ខណ:ដែលរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបប្រជុំនៅទីក្រុងគូឡា ឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ និង១១ ខែកក្កដានោះ ជម្លោះព្រំដែនកម្ពុជា និងថៃទំនងជានឹងត្រូវលើកឡើងពិភាក្សា ។ នេះបើយោងតាមអ្នកវិភាគនយោបាយដោយផ្អែកទៅលើចេតនារបស់អាស៊ាន នៅក្នុងការរក្សាសន្តិភាពនៅក្នុងតំបន់ ។
អ្នកវិភាគនយោបាយបាននិយាយថា កន្លងមកនាយករដ្ឋមន្ត្រីម៉ា ឡេស៊ី និងនាយករដ្ឋមន្ត្រី សិង្ហបូរី បានសម្តែងការចាប់អារម្មណ៍នឹងរឿងនេះដោយបានទំនាក់ទំនង និងជួបពិភាក្សាជាមួយមេដឹកនាំកម្ពុជាផងដែរ ។
បន្ទាប់ពីទស្សនកិច្ចនៅកម្ពុជា កាលពីសប្តាហ៍មុនលោក ឡាវរ៉ង់ វ៉ុង Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបូរី បានសរសេរតាមបណ្តាញសង្គមរបស់លោកថា ភាគីកម្ពុជា និងថៃ ត្រូវរក្សាភាពអត់ធ្មត់ ហើយកាត់បន្ថយស្ថានភាព និងពិភាក្សាគ្នាដោះស្រាយបញ្ហានេះដោយមិត្តភាព និងអនុលោមតាមច្បាប់អន្តរជាតិ ។
លោកបាននិយាយបន្ថែមទៀតថា នៅក្នុងពិភពលោក ដែលមានមានភាពមិនប្រាកដប្រជា ប្រទេសអាស៊ាន មិនអាចធ្វើអោយជម្លោះបង្កអោយយើងបែកបាក់ឡើយ ។ វាជាផលប្រយោជន៍រួម ដែលត្រូវសហការគ្នាដើម្បីរក្សាសន្តិភាពពង្រឹងស្ថេរភាពតំបន់ និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ខណ:ដែលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងនឹងធ្វើឡើង ពីថ្ងៃទី៨ ដល់១១ ខែកក្កដា ។
អ្នកវិភាគនិយាយថា ដោយពិចារណាពីក្តីកង្វល់របស់សមាជិកអាស៊ានចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃនោះពួកគេទំនងជានឹងលើកឡើងអំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំនៅទីក្រុងគូឡា ឡាំពួរ ដើម្បីជួយកម្ពុជា និងថៃ ដោះស្រាយជម្លោះជាមួយគ្នាដោយសន្តិវិធី ។ ដូច្នេះនៅពេលនោះកម្ពុជានឹងប្រកាសជាថ្មីអំពីជំហរដ៏ច្បាស់លាស់របស់ខ្លួនក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ។
នៅថ្ងៃទី៧ ខែកក្កដា ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ដោយនិយាយថា កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញាអាស៊ាន និងអនុសារណ:នៃការយោគយល់គ្នា ឆ្នាំ២០០០ ៕
ចែករំលែកព័តមាននេះ