ខេត្តតាកែវ ៖ កាលពីព្រឹកថ្ងៃទី២៩ សីហា កន្លងមក នៅទីស្នាក់ការគណបក្សខេត្តតាកែវ ក្រុមការងារយុវជនរបស់គណបក្សប្រជាជនកម្ពុជាចំនួន៧០នាក់ តំណាងមកពី១០ស្រុក នៅក្នុងខេត្តតាកែវ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី«បណ្តាញផ្សព្វផ្សាយ(Social Media)» ក្រោមអធិបតីភាពលោកស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ។
នៅក្នុងឱកាសនោះដែរ ក៏មានការចូលរួមធ្វើបទឧទ្ទេសនាមរបស់មេធាវីរាជរដ្ឋាភិបាលអំពីការងារទប់ស្កាត់បាតុកកម្ម និងការបង្ហាញពីបច្ចេកទេសវិទ្យាគមនាគមន៍ និងព័ត៌មានដោយអគ្គលេខាធិការអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា NIDA និងការលើកបទពិសោធន៍នៃការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមនៅបណ្តាប្រទេសមួយចំនួនផងដែរ ។
លោកប៉ាល់ ច័ន្ទតារា ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងជាមេធាវីរាជរដ្ឋាភិបាលបានធ្វើការចែករំលែកនូវបទពិសោធន៍សី្តពីយុទ្ធវិធីគន្លឹះ និងរបៀបនៃការអប់រំ បង្ការ និងទប់ស្កាត់ការធ្វើបាតុកម្មគ្រប់មុខសញ្ញា ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គម ។ លោកបានផ្តោតការចាប់អារម្មណ៍ខ្ពស់ពាក់ព័ន្ធនឹងការប្រមូលកម្លាំងតាមរយៈរបៀបញុះញង់ ដឹកនាំដោយក្រុមប្រឆាំងៗទៅនឹងរាជរដ្ឋាភិបាលក្នុងការកៀងគរគ្នាធ្វើបាតុកម្ម និងកូដកម្មតាមរបៀបបច្ចេកវិទ្យាថ្មីនេះ ដែលពួកគេមិនបានគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីបាតុកម្ម ។
លោកជុន វ៉ាត អគ្គលេខាធិការ NIDA បានថ្លែងថា យុវជនគឺជាអ្នកបន្តវេន ងាយស្រួលក្នុងការទាញយកព័ត៌មានពីបច្ចេកវិទ្យាតាមរយៈ FACEBOOK Twitter youtubeemail និងតាមគេហទំព័រផ្សេងទៀត។ ក្រៅពីនេះ យុវជនគឺជាអ្នកសកម្មក្នុងសហគមន៍ មូលដ្ឋានក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានការរីកចម្រើន ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ យុវជននឹងបង្កើននូវចំណេះដឹង និងប្រើប្រាស់បានទាន់ពេលវេលា អំពីការប្រមូលព័ត៌មានផ្សព្វផ្សាយ និងការប្រើប្រាស់ ដើម្បីអត្ថប្រយោជន៍នានា ។ ជាមួយគ្នានេះ លោកជុន វ៉ាត ក៏បានអំពាវនាវឱ្យយុវជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវចេះប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមនេះឱ្យចំគោលដៅ សម្រាប់ការវាយបក និងទប់ស្កាត់នូវការផ្សព្វផ្សាយដែលមានចរិតញុះញង់ទាំងឡាយណាដែលបង្កឱ្យមានអស្ថិរភាពក្នុងសង្គម ។
លោកស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា តួនាទីរបស់អុីនធើរណេត និងបណ្តាញផ្សព្វផ្សាយសង្គម គឺជាបរិបទថ្មីនៃការចាប់ផ្តើមបច្ចេកវិទ្យាព័ត៌មានជាមួយយុវជនដែលបរិបទនេះមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ លោកបានមានប្រសាសន៍បន្តថា ក្នុងចំណោមប្រជាជនកម្ពុជាប្រមាណជាង១៤លាននាក់ ក្នុងនោះមានយុវជនជិត៦៤% ដូច្នេះក្នុងនាមយុវជនស្នូលដែលជាកម្លាំងគ្រឹះរបស់គណបក្សប្រជាជនកម្ពុជា ត្រូវនាំគ្នាខិតខំតាមដានព័ត៌មាន ឱ្យបានទាន់ហេតុការណ៍ និងទប់ស្កាត់សកម្មភាពដែលបង្កឡើងដោយក្រុមប្រឆាំងក្នុងការប៉ុនប៉ងចង់ទាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឱ្យនៅលើច្បាប់ ។ យុវជនគណបក្សប្រជាជនត្រូវយកចំណេះដឹងពីសិក្ខាសាលានេះដើម្បីបំពេញតួនាទីដ៏សំខាន់ក្នុងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមនេះការធ្វើទំនាក់ទំនង និងសន្ទនា ជាពិសេសខិតខំផ្សព្វផ្សាយសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល ទៅកាន់មហាជន ។
លោក សាយ សំអាល់ អគ្គលេខាធិការរង និងជាអនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានលើកឡើងអំពីបទពិសោធន៍នៃការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមនេះនៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងការបម្រើឱ្យការបោះឆ្នោតដ៏ពេញនិយម ។ លោកបានបន្តថា បណ្តាញផ្សព្វផ្សាយសង្គម គឺជាឧបករណ៍ដ៏មានភាពងាយស្រួលក្នុងការប្រើប្រាស់បានលឿនរហ័ស និងទាន់ហេតុការណ៍ ក្នុងការប្រាស្រ័យទាក់ទងគ្នា សម្រាប់អ្នកដែលចង់បង្ហាញសមត្ថភាពរបស់ខ្លួន និងចែករំលែកចំណាប់អារម្មណ៍តាមរយៈអត្ថបទខ្លីៗ រូបភាពសម្លេង វីដេអូខ្លីៗ សារអេឡិចត្រូនិក និងគេហទំព័រផ្សេងៗ ។ល។ ៕
ចែករំលែកព័តមាននេះ