉ោង​ជិត​១០​យប់ថ្ងៃទី២៩ សីហា នៅ​ចំណុច​ខាង​ជើង​វិទ្យា​ល័យព្រះសីហនុ ក្រុងកំពង់​ចាម បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​ ហើយ​នគរ​បាលព្រហ្មទណ្ឌខេត្ត និង​កងរាជអាវុធហត្ថខេត្តបានទៅ​កាន់​ចំណុច​​​នោះ​ភ្លាម ។

តាមការពិតស្នូរ​​កាំភ្លើង​​នោះគឺទាហាន​​​បាញ់​ឡើងលើ ដើម្បី​បំបែក​ក្រុម​ស្រវឹង​ដែលដើរ​ស្រែក​បង្កភាពអនាធិប​តេយ្យនៅលើផ្លូវសាធារណៈ​។  លោកវរ​សេនីយ៍​ត្រី​សុក សំបូរ នាយការិយា​ល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរ​បាលខេត្តប្រាប់កោះសន្តិភាពថា បន្ទាប់ពី​មាន​ស្នូរ​ផ្ទុះមួយសន្ទុះលោកវរសេនីយ៍ឯកជឹម សេងហុង ស្នង​ការរងនគរបាលខេត្ត​ទទួល​ផែនកណ្តាលយុត្តិធម៌បញ្ជារូបលោកដឹកនាំកម្លាំងក្រោមឱវាទទៅស្រាវជ្រាវដល់កន្លែង​កើត​ហេតុ ។

មិនឃើញមានវត្ថុតាងណាមួយបន្សល់​ទុក​នៅកន្លែងកើតហេតុនោះទេ ខណៈជន​បង្ក​គេចខ្លួនបាត់ទៅហើយ។​គេសង្ស័យ​ថា ការ​បាញ់​នោះ​​ដោយកាំភ្លើង AK ម្យ៉ាងទៀតការផ្ទុះ​អាវុធ​នោះសង្ស័យមានជម្លោះផ្ទៃក្នុងណាមួយដោយ​ទប់កំហឹងមិនបាន ។

លោកវរសេនីយ៍ត្រីសំ ផាត អធិការ​នគរ​បាល​​ក្រុងកំពង់ចាមប្រាប់ឱ្យដឹង​ថា ក្រុម​ស្រវឹងប្រមាណ​៥នាក់ចេញពីហាងផឹក​ស៊ី១​នៅ​ក្នុងក្រុងកំពង់ចាម​ពេលដល់ត្រង់​មុខវិទ្យា​ល័យ​ព្រះសីហនុក្បែរ​បន្ទាយទាហានឮសូរប្រកែក​គ្នាបង្កភាពអនាធិបតេយ្យនៅលើផ្លូវសាធារណៈ ។  រំពេចនោះទា​ហាន​ម្នាក់​ដែល​យាម​ប្រចាំ​​ការឃើញក៏​ហៅ​​ឱ្យឈប់​តែមិនព្រម​ឈប់​ទើបបាញ់បង្ហើរ​ឡើងលើមិនតិចជាង៥​គ្រាប់​ដើម្បី​បំបែកក្រុមស្រវឹងនោះធ្វើឱ្យម្នាក់ៗរត់គេច​ខ្លួនអស់ទៅ  ។ គេមិនស្គាល់អត្តសញ្ញាណ​ជន​ស្រវឹង​ទាំងនោះទេ គ្រាន់​តែដឹងថារស់នៅ​ស្រុក​កំពង់សៀម ។

លោកទុំ លឹមយុន នាយកវិទ្យាល័យព្រះសី​ហនុ ក្រុងកំពង់ចាមមានប្រសាសន៍​តាម​ទូរ​ស័ព្ទ​ថា មានបុរសចំនួន៣នាក់ជិះម៉ូតូ១​គ្រឿងទាំង​ស្រវឹងដោយនៅ​ក្នុងដៃ​មានកាន់ដែក​បំពង់​ទីប​អូសតាមផ្លូវថ្នល់បែកផ្កាភ្លើង និងស្រែក​ឡូឡា​ទៀតផង ។ ឃើញ​បែបនេះទាហានដែល​យាម​ប្រចាំការស្រែក​សួរ​ ហើយត្រូវជនទាំងនោះតប​វិញថា «ស្អី! តាមផ្លូវអូសមិនបាន?» ។ ពេល​ជិះម៉ូតូទៅដល់ត្រង់ផ្លូវបំបែកខាងក្រោយសាលា​ក្បែរស្ថានីយលក់ប្រេង ជន២នាក់ក្នុងចំណោម​៣​នាក់​នោះបានដើរត្រឡប់មកវិញទាំងក្នុង​ដៃ​មាន​កាន់​ដែកបំពង់ទីប ដូច្នេះដើម្បី​បញ្ចៀស​បញ្ហា ទើបទាហានបាញ់បង្ហើរឡើងលើបំបែក​ក្រុមនោះ ។ ក្នុងចំណោមជនស្រវឹង​៣នាក់​នោះ​មាន​២នាក់ទើបចេញពី​គុកជាកម្មករ​លាងរថយន្ត​នៅទន្លេអុំ។ ក្រោយពេលកើត​ហេតុ​ថៅកែ​លាង​រថយន្តបណ្តេញ​ពួកគេចេញ​ ហើយ​ពេលនេះ គេច​ខ្លួនបាត់ហើយ ៕