អ្នកគាំទ្រម្នាក់ស្លា.ប់ អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Nations League
19 ម៉ោង មុន
ទីក្រុងមុយនិច ៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានបញ្ជាក់ពីការស្លាប់អ្នកគាំទ្រម្នាក់ អំឡុងពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Nations League រដូវកាល…
ទីក្រុងមុយនិច ៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានបញ្ជាក់ពីការស្លាប់អ្នកគាំទ្រម្នាក់ អំឡុងពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Nations League រដូវកាល ២០២៤-២៥ ដែលក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះអេស្ប៉ាញ ដើម្បីគ្រងជើងឯកនៅក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ។
អ្នកគាំទ្រម្នាក់បានធ្លាក់ចុះពីកន្លែងអង្គុយជាន់ទីពីរមកជាន់ក្រោម ដែលឧបទ្ទវហេតុនេះបានកើតឡើងអំឡុងពេលម៉ោងបន្ថែម១៥នាទីដងលើកទី១ នៃការប្រកួតនៅឯកីឡដ្ឋាន Allianz Arena មានមូលដ្ឋាននៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ដែលចុងក្រោយបានឃើញព័រទុយហ្គាល់បានយកឈ្នះអេស្ប៉ាញទាំងលំបាក ដោយការទាត់បាល់១១ម៉ែត្រកាត់សេចក្តីលទ្ធផល ៥-៣ បន្ទាប់ពីបញ្ចប់ការប្រកួត១២០នាទីស្មើគ្នា ២-២ ដើម្បីគ្រងជើងឯក UEFA Nations League រដូវកាល ២០២៤-២៥ និងជាលើកទីពីរនៅក្នុងប្រវត្តិសាស្ត្រ។
UEFA បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រកួតបានបន្ត ខណៈពេលដែលអ្នកគាំទ្រម្នាក់កំពុងត្រូវបានជួយសង្គ្រោះជីវិតដោយក្រុមគ្រូពេទ្យ និងអ្នកគ្រប់គ្រងកីឡដ្ឋាន ប៉ុន្តែជាអកុសលមិនអាចជួយជីវិតអ្នកគាំទ្ររូបនោះ ដោយការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រតាមរយៈការខិតខំប្រឹងប្រែងយ៉ាងល្អបំផុតពីក្រុមគ្រូពេទ្យបានឡើយ។ UEFA បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាទីបំផុត ចំពោះការបាត់បង់ជីវីតរបស់អ្នកគាំទ្ររូបនោះ។លោក Luis de la Fuente គ្រូបង្វឹកអេស្ប៉ាញបានបើកសន្និសីទសារព័ត៌មានក្រោយការប្រកួត ដោយការចូលរួមរំលែកទុក្ខជាមួយគ្រួសារអ្នកគាំទ្រដែលបានស្លាប់។ ស្របពេលខ្សែការពារព័រទុយហ្គាល់ Nuno Mendes ក្រោយបញ្ចប់ការប្រកួត ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អ្នកគាំទ្រដែលបានស្លាប់ផងដែរ។
គួរបញ្ជាក់ថា ក្រៅពីព័រទុយហ្គាល់គ្រងជើងឯក UEFA Nations League រដូវកាល ២០២៤-២៥ នៅក្នុងថ្ងៃជាមួយគ្នានោះ បារាំងក៏បានផ្តួលអាល្លឺម៉ង់ នៅឯកីឡដ្ឋាន MHPArena ទីក្រុងស្ទុតហ្គាត (Stuttgart) ប្រទេសអាល្លឺម៉ង់ ដោយលទ្ធផល ២-០ ដើម្បីក្លាយជាក្រុមចំណាត់ថ្នាក់លេខ៣ផងដែរ។
ចែករំលែកព័តមាននេះ