រាជធានីភ្នំពេញ ៖ របងថ្មស្ថិតនៅក្នុងដីឡូត៍លេខ៥៣ ក្នុងតំបន់អភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ក្នុងសង្កាត់ទួលសង្កែ ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចុះទៅវាយកម្ទេចចោលកាលពីព្រឹកថ្ងៃទី៣០ សីហា ដោយចោទប្រកាន់ថា ការសាងសង់របងថ្ម និងផ្ទះឈើប្រក់ស័ង្កសី នោះរំលោភលើដីទំនាស់រវាងឈ្មោះឱម នី និងគ្រួសារលោកគង់ ទី ។ ទោះបីជាយ៉ាងណាម្ចាស់របងឈ្មោះងិន សុជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ ជាមន្ត្រីយោធាមានលំនៅផ្ទះលេខ២៧៦ ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ មានប្រតិកម្មចំពោះអាជ្ញាធរខណ្ឌឫស្សីកែវ និងបានអះអាងថា របងនេះ រូបគាត់សាងសង់លើដីដែលគាត់ទិញស្របច្បាប់ ។
ម្ចាស់របងនិយាយថា ការចុះរុះរើវាយរបងពីអាជ្ញាធរខណ្ឌឫស្សីកែវនេះ បានធ្វើឡើងខុសនីតិវិធីច្បាប់ ព្រោះស្ថិតនៅក្នុងការប្តឹងទៅសាលាឧទ្ទរណ៍នៅឡើយ ។ តាមមន្ត្រីសាលាខណ្ឌឫស្សីកែវមួយរូបបានឱ្យដឹងថា ការចុះអនុវត្តវាយរបងនេះគឺធ្វើឡើងទៅតាមសេចក្តីជូនដំណឹងរបស់លោកឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ ដោយឈ្មោះងិន សុជាតិ បានលួចសាងសង់របងរំលោភលើដីឡូត៍ដែលពាក់ព័ន្ធទំនាស់រវាងលោកឱម នី និងគ្រួសារលោកគង់ ទី ។
នៅក្នុងលិខិតដែលជំរាបទៅលោកងិន សុជាតិ របស់លោកឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ចំពោះការសាងសង់ផ្ទះប្រក់ស័ង្កសីមានទំហំ៣ម៉ែត្រ គុណ៥ម៉ែត្រ និងរបងថ្មរបស់លោកស្ថិតនៅដីឡូត៍លេខ៥៣ ស្ថិតនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ គឺបានលបលួចសាងសង់រំលោភលើដីឡូត៍ជាប់ពាក់ព័ន្ធដីទំនាស់រវាងលោកឱម នី និងលោកគង់ ទី ដែលស្ថិតនៅក្នុងសមត្ថកិច្ចអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លីកំពុងធ្វើការដោះស្រាយ ។ ដូចនេះជាថ្មីម្តងទៀត និងជាលើកចុងក្រោយសាលាខណ្ឌតម្រូវឱ្យលោករុះរើផ្ទះឈើប្រក់ស័ង្កសីមានទំហំ៥ម៉ែត្រគុណ៣ម៉ែត្រ និងរបងចេញពីដីទំនាស់ ។ ក្នុងករណីរឹងរូសសាលាខណ្ឌ និងចាត់វិធានការណ៍រដ្ឋបាលចុះរុះរើដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ ។ ចំណែកលោកងិន សុជាតិ ដែលជាម្ចាស់ផ្ទះ បានមានប្រតិកម្មថា ដីនេះរូបគាត់បានទិញដោយស្របច្បាប់ពីឈ្មោះជៀប ថន ភេទស្រី អាយុ៥៧ឆ្នាំ តាំងពីឆ្នាំ២០០៧ ដោយមានការដឹងឮពីអាជ្ញាធរសង្កាត់គីឡូម៉ែត្រលេខ៦ ។
លោកងិន សុជាតិ បានចោទប្រកាន់ថា ការចុះវាយរបង និងរុះរើផ្ទះនេះ គឺជាការឃុបឃិតគ្នារំលោភយកដីរបស់កាត់ ។ ម្យ៉ាងទៀតការចុះអនុវត្តន៍រុះរើវាយរបងនេះ មិនមែនធ្វើឡើងតាមសាលក្រមរបស់តុលាការឡើយ គឺអនុវត្តន៍តាមដីការបស់សាលាខណ្ឌឫស្សីកែវ ដែលខុសនីតិវិធីដែលរូបគាត់កំពុងប្តឹងទៅឧទ្ទរណ៍នៅឡើយ ។
គួរបញ្ជាក់ថា ដីតំបន់អភិវឌ្ឍន៍ឫស្សីកែវ មានទំនាស់មិនឈប់ឈរ ដោយសារការទិញលក់តៗគ្នាជាន់លើដីអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ