ប្រទេសអាល់ហ្សេរី ៖ ការអបអរម្ចាស់ជើងឯកលីគកំពូលបាល់ទាត់ប្រទេសអាល់ហ្សេរី Ligue Professionnelle 1 រដូវកាល ២០២៤-២០២៥ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ប្រែក្លាយជាសោកនាដកម្មដ៏រន្ធត់ឆក់យកជីវិតអ្នកគាំទ្រ៣នាក់ និងជាង៧០នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។
ក្រសួងសុខាភិបាលអាល់ហ្សេរីបានរាយការណ៍ថា មនុស្ស៣នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ពីកន្លែងអ្នកគាំទ្រជាន់លើនៃកីឡដ្ឋាន 5 July ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Algiers បន្ទាប់ពីសំឡេងកញ្ចែអាជ្ញាកណ្តាលបានផ្ទុះបញ្ចប់ការប្រកួតដែលម្ចាស់ផ្ទះ MC Alger ស្មើជាមួយក្រុមភ្ញៀវ NC Magra ០-០ ការប្រកួតសប្តាហ៍ចុងក្រោយ ក្របខណ្ឌលីគកំពូលអាល់ហ្សេរី ដើម្បីកំណត់ជាផ្លូវការថា MC Alger គឺជាម្ចាស់ជើងឯករដូវកាល ២០២៤-២៥។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា មនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅពេលដែលបង្កាន់ដៃសុវត្ថិភាពមួយបានបាក់ ក្រោយពេលអ្នកគាំទ្របាននាំគ្នាសម្រុករត់មកខាងមុខដើម្បីអបអរសាទរ ហើយបានរអិលធ្លាក់ចុះមកជាន់ក្រោម។ ក្រសួងសុខាភិបាលអាល់ហ្សេរីបានឱ្យដឹងថា មនុស្សជាង៧០នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន៣ផ្សេងគ្នា ដោយបន្ថែមថា ក្រោយមកភាគច្រើននៃអ្នករងរបួស ត្រូវបានអនុញ្ញាឱ្យចាកចេញពីមន្ទីរពេទ្យហើយ។ ជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានរាយការណ៍ថា បណ្តាកីឡាករ និងសមាជិកមកពីក្រុម MC Alger បាននាំគ្នាធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ដើម្បីបរិច្ចាគឈាមដល់អ្នករងរបួស។
កីឡដ្ឋាន 5 July ពោរពេញទៅដោយអ្នកគាំទ្រប្រមូលផ្តុំគ្នា សម្រាប់ការប្រកួតសប្តាហ៍ចុងក្រោយ ដោយក្រុម MC Alger ការពារតំណែងជើងឯកលីគបានសម្រេច និងជាការឈ្នះជើងឯកលើកទី៥របស់ខ្លួនផងដែរ។ អំឡុងពេលនៃការប្រកួត អារម្មណ៍អ្នកគាំទ្រពុះកញ្ជ្រោលខ្លាំង ដោយមានផ្សែងពណ៌បៃតងចេញពីកាំជ្រួចដៃឆាបឆេះពេញកីឡដ្ឋាន មុនពេលកើតមានហេតុការណ៍ដ៏រន្ធត់ ហើយបន្ទាប់ពីសោកនាដកម្មកើតឡើង កម្មវិធីលើកពានរង្វាន់របស់ក្រុម MC Alger ក៏ត្រូវបានពន្យារពេល។ ស្របពេលដែលប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune បានចូលរួមរំលែកទុក្ខ និងជូនពរឱ្យអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយ៕







ចែករំលែកព័តមាននេះ