អន្តរជាតិ ៖ កញ្ញា Fati Vázquez ជនជាតិអេស្ប៉ាញវ័យ៣០ឆ្នាំ ដែលជាបុគ្គលល្បីឈ្មោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម (Influencer) បានទម្លាយថាទទួលបានសារគំរាមកំហែងដល់អាយុជីវិតជាច្រើន បន្ទាប់ពីនាងត្រូវបានគេប្រទះឃើញធ្វើដំណើរវិស្សមកាលជាមួយយុវជន Lamine Yamal កីឡាករបាល់ទាត់កំពុងឡើងជើងខ្លាំងវ័យត្រឹម១៧ឆ្នាំ។
កញ្ញា Fati Vázquez ត្រូវបានរាយការណ៍មកថាបានចំណាយពេលចុងសប្តាហ៍ជាមួយ Lamine Yamal ខ្សែបម្រើស្លាបស្តាំកំពុងឡើងជើងខ្លាំងរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ និងអ្នកមានបុណ្យ Barcelona ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាខុសវ័យរវាងអ្នកទាំងពីរ។ Fati ឥឡូវនេះ កំពុងក្លាយជាចំណុចក្តៅនៃភាពចម្រូងចម្រាសលើបណ្តាញសង្គម បើទោះបីជាអ្នកទាំងពីរបដិសេធទំនាក់ទំនងជាមួយគ្នាក៏ដោយ។
រូបដែលបង្ហោះចេញដោយ Yamal បង្ហាញពីវិស្សមកាលបែបអភិជនមួយនៅក្នុងប្រទេសអ៊ីតាលី ជាមួយទេសភាពដ៏ស្រស់ស្អាត ឧទ្ធម្ភាគចក្រ នាវាខា្នតតូច និងវីឡាឯកជនដ៏ប្រណីតមួយកន្លែងផងដែរ។ យ៉ាងណាក៏ដោយ មិនយូរប៉ុន្មានបន្ទាប់ពី Yamal បង្ហោះរូបលើបណ្តាញសង្គមខ្លួន ស្រាប់តែ Fati ក៏បានបង្ហោះរូបមួយចំនួនចេញពីទីតាំងដូចគ្នា ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមពីការបង្កាត់ភ្លើងស្នេហ៍ខុសវ័យរបស់ពួកគេ។ ក្រោយមករូបមួយទៀត លេចចេញបង្ហាញពីអ្នកទាំងពីរកំពុងជិះម៉ូតូទឹក (Jet Ski) ជាមួយគ្នាយ៉ាងស្និទ្ធស្នាល។
ក្រោយពីការកំណត់អត្តសញ្ញាណនារីរូបនោះជានរណាហើយនោះ Fati ដើមកំណើតពីតំបន់ហ្គាលីសៀ (Galicia) ភាគពាយព្យប្រទេសអេស្ប៉ាញ ដែលមានអ្នកតាមដានជាង៤០ម៉ឺននាក់នៅ Instagram និងជាង ៣០ម៉ឺននាក់នៅ TikTok ហើយក៏ជានិស្សិតបញ្ចប់ការសិក្សាផ្នែកបាហុនិកា ឬនារីអូតេសបម្រើការលើយន្តហោះ បានទម្លាញពីការទទួលបានសារគំរាមកំហែងដល់អាយុជីវីតជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃ ចាប់តាំងពីពាក្យចចាមអារ៉ាមស្នេហាជាមួយ Yamal ផ្ទុះឡើង។ នាងនិយាយថា «វាជារឿងសោកស្ដាយដែលខ្ញុំឃើញមនុស្សមានភាពខ្មៅងងឹតក្នុងខ្លួនប្រាថ្នាចង់ឱ្យនរណាម្នាក់ស្លាប់ ទាំងដែលពួកគេមិនស្គាល់អ្នកនោះ។ ខ្ញុំជ្រើសរើសរស់នៅដោយមានគោលដៅបន្តការរីកចម្រើនទៅមុខ។
ចំពោះអ្នកប្រាថ្នាឱ្យខ្ញុំធ្លាក់ខ្លួនឈឺ ខ្ញុំសូមជូនពរឱ្យពួកគេបានជាសះស្បើយពីព្រោះគ្មាននរណាម្នាក់រស់នៅសុខស្រួលក្នុងខ្លួនទាំងដែលប្រាថ្នាចង់ឱ្យមានភាពវិនាសធ្លាក់លើអ្នកដទៃឡើយ»។
ពាក់ព័ន្ធបញ្ហានេះ Influencer ម្នាក់ទៀត លោក Javi De Hoyos បានអះអាងថា ពាក្យចចាមអារ៉ាមទាំងនោះជារឿងមិនពិត ពួកគេគ្មានទំនាក់ទំនងស្នេហាជាមួយគ្នាទេ ហើយដំណើរកម្សាន្តវិស្សមកាលនោះ ក៏មានអ្នកចូលរួមច្រើនផងដែរនៅទីនោះ។ De Hoyos បានបន្ថែមទៀតថា Yamal មិនមែននៅកន្លែងវិស្សមកាលតែម្នាក់ឯងទេ ប៉ុន្តែជាមួយមិត្តរួមក្រុម Barcelona ផ្សេងទៀត ដូច្នេះ Fati ប្រហែលជាមិត្តរបស់មិត្តរួមក្រុម Barcelona របស់ Yamal ផ្សេងទៀត៕ ដកស្រង់ ៖ The Sun និង The Express Tribune
ចែករំលែកព័តមាននេះ