រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានបាត់ម៉ូតូនៅកន្លែងទទួលផ្ញើរម៉ូតូយកលុយ បែរជាអ្នកទទួលកិបសំបុត្រនោះអត់ទទួលខុសត្រូវ ពេលចប់ម៉ោងក៏នាំគ្នាទៅបាត់អស់ ។ ដោយសារបែបនេះ ម្ចាស់ម៉ូតូមិនសុខចិត្តក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៩និង៣៥នាទីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ នៅកន្លែងផ្ញើម៉ូតូតាមផ្លូវជាតិលេខ៤ ជាប់ខ្លោងទ្វារវត្តស្ងួនពេជ្រ កន្លែងប្រដាល់គុនខ្មែរអន្តរជាតិ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។
យុវជនជាម្ចាស់ម៉ូតូឈ្មោះ ណៃ ពន្លក ភេទប្រុស អាយុ១៧ឆ្នាំ ជាជាងកាត់សក់ រស់នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និយាយថា ម៉ូតូដែលបាត់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប១AQ-២៩៣១ ។ នៅយប់ថ្ងៃនោះ ខ្លួនបានឌុបមិត្តស្រីចេញពីផ្ទះនៅម្ដុំព្រែកព្នៅ ទៅមើលប្រដាល់គុនខ្មែរនៅកន្លែងខាងលើ ដោយផ្ញើម៉ូតូនៅកន្លែងទទួលកិបសំបុត្រយកលុយមួយកន្លែងរួចហើយដាក់សំបុត្រនោះនៅក្នុងកែបម៉ូតូ ។

យុវជនរូបនេះរៀបរាប់ទៀតថា លុះនៅវេលាម៉ោងជាង៩យប់ ដោយសារមនុស្សច្រើនពេក
ក៏នាំគ្នាត្រឡប់មកយកម៉ូតូវិញ ដើម្បីជិះចេញទៅផ្ទះ ស្រាប់តែរកម៉ូតូមិនឃើញ និងឲ្យអ្នកទទួលកិបសំបុត្រជួយរកទៀតក៏នៅតែមិនឃើញ។
បន្ទាប់មក ក្រុមអ្នកទទួលកិបសំបុត្រប្រាប់ថាចាំពេលដែលគេចេញទៅអស់ចាំរកម្ដងទៀត ប៉ុន្តែនៅពេលផុតម៉ោង ក្រុមអ្នកទទួលកិបសំបុត្រទាំងនោះបាននាំគ្នារើអីវ៉ាន់ទៅបាត់អស់ដោយមិនទទួលខុសត្រូវលើការបាត់ម៉ូតូនោះទេ។ ក្រោយពេលកើតហេតុ យុវជនជាម្ចាស់ម៉ូតូបានទាក់ទងទៅបងប្អូនឲ្យមកយក រួចហើយនាំគ្នាទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទោក ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកអ្នកទទួលកិបសំបុត្រ មកដោះស្រាយតាមផ្លូវ
ច្បាប់ ៕


ចែករំលែកព័តមាននេះ