ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រុះ Asian Cup! ម៉ា​ឡេ​ស៊ី​ឈ្នះ​វៀតណាម​លើក​ដំបូង​ក្រោយ​ខកខាន​១១​ឆ្នាំ ជាមួយ​លទ្ធផល​ភ្ញាក់ផ្អើល ៤-០

1 ថ្ងៃ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី​បាន​បំបាក់​ក្រុម​ភ្ញៀវ​វៀតណាម​យ៉ាង​ចាស់ដៃ​លទ្ធផល ៤-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ Bukit Jalil ទីក្រុង​គូ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា…

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី​បាន​បំបាក់​ក្រុម​ភ្ញៀវ​វៀតណាម​យ៉ាង​ចាស់ដៃ​លទ្ធផល ៤-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ Bukit Jalil ទីក្រុង​គូ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ពូ​ល F ពានរង្វាន់​ជើងឯក​អាស៊ី AFC Asian Cup ឆ្នាំ​២០២៧​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ម៉ា​ឡេ​ស៊ី The Star បាន​ចេញផ្សាយ​ថា ម៉ា​ឡេ​ស៊ី​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ និង​រឹង​មាំ ដើម្បី​យកឈ្នះ​វៀតណាម​លទ្ធផល ៤-០ ដោយសារ​ការ​ជួយ​ជ្រោមជ្រែង​ពី​កីឡាករ​ចូលសញ្ជាតិ​របស់​ខ្លួន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក Bukit Jalil​។

ក្រឡេក​ទៅ​សារព័ត៌មាន​វៀតណាម Vietnam Plus ក៏​បាន​ចេញផ្សាយ​ផង​ដែរ​ថា ជាមួយ​ការ​ប្រៀប​ជាង​ក្នុង​ជា​ម្ចាស់ផ្ទះ រួម​នឹង​គម្លាត​កាយសម្បទា​រវាង​កីឡាករ​ក្រុម​ទាំង​ពីរ ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី​ដែល​ប្រែ​មុខមាត់​ថ្មី បាន​ស៊ុត​បាល់​បញ្ចូល​៤​គ្រាប់​ក្នុង​វគ្គ​ទី​២ ដោយ​២​គ្រាប់​ដំបូង​រកបាន​ដោយ​កីឡាករ​ចំណូល​ថ្មី ដើម​កំណើត​ប្រេ​ស៊ី​ល João Figueiredo និង​កីឡាករ​ដើម​កំណើត​អា​ហ្ស​ង់​ទី​ន Rodrigo Holgado​។ រីឯ​គ្រាប់​ទី​៣​រកបាន​ដោយ​កីឡាករ​ជើង​ចាស់​កូនកាត់​បា​បា​ដូ​ស សញ្ជាតិ​អង់គ្លេស និង​កា​ណា​ដា La’Vere Corbin-Ong និង​គ្រាប់​ចុង​ក្រោយ​ដោយ​កីឡាករ​កូនកាត់​បែ​ល​ហ្ស៊ិ​ក Dion Cools​។

មុន​បរាជ័យ​នេះ វៀតណាម​មិន​ធ្លាប់​ចាញ់​ម៉ា​ឡេ​ស៊ី​អស់​ពេល​១១​ឆ្នាំ​មក​ហើយ ដោយ​ការ​បរាជ័យ​ចុង​ក្រោយ​កើតឡើង​ក្នុង​ពានរង្វាន់ AFF Championship ឆ្នាំ​២០១៤​។ ប៉ុន្តែ​សករាជ​ថ្មី​នេះ ក្រុម​ម៉ា​ឡេ​ស៊ី​ខុស​ពី​ក្រុម​ដែល​បរាជ័យ​ក្នុង​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត AFF Championship ឆ្នាំ​២០២៤ ដោយ​បច្ចុប្បន្ន​ពួក​គេ​មាន​កីឡាករ​ចូលសញ្ជាតិ​៥​នាក់ ដែល​កំពុង​ប្រកប​អាជីព​នៅ​អា​មេ​រិ​ក​ខាងត្បូង និង​អឺរ៉ុប ត្រូវ​បាន​កោះហៅ រួម​ជាមួយ​កីឡាករ​កូនកាត់​ខ្លះ សម្រាប់​យុទ្ធនាការ​ជម្រុះ Asian Cup នេះ​។

កីឡាករ​ចំណូល​ថ្មី​ម៉ា​ឡេ​ស៊ី រួម​មាន ៣​នាក់​ដើម​កំណើត​អា​ហ្ស​ង់​ទី​ន Facundo Garcés, Imanol Machuca និង Rodrigo Holgado និង​២​នាក់​ទៀត រួម​មាន João Figueiredo ដើម​កំណើត​ប្រេ​ស៊ី​ល និង Jon Irazabal ដើម​កំណើត​អេ​ស្ប៉ា​ញ​។

ស្រប​ពេល​ការ​លំបាក​បន្ថែម និង​ចម្បង​របស់​វៀតណាម សម្រាប់​យុទ្ធនាការ​ជម្រុះ Asian Cup នេះ គឺ​ការ​អវត្តមាន​ខ្សែប្រយុទ្ធ​ឆ្នើម Nguyen Xuan Son ដើម​កំណើត​ប្រេ​ស៊ី​ល ដែល​រង​របួស​ធ្ងន់ធ្ងរ អំឡុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Championship កាលពីដើម​ឆ្នាំ​នេះ​។

នៅ​ក្នុង​ពូ​ល F ម៉ា​ឡេ​ស៊ី​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​ឆ្លងកាត់​២​ប្រកួត​ឈ្នះ​ទាំងអស់​។ ចំណែក​វៀតណាម និង​ឡាវ មាន​៣​ពិន្ទុ​ស្មើគ្នា ខណៈ​ដែល​នេ​ប៉ា​ល់​នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​។ ប្រកួត​បន្ទាប់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥ ឡាវ​ត្រូវ​ទទួល​ម៉ា​ឡេ​ស៊ី ស្រប​ពេល​ដែល​វៀតណាម​ក៏​ត្រូវ​ទទួល​នេ​ប៉ា​ល់​ដូច​គ្នា​។

គិត​មក​ទល់​ពេល​នេះ មាន​១៧​ក្រុម​ហើយ​ក្នុង​ចំណោម​២៤​ក្រុម ដែល​បាន​កក់​កៅអី​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០២៧ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត រួម​មាន ៖ អូស្ត្រាលី អ៊ី​រ៉ា​ក់ អ៊ី​រ៉​ង់ អ៊ូ​ស​បេ​គី​ស្ថាន កា​តា អា​រ៉ាប់​រួម ជប៉ុន កូរ៉េ​ខាងត្បូង អូ​ម៉​ង់ ប៉ា​ឡេ​ស្ទី​ន បា​រ៉ែ​ន ហ្ស៊​ក​ដា​នី ចិន ឥណ្ឌូ​ណេ​ស៊ី កូរ៉េ​ខាងជើង គុយ​វ៉ែត និង ក្កៀ​ហ្ស៊ី​ស៊ី​ស្ថាន ដែល​ពួក​គេ​ធ្វើ​បាន​ល្អ​នៅ​វគ្គ​ជម្រុះ World Cup ឆ្នាំ​២០២៦ តំបន់​អាស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ