ខេត្តក្រចេះ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកាលពីរសៀលថ្ងៃទី៦ កក្កដា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យម្នាក់ទៅពន្ធនាគារដាក់ឃុំឃាំងជាបណ្តោះអាសន្នក្រោយការឃាត់ខ្លួនដោយកម្លាំងសមត្ថកិច្ចក្នុងអំពើឃាតកម្មមិនបានសម្រេចដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ស្ថិតនៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះលោកឧត្តមសេនីយ៍ត្រី ហន ប៉ូច អោយដឹងថា៖ ជនសង្ស័យក្នុងករណីខាងលើ ឈ្មោះ ស៊ុន រតនា ។
ក្រោយឃាត់ខ្លួន ជនសង្ស័យជាម្ចាស់បំណុលបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកាំបិតផ្គាក់ ដាក់តាមខ្លួនជិះម៉ូតូ កាប់ទៅលើជន រងគ្រោះឈ្មោះ ម៉ាត់ ជុ ត្រូវចំកញ្ចឹង ក ផ្នែកខាងក្រោយ បណ្តាលឲដួលសន្លប់ផ្គាប់មុខនៅលើថ្នល់ប្រាកដមែន ។ មូលហេតុដោយសារខ្លួនខឹងជនរងគ្រោះ ជំពាក់ចំនួន៨ម៉ឺនរៀល មិនព្រមសង។
គួរបញ្ជាក់ថា កាលពីថ្ងៃទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ស្ថិតនៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មានករណីឃាតកម្មមិនបានសម្រេច ប្រព្រឹត្តដោយបុរសម្នាក់ប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើបុរសម្នាក់ទៀតត្រូវចំកញ្ចឹង.ក បណ្តាលអោយរងរបួសធ្ងន់។
បន្ទាប់គេចខ្លួនបានជិតមួយសប្តាហ៍ក៏ត្រូវកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្នួលសហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះឡោមព័ទ្ធឃាត់ខ្លួនដល់ទីតាំងលាក់ខ្លួននារសៀលថ្ងៃទី៤កក្កដា ឆ្នាំ២០២៥ ។
ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានចាប់យកសំភារៈវត្ថុតាងរួមមាន៖កាំបិតផ្គាក់ដងខ្លី០១ដើម,ទូរស័ព្ទ០១គ្រឿង ម៉ាក អ៉ិនចុចពិល ពណ៌ផ្ទៃមេឃ និង ម៉ូតូចំនួន០១ គ្រឿង ម៉ាកវ៉េវRSX ពណ៌ក្រហម (គ្មានផ្លាកលេខ)។
បច្ចុប្បន្នជនសង្ស័យដែលជាម្ចាស់បំណុលត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ៕



ចែករំលែកព័តមាននេះ