FIFA រងការរិះគន់ខ្លាំង ជុំវិញការប្រកួតនៅ Club World Cup 2025 មានអ្នកទស្សនាប្រហែល៦០០នាក់
8 ម៉ោង មុន
សហរដ្ឋអាមេរិក ៖ សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងជុំវិញការប្រកួតពានរង្វាន់ក្លិបលំដាប់ពិភពលោក Club World Cup ឆ្នាំ២០២៥…
សហរដ្ឋអាមេរិក ៖ សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងជុំវិញការប្រកួតពានរង្វាន់ក្លិបលំដាប់ពិភពលោក Club World Cup ឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិក បន្ទាប់ពីការប្រកួតរវាងក្រុមតំណាងកូរ៉េខាងត្បូង Ulsan Hyundai ទល់នឹងក្រុមមកពីអាហ្វ្រិកខាងត្បូង Mamelodi Sundowns កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ មានអ្នកទស្សនាផ្ទាល់ប្រហែល៦០០នាក់ប៉ុណ្ណោះ ។
អ្នកនិយមបណ្តាញសង្គមម្នាក់បានសរសេរលើបណ្តាញសង្គម X ថា FIFA Club World Cup គឺជាគ្រោះមហន្តរាយពិតប្រាកដសម្រាប់ក្រុមតូចៗ។ រីឯម្នាក់ទៀតក៏បានសរសេរថា តើមានអ្នកទស្សនាប៉ុន្មាននាក់នៅអ័រឡែនដូ? ម្នាក់ទៀតថា សូម្បីការប្រកួតលីគលំដាប់ទាបក៏ទាក់ទាញហ្វូងទស្សនាច្រើនជាងនេះដែរ។ ទន្ទឹមជាមួយគ្នានោះ អ្នកសង្កេតការណ៍ជាច្រើនបានសម្តែងការព្រួយបារម្ភថា ប្រសិនបើអ្នកគាំទ្របន្តស្ថិតនៅកម្រិតទាបបែបនេះ វាអាចប៉ះពាល់ដល់ភាពទំនុកចិត្ត និងភាពជឿជាក់នៃការប្រកួត។ អ្នកខ្លះបានព្រមានថា លោក Gianni Infantino ប្រធាន FIFA អាចនឹងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងលើស្ថានភាពបែបនេះ។
សូមជម្របថា ជំនួបនៅក្នុងពូល F ដែលក្រុម Mamelodi Sundowns បានយកឈ្នះលើក្រុម Ulsan Hyundai លទ្ធផល ១-០ ត្រូវបានកត់ត្រាមានអ្នកទស្សនាផ្ទាល់តិចបំផុតនៅព្រឹត្តិការណ៍ Club World Cup ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទោះបីជាការប្រកួតជាច្រើនផ្សេងទៀតក៏សង្កេតឃើញអំពីចំនួនអ្នកទស្សនាតិចដូចគ្នាផងដែរ។
ជាក់ស្តែង ជំនួបដែលក្រុមតោខៀវ Chelsea យកឈ្នះក្រុមម្ចាស់ផ្ទះ Los Angeles FC លទ្ធផល ២-០ កាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅ បានទាក់ទាញអ្នកទស្សនាចំនួន ២២ ១៣៧នាក់ នៅក្នុងកីឡដ្ឋាន Mercedes-Benz ដែលមានសមត្ថភាពផ្ទុកដល់ ៧៥ ០០០នាក់។ ការប្រកួតរវាងក្រុមប្រេស៊ីល Botafogo ទល់នឹងក្រុមម្ចាស់ផ្ទះ Seattle Sounders មានទស្សនា ៣០ ១៥១នាក់ក្នុងកីឡដ្ឋានមានកៅអី ៧២ ០០០។ ប្រកួតរវាងក្រុមយក្សអាល្លឺម៉ង់ Bayern Munich ទល់នឹងក្រុមនូវែលសេឡង់ Auckland City មានទស្សនា ២១ ១៥២នាក់ក្នុងកីឡដ្ឋានដែលមានកៅអី ២៦ ០០០នាក់។ ការប្រកួតផ្សេងទៀត ក៏ត្រូវបានសង្កេតឃើញអ្នកទស្សនានៅក្នុងកម្រិតទាបផងដែរ។ មានតែការប្រកួតចំនួន៣ប៉ុណ្ណោះ មានអ្នកទស្សនាលើសពី៥ម៉ឺននាក់ គឺជំនួបរវាងក្រុមយក្សអ៊ីតាលី Inter Miami ទល់នឹងក្រុមអេហ្ស៊ីប Al Ahly ជំនួបរវាង PSG ទល់នឹងក្រុម Atletico Madrid ព្រមទាំងជំនួបរវាង Boca Juniors ទល់នឹង Benfica។
ចែករំលែកព័តមាននេះ