រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅផ្លូវលេខ១០៥ខេ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីយុវជនម្នាក់ជាអ្នកដឹកជញ្ជូនបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូស្គូពីមួយគ្រឿង ហើយបានឃើញរថយន្តមួយគ្រឿងម៉ាកតូយូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO-3925 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥k ទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូ PCX ១គ្រឿងធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ១០៥K ក្នុងទិសដៅបញ្ជ្រាសទិសគ្នាជាមួយរថយន្ត ក៏ត្រូវបានរថយន្តរេចង្កូតទៅបុកពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតចូលគុម្ពព្រៃធ្វើឲ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែកម៉ូតូ PCX មានស្លាកលេខ ភ្នំពេញ 1LA-7738 ត្រូវបានរងការខូចខាតមួយកំណាត់មុខ ។
យុវជនដឹកជញ្ជូនបានបន្ថែមទៀតថា ដោយសារតែគាត់នៅជាប់ហេតុការណ៍នោះដែរ លុះពេលឃើញរថយន្តបុកម៉ូតូនៅខាងមុខគាត់បែបនេះ ធ្វើឱ្យគាត់ភ័យពេក ក៏បានលោតចេញពីលើម៉ូតូ ធ្វើឲ្យម៉ូតូស្កូពីរបស់គាត់ធ្លាក់ផ្លូវ ខ្ទាតទៅក្បែរម៉ូតូរបស់ជនរងគ្រោះ ចំណែកគាត់បានរងរបួសស្រាល ។ បន្ទាប់ពីកើតហេតុ ពលរដ្ឋបានទាក់ទងទៅកាន់រថយន្តសាម៉ុយ ដើម្បីបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ តែជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ប្រភពមួយទៀតបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានខ្ចីម៉ូតូ PCX របស់មិត្តដើម្បីជិះទៅទិញនំខួបកំណើតទុកធ្វើខួបអោយខ្លួនឯង បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកស្លាប់ទៅវិញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកាន់ទីតាំងខាងលើ និងបាននាំខ្លួនម្ចាស់រថយន្តបង្ក ដែលកំពុងស្ថិតក្នុងស្ថានភាពស្រវឹងទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្ត ព្រមទាំងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្ក រួមទាំងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕







ចែករំលែកព័តមាននេះ