ប្រទេសអេស្ប៉ាញ ៖ លោក Hichman Bukhari អតីតអង្គរក្សរបស់កីឡាករ Cristiano Ronaldo កាលពីពេលថ្មីៗនេះ បានបង្ហើបឱ្យដឹងអំពីប្រាក់កម្រៃដ៏ច្រើនដែលខ្លួនទទួលបានអំឡុងពេលការពារខ្សែប្រយុទ្ធឆ្នើមរូបនេះ ព្រមទាំងបានសរសើរ និងហៅ Ronaldo ថាជាចៅហ្វាយដ៏ល្អបំផុត។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ Telecinco របស់អេស្ប៉ាញ លោក Hichman Bukhari ដែលជាប្រធានគ្រប់គ្រងក្រុមអង្គរក្សឯកជន និងជាអង្គរក្សការពារផ្ទាល់ បានចែករំលែកការយល់ដឹងអំពីការងាររយៈពេល៤ឆ្នាំជាមួយកីឡាករ Cristiano Ronaldo អំឡុងពេលខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ ប្រកបអាជីពជាមួយក្លិប Real Madrid។ ក្នុងនាមជាផ្នែកមួយនៃក្រុមសន្តិសុខផ្ទាល់ខ្លួនរបស់ Ronaldo លោក Bukhari បានអមដំណើរកីឡាកររូបនេះទៅកាន់ព្រឹត្តិការណ៍ធំៗជាច្រើនក្នុងទីក្រុងម៉ាឌ្រីដ (Madrid) និងជុំវិញពិភពលោក។
លោក Bukhari បានទម្លាយពីប្រាក់កម្រៃដែលលោកទទួលបាន ៨៥០ផោន ឬ ១ ១៥០ដុល្លារអាមេរិក្នុងមួយថ្ងៃ ឬជាង ៥ ៧០០ដុល្លារក្នុងមួយសប្តាហ៍ ដោយមួយសប្តាហ៍ធ្វើការប្រាំថ្ងៃ និងជាង ២៨ ៧០០ដុល្លារក្នុងមួយខែ ឬ ៣៤៥ ៤០០ដុល្លារក្នុងមួយឆ្នាំ។ បើទោះបីជាមានបញ្ហាប្រឈមកើតឡើងជាច្រើនក្នុងនាមជាអង្គរក្សអត្តពលិកលំដាប់ពិភពលោក ដូចជា ការប្រឈមមុខនឹងអ្នកគាំទ្រឈ្លក់វង្វេងជ្រុល ក្រុមអ្នកប្រមាញ់រូបថត (Paparazzi) និងឧប្បត្តិហេតុសន្តិសុខយ៉ាងណាក៏ដោយ ប៉ុន្តែលោក Bukhari បានអះអាងថា ការងារនេះមានហានិភ័យទាបជាងបើប្រៀបធៀបទៅនឹងការការពារបុគ្គលមានការគំរាមកំហែងខ្ពស់។
លោកបាននិយាយថា «យើងមានទំនាក់ទំនងល្អ។ ជាអ្នកការពារ Ronaldo មិនដូចការការពារបុគ្គលដែលមានការគំរាមសម្លាប់ ឬចាប់ជំរិតនឡទេ។ យើងបានជួបបញ្ហាឆ្កួតៗជាមួយក្រុមប្រមាញ់រូបថត ឬអ្នកគាំទ្រជ្រុលនិយម ប៉ុន្តែគ្មានអ្វីជាបញ្ហាចោទធំនោះទេ។ Ronaldo គឺជាចៅហ្វាយដ៏ល្អបំផុតដែលខ្ញុំធ្លាប់មាន»។
លោក Bukhari ក៏បានសង្កត់ធ្ងន់លើលក្ខណៈពិសេសនៃការងារសន្តិសុខប្រកបដោយវិជ្ជាជីវៈ ដោយត្រូវមានឆន្ទៈការពារមនុស្សម្នាក់ ហើយពេលខ្លះត្រូវលះបង់ជីវិតដើម្បីការពារពួកគេ។ ប្រសិនបើត្រូវប្រើអាវុធ អ្នកការពារនឹងប្រើវា។ អ្វីដែលសំខាន់បំផុតនោះគឺមានសមត្ថភាពក្នុងការគិតរហ័ស ដោះស្រាយបញ្ហា និងរក្សាភាពស្ងប់ស្ងាត់ក្នុងស្ថានភាពលំបាក៕ ដកស្រង់ ៖ The Sun, Daily Mail និង VnExpress




ចែករំលែកព័តមាននេះ