ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Usyk ចង់ឱ្យ​លោក ត្រាំ ទៅ​រស់នៅ​ផ្ទះ​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​១​ស​ប្តា​ហ៍ ដើម្បី​ស្វែង​យល់​ពី​សង្គ្រាម​នៅ​ទីនោះ

5 ម៉ោង មុន

បរទេស ៖ កំពូល​អ្នក​ប្រដាល់សកល​អ៊ុយ​ក្រែ​ន ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Oleksandr Usyk ស្នើ​ឱ្យ​លោក ដូ​ណា​ល់ ត្រាំ (Donald…

0:00
0:00

បរទេស ៖ កំពូល​អ្នក​ប្រដាល់សកល​អ៊ុយ​ក្រែ​ន ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Oleksandr Usyk ស្នើ​ឱ្យ​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ទៅ​រស់នៅ​ក្នុងផ្ទះ​របស់​គេ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​គោលបំណង​ឱ្យ​ប្រធានាធិបតី​អា​មេ​រិ​ក​រូប​នេះ ស្វែង​យល់​អំពី​សង្គ្រាម​នៅ​ទីនោះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥​។

លោក ត្រាំ ធ្លាប់​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​ដោះស្រាយ​ជម្លោះ​រវាង​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ក្នុង​រយៈពេល​២៤​ម៉ោង ប្រសិនបើ​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​មិន​ទាន់​ចប់​នៅឡើយ ចាប់តាំងពី​លោក​បាន​ត្រឡប់​មក​កាន់​សេត​វិមាន​វិញ​នៅ​ដើមឆ្នាំ​នេះ​។

យ៉ាងណាមិញ កាលពី​ពេល​ថ្មី​ៗ​នេះ កំពូល​អ្នក​ប្រដាល់សកល​អ៊ុយ​ក្រែ​ន Usyk ដែល​ធ្លាប់​ចូល​សមរភូមិ​ប្រយុទ្ធ​ដោយ​ផ្ទាល់​ប្រឆាំង​នឹង​កម្លាំង​ឈ្លានពាន​រុ​ស្ស៊ី ដើម្បី​សន្តិភាព​ប្រទេស​កំណើត​ខ្លួន ជឿ​ថា លោក ត្រាំ ចាំបាច់​ត្រូវ​ដឹង​កាន់តែ​ច្បាស់​ពី​ស្ថានភាព​ដ៏​អាក្រក់ ប្រសិនបើ​គាត់​ចង់​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នោះ​។ កំពូល​អ្នក​ប្រដាល់​វ័យ​៣៨​ឆ្នាំ​រូប​នេះ បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៤៧ ទៅ​រស់នៅ​ផ្ទះ​របស់​គេ​ជាមួយ​គ្នា​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​មើល​ឱ្យ​ឃើញច្បាស់​ពី​ការ​ខូចខាត ដែល​បាន​កើតឡើង​ដោយសារ​សង្គ្រាម​។

អ្នក​ប្រដាល់​មិន​ទាន់​ស្គាល់​ចាញ់ Usyk ដែល​ទើបតែ​បាន​ផ្តួល​កំពូល​អ្នក​ប្រដាល់​ចក្រភព​អង់គ្លេស Tyson Fury កាលពី​ចុងឆ្នាំ​២០២៤ បាន​ប្រាប់​សារព័ត៌មាន BBC កាលពី​ថ្ងៃអាទិត្យ​ថា «​ខ្ញុំ​ណែនាំ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ ឱ្យមក​អ៊ុយ​ក្រែ​ន​ហើយ​រស់នៅ​ក្នុងផ្ទះ​របស់ខ្ញុំ​រយៈពេល​១​ស​ប្តា​ហ៍​។ ត្រឹម​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ ខ្ញុំ​នឹង​ប្រគល់​ផ្ទះ​ខ្ញុំ​ឱ្យ​គាត់​។ សូម​រស់នៅ​អ៊ុយ​ក្រែ​ន ហើយ​មើល​អ្វី​ដែល​កំពុង​កើតឡើង​រាល់​យប់​។ រាល់​យប់​មាន​គ្រាប់បែក គ្រាប់​រ៉ុក្កែត និង​យន្ត​ហោះហើរ ហើរ​ពីលើ​ផ្ទះ​ខ្ញុំ​»​។

កាលពី​ខែកុម្ភៈ​កន្លង​ទៅ លោក ត្រាំ បាន​ប៉ះទង្គិច​ពាក្យ​សម្តី​ជាមួយ​មេដឹកនាំ​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky អំឡុង​ពេល​ជំនួប​ក្នុង​ការិយាល័យ Oval Office ដោយនៅ​ពេល​នោះ លោក ត្រាំ បាន​ព្រមាន​លោក Zelensky ឱ្យ​បង្ហាញ​ការ​ដឹងគុណ​បន្ថែម​ទៀត​សម្រាប់​ជំនួយ​អា​មេ​រិ​ក​ក្នុង​កិច្ចចរចា​សន្តិភាព មុន​ពេល​ប្រាប់​មេដឹកនាំ​អ៊ុយ​ក្រែ​ន​ឱ្យ​ចាក​ចេញពី​សេត​វិមាន​។

នៅ​ពេល​សួរ​ថា​តើ លោក ត្រាំ អាច​ត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឱ្យ​មានការ​ផ្លាស់​ប្តូរ​គំនិត​លើ​បញ្ហា​អ៊ុយ​ក្រែ​ន ឬ​អត់​នោះ Usyk បាន​និយាយ​ថា «​ខ្ញុំ​មិនដឹង​ទេ​។ ប្រហែលជា​គាត់​នឹង​យល់ ហើយ​ក៏​ប្រហែលជា​គាត់​នឹង​មិន​យល់​។ ប្រជាជន​អ៊ុយ​ក្រែ​ន​កំពុង​ស្លាប់ វា​មិន​ត្រឹមតែ​ជា​កម្លាំងយោធា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កុមារ ស្ត្រី មនុស្ស​ចាស់​។ សម្រាប់​ខ្ញុំ​ពិបាក​ណាស់​។ វា​ជា​ប្រទេស​របស់ខ្ញុំ​។ ខ្ញុំ​បារម្ភ​អំពី​អ្វី​ដែល​កើតឡើង​នៅ​ក្នុង​ប្រទេស​របស់ខ្ញុំ​»​។

Usyk បាន​ធ្វើ​យុទ្ធនាការ​ដើម្បី​សន្តិភាព​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ការ​ប្រកួត​លើក​ទី​២​ជាមួយ​អ្នក​ប្រដាល់​អង់គ្លេស Anthony Joshua កាលពី​បី​ឆ្នាំ​មុន​។ សង្គ្រាម​បាន​ផ្ទុះ​ឡើង​ក្នុង​ប៉ុន្មាន​ខែ​មុន​ការ​ប្រកួត​នោះ ហើយ Usyk នៅ​តែ​ជា​ផ្នែក​សំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សន្តិភាព​របស់​អ៊ុយ​ក្រែ​ន​បង្ហាញ​ទៅ​កាន់​ពិភពលោក រួម​ជាមួយ​អតីត​កំពូល​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​អ៊ុយ​ក្រែ​ន លោក Wladimir និង Vitali Klitschko ។

គួរ​បញ្ជាក់​ថា Usyk ដែល​ជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់ WBA (super) WBO និង WBC នឹង​ត្រូវ​តទល់​ជាមួយ​អ្នក​ប្រដាល់​អង់គ្លេស Daniel Dubois នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ខាង​មុខ​នេះ នៅ​កីឡដ្ឋាន​ជាតិ Wembley ចក្រភព​អង់គ្លេស​។ ជំនួប​នេះ គឺជា​ការ​ប្រកួត​សឹង​សឹក​រវាង​អ្នក​ទាំង​ពីរ ខណៈ​ដែល​កាលពី​ខែសីហា ឆ្នាំ​២០២៣ Usyk បាន​យកឈ្នះ​នៅ​ទឹក​ទី​៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ