រាជធានីភ្នំពេញ ៖ ក្រសួងការបទេសកម្ពុជាបានអំពាវនាវឱ្យប្រទេសថៃគោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួនតាមសន្ធិសញ្ញា រួមទាំងក្នុង MoU 2000 និងច្បាប់អន្តរជាតិ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥បានលើកឡើងថា បានកត់សម្គាល់នូវសេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែន កម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែល ប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាសូមធ្វើការបំភ្លឺលើបញ្ហាថា កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការដោះស្រាយជម្លោះព្រំដែន ដោយ សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ។ ការប្រតិបត្តិរបស់កម្ពុជាពាក់ពន្ធ័នឹងបញ្ហាព្រំដែននេះ ផ្អែកលើភាពស្មោះត្រង់ ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្នុងការអនុវត្តសន្ធិសញ្ញា និងគោលការណ៍សមភាពអធិបតេយ្យ និងការដោះស្រាយ វិវាទដោយសន្តិវិធី ដូចមានចែងក្នុងធម្មនុញ្ញង្គការសហប្រជាជាតិ។
ក្រសួងបានលើកឡើងទៀតថាជាការចាំបាច់ដែលត្រូវគូសបញ្ជាក់ថា ប្រទេសថៃបានខកខានម្តងហើយម្តងទៀតក្នុងការបំពេញកាតព្វកិច្ច ស្នូលរបស់ខ្លួនក្រោម MoU 2000 ជាពិសេសលើមាត្រា១ ដែលបញ្ជាក់យ៉ាងច្បាស់ថា ផែនទីផលិតដោយ គណៈកម្មការបារាំង-សៀមសម្រាប់ខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម គឺជាមូលដ្ឋានសម្រាប់ការ កំណត់ព្រំដែននៃប្រទេសកម្ពុជា និងថៃ។ តែផ្ទុយពីការប្តេជ្ញាចិត្តចំពោះចំណងកាតព្វកិច្ចនេះ ថៃបានបន្ត ទទូចប្រើប្រាស់ និងបានប្រើប្រាស់ផែនទីគូសដោយឯកតោភាគី ដើម្បីទាមទារទឹកដី និងទន្ទ្រានចូល ទឹកដីកម្ពុជា។ ទង្វើទាំងនេះគឺជាការបំពានលើច្បាប់អន្តរជាតិ និង MoU 2000 ដែលនៅតែជាចំណង កាតព្វកិច្ចតាមច្បាប់របស់រដ្ឋទាំងពីរ។
ក្រសួងការបទេសបានអញអាងថា ការសម្រេចរបស់កម្ពុជាក្នុងការបញ្ជូនវិវាទទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាការថ្លឹងថ្លែងផ្អែកលើមូលដ្ឋាន ច្បាប់ និងជាការឆ្លើយតបដោយសន្តិវិធីចំពោះការបន្តរំលោភលើ MoU 2000 ដោយភាគីថៃ ការប្រើប្រាស់ កម្លាំងប្រដាប់អាវុធ អំពើញុះញង់ និងការបង្ហាញពីកង្វះឆន្ទៈក្នុងការគោរពក្របខណ្ឌ សម្រាប់ការងារខណ្ឌសីមាព្រំដែនរួម។ តុលាការយុត្តិធម៌អន្តរជាតិ ដែលជា ស្ថាប័នស្នូលរបស់អង្កការសហប្រជាជាតិ គឺជាវេទិកាដែលមានការទទួលស្គាល់ និងស្របច្បាប់សម្រាប់ ការវិនិច្ឆ័យលើវិវាទផ្លូវច្បាប់អន្តរជាតិរួមទាំងបញ្ហាព្រំដែនជាពិសេសករណីដែលយន្តការទ្វេរភាគីបានជាប់គាំងដោយសារតែការរំលោភជាបន្តបន្ទាប់លើ MoU 2000 ដោយភាគីម្ខាង ។
ក្រសួងការបទេសបានបញ្ជាក់ថា«ហេតុនេះ កម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃគោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួនតាមសន្ធិសញ្ញា រួមទាំងក្នុង MoU 2000 ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបានប្រព្រឹត្តជាក់ស្តែង និងចូលរួម ដោយស្ថាបនាក្នុងការដោះស្រាយវិវាទតាមសន្តិវិធី រួមទាំងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលមាន ការទទួលស្គាល់ថាជាយន្តការច្បាប់អន្តរជាតិ» ៕
ចែករំលែកព័តមាននេះ