យូសេន បូលបាននិយាយថាការអស់សិទ្ធិប្រកួតរត់ចម្ងាយ១០០ម៉ែត្រវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃអាទិត្យនឹងមិនប៉ះពាល់ឬក៏មានឥទ្ធិពលលើខ្លួនគេដែលកំពុងត្រៀមខ្លួនការពារជើងឯករត់ចម្ងាយ២០០ម៉ែត្ររបស់ខ្លួននោះទេ។
កាលពីរាត្រីថ្ងៃអាទិត្យទី១៨សីហាបន្ទាប់ពីរូបគេធ្វើឲ្យមានកំហុសបច្ចេកទេសពេលចាប់ផ្តើមរត់ យូសេន បូលដែលជាកីឡាករការពារជើងឯកត្រូវបានគេបណ្តេញចេញពីការប្រកួតវគ្គផ្តាច់ព្រ័ត្ររត់ចម្ងាយ១០០ម៉ែត្រក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្មពិភពលោកនៅកូរ៉េខាងត្បូង។ ហេតុការណ៍ដោយឥតព្រៀងទុកនោះបានកើតឡើងនៅពេលដែលបូលបានចាប់ផ្តើមរត់មុនសូរកាំភ្លើងចាប់ផ្តើមបាញ់ចេញ។
គេបានរត់ទៅអស់ជាច្រើនម៉ែត្រហើយបន្ទាប់មកក៏បានដោះអាវចេញដែលបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនគេផ្ទាល់ដឹងថាមានកំហុសបច្ចេកទេស។ ម្ចាស់ជើងឯកពិភពលោករូបនេះបាននិយាយថា គេពិតជាអស់សង្ឃឹមយ៉ាងខ្លាំងចំពោះកំហុសរបស់ខ្លួនដែលធ្វើឲ្យបាត់បង់ជើងឯកដែលខ្លួនគេដណ្តើមបានកាលពី២ឆ្នាំមុននៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់។ កីឡាកររូបនេះបានបន្ថែមថា៖ «ទោះជាយ៉ាងណា ខ្ញុំត្រូវតែឈានទៅមុខ។ គ្មានចំណុចណាមួយដែលខ្ញុំត្រូវរស់នៅជាមួយអតីតកាលនោះទេ។ ខ្ញុំនៅមានពេល២ទៅ៣ថ្ងៃទៀតដើម្បីរៀបចំខ្លួនការពារជើងឯករត់ចម្ងាយ២០០ម៉ែត្ររបស់ខ្ញុំ។ ខ្ញុំដឹងថា ក្នុងពេលនេះទាំងផ្លូវកាយនិងផ្លូវចិត្តគឺខ្ញុំបានត្រៀមរួចរាល់អស់ហើយ»។
ច្បាប់ស្តីពីកំហុសពេលចាប់ផ្តើមរត់ដែលបង្កើតដោយសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិIAAFកាលពីឆ្នាំទៅមិនបានផ្តល់ឱកាសឲ្យបណ្តាអត្តពលិកណាដែលចាប់ផ្តើមរត់មុនការបាញ់កាំភ្លើងបានប្រកួតជាលើកទី២នោះទេ។ ច្បាប់នេះយូសេន បូលខ្លួនឯងធ្លាប់បានគាំទ្រឲ្យមានការកែប្រែកាលពីមុនពេលដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១០។
កាលពីមុនការប្រកួតកីឡាអត្តពលកម្មពិភពលោកឆ្នាំ២០០៩នៅអាល្លឺម៉ង់ បូលធ្លាប់បាននិយាយថា៖«សម្រាប់ខ្ញុំគ្មានបញ្ហានោះឡើយ។ ខ្ញុំមិនដែលធ្វើឲ្យមានកំហុសពេលចាប់ផ្តើមនោះឡើយ។ វានឹងធ្វើឲ្យមានបញ្ហាសម្រាប់អ្នកខ្លះ ប៉ុន្តែមិនមែនខ្ញុំទេ»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី២៩ សីហា បូលបានបញ្ជាក់ថា៖ «បន្ទាប់ពីការប្រកួតរត់ចម្ងាយ២០០ម៉ែត្រ ខ្ញុំនឹងប្រកួតជាក្រុមចម្ងាយ១០០ម៉ែត្រ» ៕
ចែករំលែកព័តមាននេះ