ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​បវរកញ្ញា​​អាយុ​109​ឆ្នាំ​​នៅមាន​កាយ​សម្បទា​រឹង​មាំ​

13 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ អតីត​បវរក​ញ្ញា​តាំងពី​ឆ្នាំ​១៩១៨ មួយ​រូប​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​ថា ​មាន​ជីវិត​រស់​នៅ​រហូត​មកដល់​ថ្ងៃ​នេះ​បាន​​និង​កំពុង​​រស់​នៅ​​ក្នុង​ខ្ទម ​កម្សត់​ជា​មួយ​កូន​ស្រី​វ័យ​ចំណាស់​ និង​ជា​ស្ត្រីមេម៉ាយ​អាយុ​៥៩​ឆ្នាំ ។ អតីត​បវរ​កញ្ញា​​ដែល​ពេល​នេះ​មាន​អាយុ​១០៩​ឆ្នាំ​ទៅ​ហើយ​ តែ​លោក​យាយ​នៅ​​មាន​កាយ​សម្បទា​រឹង​មាំ​នៅឡើយ

ខេត្តស្ទឹងត្រែង ៖ អតីត​បវរក​ញ្ញា​តាំងពី​ឆ្នាំ​១៩១៨ មួយ​រូប​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​ថា ​មាន​ជីវិត​រស់​នៅ​រហូត​មកដល់​ថ្ងៃ​នេះ​បាន​​និង​កំពុង​​រស់​នៅ​​ក្នុង​ខ្ទម​កម្សត់​ជា​មួយ​កូន​ស្រី​វ័យ​ចំណាស់​ និង​ជា​ស្ត្រីមេម៉ាយ​អាយុ​៥៩​ឆ្នាំ ។ អតីត​បវរ​កញ្ញា​​ដែល​ពេល​នេះ​មាន​អាយុ​១០៩​ឆ្នាំ​ទៅ​ហើយ​ តែ​លោក​យាយ​នៅ​​មាន​កាយ​សម្បទា​រឹង​មាំ​នៅឡើយ និង​រស់​នៅ​ដោយ​ការ​ពឹង​ផ្អែក​​លើ​កូន​ស្រីចំណាស់​​លក់​នំ​ចំណី​​បន្តិច​បន្តួច​សម្រាប់​ក្មេង។ បច្ចុ​ប្បន្ន​លោក​យាយ​អតីត​បវរ​កញ្ញា​​សម័យ​អាណា​និគម​​​និយម​បារាំង​រូប​នេះ​ រស់​នៅ​​ក្នុងភូមិ​​ស្ទឹង​ត្រែង សង្កាត់​​ស្ទឹង​ត្រែង ​ក្រុង​ស្ទឹង​ត្រែង ។

លោក​យាយ ជា គឹម​ហួយ បាន​​រៀបរាប់​ពី​ប្រវត្តិ​​របស់​គាត់​ទាំង​ស្មារតី​​នៅចង​ចាំ​យ៉ាងច្បាស់​​ថា លោក​យាយ​កើត​នៅ​ឆ្នាំ​១៩០២ កាល​ដែល​លោក​​យាយមាន​អាយុ​៨​ឆ្នាំ លោក​យាយ​ត្រូវ​បាន​គេ​ចូល​ស្តី​​ដណ្តឹង​១៥​នាក់ តែ​បាន​ផ្តាច់​ពាក្យ​​ទៅ​វិញ​ទាំង​អស់ ។ ​លុះ​ដល់​អាយុ​១៥​ឆ្នាំ ដោយ​សារ​តែ​មាន​អ្នក​មក​ចូល​​ចែចូវ​ច្រើន​ពេក ​ឪពុក​របស់​​លោក​យាយ​បាន​បញ្ជូន​លោក​យាយពី​ភូមិ​អង្គ​ក្តី ស្រុក​សំរោង ខេត្តតាកែវ មក​នៅ​ជា​មួយ​ឪពុក​ធំ​ក្នុងទី​​រួមខេត្ត​តាកែវ។  ការ​រស់​នៅ​ជា​មួយ​ឪពុក​ធំ​បាន​រយៈ​ពេល​មួយ​ឆ្នាំឪពុក​ធំ​​លោក​យាយ​បាន​នាំ​មក​ទី​ក្រុង​ភ្នំពេញ ដើម្បី​ប្រឡង​ជា​បវរ​កញ្ញា​​ ។ លោក​យាយ​បាន​ជាប់​​ជា​បវរ​កញ្ញា​ឯក​លេខ​១ នៅ​ឆ្នាំ​១៩១៨ ​​ក្នុង​ចំណោម​បេក្ខ​នារី​ចូល​រួម​១៣​នាក់ ។ លោក​យាយ​​មាន​ប្រសាសន៍​ថា ​ការ​ប្រឡង​នោះ​លោក​យាយ​ទទួល​បាន​​ចំណាត់​ថ្នាក់​លេខ​១​ចំនួន​២ គឺ​១-​សម្រាប់​​សម្រស់ ​​២-សម្រាប់​ចរិយា​ធម៌ ។ ​ក្រោយ​ពី​ជាប់​ជា​បវរកញ្ញា​​បាន​មួយ​ឆ្នាំ​អាយុ​១៧​ឆ្នាំ លោក​យាយ​បាន​មក​នៅ​ជា​មួយ​ឪពុក​ម្តាយ​បង្កើត​​ក្នុង​ភូមិ​អង្គ​ក្តី ស្រុក​សំរោង ខេត្ត​តាកែវ ​វិញ ក៏ត្រូវបាន​បង​ប្អូន​សាច់​ឆ្ងាយ​មក​ដណ្តឹង​​រៀប​ការពេញច្បាប់​​ តែ​លោក​យាយ​មិន​បាន​រួម​រស់​នៅ​​ជា​មួយ​ស្វាមី​ជា​​ប​ង​ប្អូន​នោះទេ ព្រោះ​ការផ្សំ​ផ្គុំ​​ដោយ​ចាស់​ទុំ​លោក​យាយ​មិន​បា​ន​ស្រឡាញ់​ ហើយ​ក៏​បាន​​លែង​លះ​គ្នា​​ដោយ​រក្សា​បាន​ជា​នារី​ក្រមុំ​​ព្រហ្មចារី​ និងរស់​នៅ​ជា​ស្ត្រី​មេមា៉យ​ក្រោយ​រៀប​អាពាហ៍​ពិពាហ៍​​បាន​៤​ទៅ​៥ខែ ។

លោក​​យាយ​បន្ត​ថា ការរស់​​នៅ​ជា​ស្ត្រី​​មេមា៉យ​រហូត​​ដល់​អាយុ​២០​​ឆ្នាំ លោក​យាយ​​បាន​រៀប​ការ​ជា​មួយ​ស្វាមី​ម្នាក់​ទៀត​មក​រស់​នៅភ្នំពេញ ក្នុងឆ្នាំ​១៩២១ រហូតបាន​កូន​ប្រុស​ស្រី​ចំនួន​៩​នាក់ ប្រុស​៣​នាក់ ស្រី​៦​នាក់ ។ ស្វាមី​រប​ស់​លោក​យាយ​ក៏​បានស្លាប់​នៅ​ជំនាន់​ប៉ុល ពត ​និង​កូន​ប្រុស​ពីរនាក់ ស្រីពីរ​ក៏បាន​ស្លាប់​ក្នុង​សម័យ​​យង់​ឃ្នង​នេះ​ដែរ ។ ​លោក​យាយ​​បាន​បន្តថា ការ​តស៊ូ​រស់​នៅ​របស់​លោក​យាយ​​ដោយ​ការ​ពឹង​ផ្អែក​​លើ​មុខ​របរ​រៀប​បាយ​សី​ឱ្យ​គេ​នៅអាយុ​៦៣​ឆ្នាំ ក៏​មាន​អ្នក​មក​សុំ​ចែ​ចូវ​ទៀត តែ​លោក​យាយ​​បាន​បដិ​សេធ ហើយ​បន្ត​រស់​នៅ​ជា​មួយ​កូន​ និង​បាន​ផ្សំ​ផ្គុំ​​កូន​ប្រុស​ស្រី​ឱ្យ​មាន​ប្តី​ប្រពន្ធរៀង​ៗ​ខ្លួន​ ហើយ​កូនៗ​​ក៏​​បានសុំ​​បែក​គ្រួសារ​ ។ បន្ទាប់​មក​កូន​ស្រី​​​ម្នាក់​បាន​ស្លាប់​​ទៀត នៅសល់​តែ​កូន​​៤​នាក់ ប្រុស​ម្នាក់ និងស្រី​៣​នាក់ បាន​មករស់​នៅ​ខេត្តស្ទឹង​ត្រែង ​ទាំងអស់​គ្នា ។ ​ចំណែក​លោក​យាយ​ត្រូវ​បាន​កូន​ស្រី​ម្នាក់​ក្នុង​ចំណោម​៤​នាក់ យក​មក​រស់​នៅ​ជា​មួយ​​​រហូត​ទល់​នឹង​បច្ចុ​ប្បន្ន ។

សព្វថ្ងៃ​លោក​យាយ ជា គឹម​ហួយ ​មាន​អាយុ​១០៩​ឆ្នាំ ​រស់​នៅ​​ក្នុង​​បន្ទុក​កូន​ស្រី​​ចំណាស់​ដែល​ជា​ស្ត្រី​មេ​មា៉យ​មាន​តែ​កូន​ប្រុស​ម្នាក់​​ធ្វើ​ជា​យោធា​ខេត្ត​ ។ គួរ​ឱ្យ​កោត​សរសើរ​​ចំពោះ​លោក​យាយ​ដែល​​មាន​អាយុ​រហូត​១០៩​ឆ្នាំ​​ទៅ​ហើយ​ លោក​​យាយ​​មាន​ជំងឺ​​ត្រូវ​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ ពេទ្យ​បាន​តែ​​ពីរ​ដង​ប៉ុណ្ណោះ ដល់​​ថ្នាក់​លោក​គ្រូ​​ពេទ្យ​ទាំង​ខ្មែរ និង​បរទេស​​នាំគ្នា​ជួយ​សង្គ្រោះ​យ៉ាង​ញាប់​ដៃ​​ញាប់​ជើង និង​លាន់​មាត់​គ្រប់​គ្នា​​ថា ពុំ​ដែល​ជួប​ប្រទះ​អ្នក​ជំងឺ​ដែល​មានអាយុ​វែង​បែប​នេះ​​ទេ ​ពី​មុន​មក ។ ​​រហូត​មក​​ទល់​​នឹង​បច្ចុ​ប្បន្ន​​លោក​យាយ​នៅ​​មាន​កាយ​សម្បទា​​រឹង​មាំ​​អាច​​ដើរ​បាន​តិចតួច ​អាច​ដេ​រ​ប៉ាក់​ និង​អង្គុយ​​ជជែក​​លេង​ជា​មួយ​អ្នក​ដទៃ​បាន​ក្នុង​ខ្ទម​​កម្សត់​ជា​មួយ​នឹង​កូន​ស្រីចំណាស់​​​ដែល​ពឹង​ផ្អែក​​លើ​មុខ​របរ​លក់​នំ​សម្រាប់​ក្មេងៗ​ក្នុងភូមិ​​បន្តិច​បន្តួច​ដើម្បី​​ចិញ្ចឹម​ជីវិត ៕