ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមរស់នៅក្នុងភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបន្តមរតកធ្វើ«សាជី»ពីដូនតារហូតដល់បច្ចុប្បន្ន ។

អ្នកស្រី ម៉ៃ នះ ជាគ្រូបង្គោលក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញដូនតាធ្វើ «សាជី» បានបញ្ជាក់ថា បច្ចុប្បន្ន នៅផ្ទះអ្នកស្រីមានសិស្សចំនួន៩នាក់ ដែលកំពុងតែបណ្ដុះបណ្ដាល យកជំនាញធ្វើ«សាជី»បន្តមរតកពីដូនតា ។

អ្នកស្រីគ្រូបង្គោលក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ន ថ្វីបើមានការផលិតរបស់ធ្វើអំពីជ័រ សម្រាប់ធ្វើគម្របគ្របម្ហូបអាហារយ៉ាងណាក្តី ក៏ជនជាតិខ្មែរអ៊ិស្លាមនៅតែបន្តប្រើប្រាស់«សាជី»ដែលជាវប្បធម៌ប្រពៃណីរបស់ខ្មែរអ៊ិស្លាមតាំងពីដូនតា ។ សព្វថ្ងៃ គ្រួសារអ្នកស្រីក៏បានធ្វើ«សាជី»លក់ផងដែរ ដោយមានតម្លៃចាប់ពី១៥០០០រៀល រហូតដល់៦០០០០ ម៉ឺនរៀល តាមតូចតាមធំ ហើយក៏មានអតិថិជនកម្មង់ច្រើនណាស់ដែរ ខ្លះពី២០ទៅ៣០ «សាជី» ប៉ុន្តែភាគច្រើនកម្មង់យកធុនតូច ដែលមានតម្លៃត្រឹម១ម៉ឺន៥ពាន់រៀល ។

ឧបករណ៍«សាជី»នេះ គឺសម្រាប់ប្រើប្រាស់ក្នុងការគ្របនំចំណីអាហារដាក់លើថាសការពារកុំឲ្យរុយរោម ហើយក្នុងពិធីបុណ្យសាសនាអ៊ិស្លាមក៏ត្រូវបានប្រើ«សាជី»នេះច្រើនណាស់ដែរ ។
លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកស្រី ម៉ៃ នះ គឺជាគ្រូបង្គោលបណ្ដុះបណ្ដាលជំនាញដូនតានៅឆ្នាំ២០២៥ នេះ ដោយបច្ចុប្បន្នមានសិស្សសរុបចំនួន៩នាក់ ដែលកំពុងទទួលវគ្គបណ្ដុះបណ្ដាលលើកទី២ ដែលចាប់ផ្ដើមចូលរៀនកាលពីដើម ខែឧសភា ឆ្នាំ២០២៥ នេះផងដែរ ។

ដោយសារប្រពៃណីរបស់ខ្មែរអ៊ិស្លាមក្នុងពិធីបុណ្យទាន គេត្រូវការប្រើប្រាស់សាជីទើបពួកគាត់នៅបន្តមរតកនេះ រហូតមកដោយមិនប្រើប្រាស់ផលិតផលដូចជាកញ្ច្រែង ឬគម្របធ្វើអំពីជ័រនោះឡើយ។






ចែករំលែកព័តមាននេះ