អ្នកគាំទ្របាល់ទាត់ចិនចង់ឱ្យរំសាយក្រុមជម្រើសជាតិចោល ក្រោយចាញ់ឥណ្ឌូណេស៊ីអស់ឱកាសប្រជែងកៅអី World Cup
9 ម៉ោង មុន
ប្រទេសចិន ៖ បន្ទាប់ពីការចាញ់ក្នុងលទ្ធផល ១-០ របស់ក្រុមបាល់ទាត់ជម្រើសជាតិចិន ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ការប្រកួតក្នុងពូល C ជម្រុះជុំទី៣ នៃពានរង្វាន់…
ប្រទេសចិន ៖ បន្ទាប់ពីការចាញ់ក្នុងលទ្ធផល ១-០ របស់ក្រុមបាល់ទាត់ជម្រើសជាតិចិន ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ការប្រកួតក្នុងពូល C ជម្រុះជុំទី៣ នៃពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ ប្រចាំតំបន់អាស៊ី និងអស់សិទ្ធិប្រជែងសំបុត្រយន្តហោះទៅកាន់ប្រទេសសហម្ចាស់ផ្ទះកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកសម្រាប់ការប្រកួតព្រឹត្តិការណ៍ឆ្នាំក្រោយហើយនោះ អ្នកគាំទ្រជនជាតិចិនជាច្រើនបានបង្ហាញការខឹងសម្បារខ្លាំងលើបណ្តាញសង្គម ដោយចំអកក្រុមជម្រើសជាតិពួកគេ ហើយខ្លាំងជាងនេះទៀត ថែមទាំងបានអំពាវនាវឱ្យមានការរំសាយក្រុមចោលទៀតផង។ នេះបើតាមប្រភពពីសារព័ត៌មាន South China Morning Post និង VnExpress បានចេញផ្សាយកាលពីថ្មីៗនេះ។
ជាមួយលទ្ធផលបរាជ័យនេះ ក្រុមជម្រើសជាតិចិនឈរនៅបាតតារាងដោយមានត្រឹមតែ ៦ពិន្ទុប៉ុណ្ណោះ ឈ្នះ២ និងចាញ់៧ ហើយអស់ឱកាសដណ្តើមកៅអីការប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ បើបីពួកគេសល់១ប្រកួតចុងក្រោយ ដែលត្រូវតទល់នឹងក្រុមភ្ញៀវបារ៉ែន នៅថ្ងៃទី១០ ខែមិថុនា ខាងមុខនេះ។ នៅក្នុងពូល C ជប៉ុនបានកក់កៅអី World Cup ឆ្នាំក្រោយ ចំណែកអូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត រង់ចាំត្រូវអ៊ុតប្រកួតចុងក្រោយ រីឯឥណ្ឌូណេស៊ីបន្តទៅការប្រកួតជម្រុះជុំទី៤ ដ្បិតបារ៉ែន និងចិនអស់ឱកាសត្រឹមនេះ។ តាមច្បាប់ការប្រកួត ក្រុមកំពូលពីរក្នុងពូលនីមួយៗក្នុងចំណោម៣ពូល បានកៅអីស្វ័យប្រវត្តិទៅព្រឹត្តិការណ៍ World Cup ស្របពេលក្រុមលេខ៣ និងលេខ៤ បន្តទៅការប្រកួតជម្រុះជុំទី៤។
ទម្រង់លេងរបស់ក្រុមជម្រើសជាតិចិន បានបង្កឱ្យមានការរិះគន់ចំៗលើគ្រូបង្វឹកសញ្ជាតិក្រូអាត លោក Branko Ivankovic និងកីឡាកររបស់គាត់។ គណនីមួយបានសរសេរលើគេហទំព័រ Sina ដូច្នេះថា ជំហានដំបូងត្រូវរំសាយសមាគមបាល់ទាត់ចិនចោល។ បន្ទាប់មកក្រុមបាល់ទាត់ជម្រើសជាតិ។ រីឯម្នាក់ទៀតបានអធិប្បាយថា ក្រុមជម្រើសជាតិចិនធ្វើបានល្អណាស់។ ខ្ញុំគាំទ្រដល់ការរំសាយក្រុមមួយនេះ។ អ្នកខ្លះទៀតបានសម្ដែងការខកចិត្តយ៉ាងខ្លាំងថា ក្រុមចិនពិតជាគ្មានអ្នកណាលេងទេ។
ចែករំលែកព័តមាននេះ