រឿងដ៏រំជួលចិត្តនៅពីក្រោយការចាញ់ ១០-០ របស់ក្រុម Auckland City កំពុងផ្ទុះខ្លាំងលើបណ្តាញសង្គម
20 ម៉ោង មុន
សហរដ្ឋអាមេរិក ៖ ក្រុមបាល់ទាត់ Auckland City មកពីប្រទេសនូវែលសេឡង់កំពុងតែបង្កើតចំណងជើងជាច្រើន ព្រមទាំងការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាសារព័ត៌មានអន្តរជាតិ បន្ទាប់ពីពួកគេចាញ់ក្រុមយក្សអាល្លឺម៉ង់ Bayern…
សហរដ្ឋអាមេរិក ៖ ក្រុមបាល់ទាត់ Auckland City មកពីប្រទេសនូវែលសេឡង់កំពុងតែបង្កើតចំណងជើងជាច្រើន ព្រមទាំងការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាសារព័ត៌មានអន្តរជាតិ បន្ទាប់ពីពួកគេចាញ់ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ធ្ងន់ធ្ងរបំផុតលទ្ធផល ១០-០ ក្នុងការប្រកួតបើកឆាកពូល C ពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិក។ ជំនួបមួយនេះ បានបង្កើតកំណត់ត្រាជាការប្រកួតមានគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍នេះផងដែរ។
យ៉ាងណាមិញ តាមសារព័ត៌មានអន្តរជាតិជាច្រើនបង្ហាញចុះផ្សាយថា Auckland City ដែលជាម្ចាស់ជើងឯកលីគកំពូលនូវែលសេឡង់ National League ឆ្នាំ២០២៤ និងជាជើងឯកប្រចាំទ្វីបអូសេអានីឆ្នាំ២០២៥ (OFC Champions League) ភាគច្រើនកីឡាកររបស់ពួកគេ គឺជាកីឡាករពាក់កណ្តាលអាជីព ដោយមួយចំនួននៅផ្ទះ និងទើបបញ្ចប់ការសិក្សាសាកលវិទ្យាល័យ ហើយខ្លះទៀតកំពុងបំពេញការងារពេញម៉ោងក្រៅពីបាល់ទាត់ មិនដូចក្រុម Bayern Munich គូប្រជែងរបស់ពួកគេ ដែលជាកីឡាករអាជីព និងទទួលបានប្រាក់ឈ្នួលខ្ពស់នោះទេ។
ជាក់ស្តែង ប្រធានក្រុម Auckland City ខ្សែបម្រើ Mario Ilich គឺជាបុគ្កលលក់ក្នុងផ្សារទំនើបមួយកន្លែង។ ចំណែកអ្នកចាំទី Conor Tracey ជាបុគ្គលិកកាន់ស្តុកនៅឃ្លាំងផ្គត់ផ្គង់ថ្នាំពេទ្យសត្វមួយ ស្របពេលកីឡាករផ្សេងទៀតទើបបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យ និងខ្លះទៀតក៏មានការងារពេញម៉ោងក្រៅពីបាល់ទាត់ផ្សេងៗពីគ្នាផងដែរ។ ពួកគេក៏ត្រូវបែងចែកពេលវេលាហ្វឹកហាត់ជាមួយក្រុមបានត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ជាពិសេសដើម្បីពង្រឹងកាយសម្បទាចៀសវាងការរមួលសាច់ដុំ អំឡុងការប្រកួត។
ក្លិប Auckland City ទទួលបានការគោរព និងសាទរយ៉ាងខ្លាំងពីប្រជាជននូវែលសេឡង់ ដោយពួកគេលេងក្នុងកីឡដ្ឋាន Kiwitea Street មានសមត្ថភាពផ្ទុកអ្នកទស្សនាបាន៥ពាន់នាក់ ខណៈដែលអ្នកគាំទ្រមួយចំនួនត្រូវឈរទស្សនា ដ្បិតការចំណាយសរុបរបស់ពួកគេសម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ គឺមានចំនួនច្រើនជាងទ្វេដងនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្លិបទៅទៀត ប៉ុន្តែវាជាមោទកភាពមួយក្នុងនាមជាក្រុមតំណាងប្រទេសនូវែលសេឡង់តែមួយគត់ សម្រាប់ការប្រកួតនៅឆ្នាំនេះ ដោយត្រូវប្រឈមមុខជាមួយក្រុមកំពូលលំដាប់ពិភពលោក។
រឿងកាន់តែលំបាកចំពោះ Auckland City គឺពួកគេពុំមានក្រុមកីឡាករពេញលេញមួយសម្រាប់ការប្រកួតនោះទេ ព្រោះកីឡាករមួយចំនួនមិនអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបានដោយសារបញ្ហាផ្ទាល់ខ្លួន និងការងារ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ កីឡាករដែលអាចចូលរួមជាមួយក្រុមប្រកួតដោយមោទកភាពតំណាងក្លិប និងប្រទេសជាតិ បើទោះជាមិនទទួលបានប្រាក់ឈ្នួលពេញម៉ោងយ៉ាងណាក៏ដោយ។
ចែករំលែកព័តមាននេះ