ទីក្រុងវ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដែលហក់ឡើងយ៉ាងឆាប់រហ័សនៅរដ្ឋតិចសាសន៍ ប្រទេសអាមេរិកនោះឥឡូវនេះកើនឡើងដល់៨១នាក់ហើយគិតតែសាកសពជនរងគ្រោះដែលបានរកឃើញតែប៉ុណ្ណោះ។ ក្រៅពីនេះ មនុស្សយ៉ាងតិច៤១នាក់ទៀតនៅបាត់ខ្លួននៅឡើយ ហើយមិនទាន់ដឹងថាតើពួកគេមានជោគវាសនាយ៉ាងណានោះទេ។
គ្រោះទឹកជំនន់នេះកើតឡើងកាលពីថ្ងៃសុក្របន្ទាប់ពីមានខ្យល់កន្ត្រាក់ដ៏ធំមួយ និងមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកទន្លេក្វាដាលូផេ (Guadalupe) ឡើងលិចច្រាំង និងលិចកន្លែងបោះជំរំរបស់និស្សិតដែលធ្វើដំណើរកម្សាន្តវិស្សមកាលរដូវក្ដៅ។ អាជ្ញាធរប្រាប់ថាជនមនុស្ស៦៨នាក់បានស្លាប់នៅតំបន់ខឺ (Kerr)។ នៅក្នុងចំណោមនោះ ២៨នាក់ជាកុមារ២៨។
នៅទីនេះ នារីវ័យក្មេងៗដែលជាអ្នកគ្រីស្ទានបានទៅបោះជំរំដើម្បីសម្រាកលំហែកាយ។ ដោយទឹកទន្លេហក់ឡើងឆាប់រហ័សពេកធ្វើឱ្យពួកគេមិនអាចជម្លៀសខ្លួនទាន់ពេលវេលាបានឡើយ។ ស្របពេលជាមួយគ្នានោះ ទឹកជំនន់នេះមិនមែននៅនឹងថ្កល់ទេ។ សាក្សីនិយាយថាទឹកហូរត្របាញ់គ្នានាំយករថយន្តទាំងគ្រឿងៗទៅជាមួយ។ មនុស្សជាច្រើននាក់ក៏រសាត់ទៅតាមខ្សែទឹកហូរផងដែរ។
គេរកឃើញសាកសពជនរងគ្រោះ៥នាក់នៅតំបន់ត្រាវីស (Travis), រកឃើញ៣នាក់នៅបឺណិត (Burnet), រកឃើញ២នាក់នៅវីលាមសុន (Williamson), រកឃើញ២នាក់នៅខេនដាល (Kendall) និងរកឃើញម្នាក់នៅថំហ្គ្រីន (Tom Green)។ តួលេខអ្នកស្លាប់អាចនឹងប្រែប្រួលព្រោះក្រុមអ្នកស្វែងរក និងជួយសង្គ្រោះនឹងរកឃើញសាកសពជាបន្តបន្ទាប់ទៀត។ ហេតុនេះអាជ្ញាធរហ៊ានធានាអះអាងចំនួនអ្នកស្លាប់នឹងកើនឡើងច្រើនជាងនេះ។ ខាងលើនេះជាការដកស្រង់ប្រភពពីប៊ីប៊ីស៊ី (BBC)៕
ចែករំលែកព័តមាននេះ