រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីក្លែងបន្លំតេឡេក្រាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើការឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី ។
យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅថ្ងៃទី០៤ កក្កដា ២០២៥នេះ ក្រោមបញ្ជាដឹកនាំរបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេឡេក្រាមថ្នាក់ដឹកនាំនានា ដើម្បីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី មានទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លារអាមេរិក ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងបន្តថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ភេទប្រុស ជនជាតិខ្មែរ ដែលជាអ្នកទទួលប្រាក់ពីការឆបោកជនរងគ្រោះ។ តាមរយៈការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣រូបបន្ថែមទៀត ប្រុស០២រូប ជនជាតិរុស្សី និងស្រី០១រូប ជនជាតិខ្មែរ ដែលជាអ្នកធ្វើសកម្មភាពទទួលប្រាក់បន្តពីជនសង្ស័យខាងលើ និងបន្តប្តូរប្រាក់ជារូបិយប័ណ្ណអេឡិចត្រូនិច។
បច្ចុប្បន្ន ជនសង្ស័យ០៤រូបខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញផ្សេងៗអោយបានហ្មត់ចត់ជាមុន ចៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ ៕




ចែករំលែកព័តមាននេះ