ខេត្តបាត់ដំបង ៖ ហាងលក់គ្រឿងអគ្គិសនីដ៏ធំមួយកន្លែង ដែលមានយីហោ «វេង ពិសី» ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់ នៅវេលាម៉ោង៣រសៀលថ្ងៃទី០៤ ខែកក្កដានេះ ប៉ុន្តែភ្លាមៗនោះ មន្ត្រីជំនាញ នៅមិនទាន់ដឹងអំពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យដ៏សន្ធោសន្ធៅនេះកើតឡើងនៅឡើយទេ ។
បើតាមព័ត៏មានបឋមពីសមត្ថកិច្ច បានឲ្យដឹងថា ហាងលក់គ្រឿងអគ្គិសនីនោះ យីហោ «វេង ពិសី» ជាផ្ទះថ្ម ចំនួន០២ល្វែង មានកម្ពស់០៣ជាន់ មានលក់ទំនិញភាគច្រើនជា«គ្រឿងអគ្គិសនី» ហើយត្រូវអគ្គិភ័យឆេះអស់ស្ទើរទាំងស្រុងតែម្ដង ។
បើតាមព័ត៏មានបឋមពីសមត្ថកិច្ច ដែលបានចុះអន្តរាគមន៏ បានប្រាប់បន្តថា កម្លាំងសមត្ថកិច្ច បានប្រើប្រែងជួយរំដោះអីវ៉ាន់ចេញពីក្នុងហាងបានមួយចំនួនតូចប៉ុណ្ណោះ ខណៈរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ជួយបាញ់ពន្លត់ និងបាញ់ទប់ស្កាត់ កុំឲ្យឆេះរាលដាលទៅកាន់ផ្ទះល្វែងដទៃទៀត ។
ប្រភពដដែលបានបន្តទៀតថា ទំនិញនានា និងគ្រឿងអគ្គិសនី ដែលដាក់តាំងលក់ពេញផ្ទះ និងគ្រប់ជាន់ទាំងអស់ តែអីវ៉ាន់ ដែលជួយរំដោះបានមួយចំនួន រំដោះបានតែនៅជាន់ក្រោមតែប៉ុណ្ណោះ រីឯនៅជាន់ខាងលើៗ អាចត្រូវភ្លើងឆេះទាំងស្រុងតែម្ដង។ ប៉ុន្តែយ៉ាងណា ពេលនេះគេមិនទាន់ដឹងពីទំហំ នៃការខូចខាតនៅឡើយទេ ហើយទាំងម្ចាស់ហាង ទាំងមន្ត្រីជំនាញ បាននិងកំពុងត្រូវពិនិត្យ និងធ្វើការស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យកើតមានអគ្គិភ័យដ៏មហន្តរាយនេះ ៕






















ចែករំលែកព័តមាននេះ