ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

David Beckham ទទួល​បាន​គោរមងារ «Sir» ពី​ព្រះមហាក្សត្រ​ចក្រភព​អង់គ្លេស

13 ម៉ោង មុន

ចក្រភព​អង់គ្លេស ៖ លោក David Beckham ត្រូវ​បាន​ស្ដេច​ឆា​លស៍​ទី​៣ (Charles III) នៃ​ចក្រភព​អង់គ្លេស​តែងតាំង​គោរមងារ «Sir»…

ចក្រភព​អង់គ្លេស ៖ លោក David Beckham ត្រូវ​បាន​ស្ដេច​ឆា​លស៍​ទី​៣ (Charles III) នៃ​ចក្រភព​អង់គ្លេស​តែងតាំង​គោរមងារ «Sir» ជា​ផ្លូវការ ដែល​ជា​គោរមងារ​កិត្តិយស​ថ្នាក់​ជាតិ​ខ្ពស់​បំផុត​មួយ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ កន្លង​ទៅ សម្រាប់​សមិទ្ធផល​លើ​វិស័យ​កីឡា និង​សប្បុរសធម៌​។

វីរបុរស​បាល់ទាត់​ចក្រភព​អង់គ្លេស​វ័យ​៥០​ឆ្នាំ​រូប​នេះ បាន​ទទួល​គោរមងារ «Sir» ក្នុង​បញ្ជី​កិត្តិយស​នៅ​ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​៧៦​ព្រះ​វស្សា​របស់​ស្តេច​ឆា​លស៍​ទី​៣ ដែល​ទទួលស្គាល់​សម្រាប់​សមិទ្ធផល​ដ៏​ឆ្នើម​លើ​វិស័យ​កីឡា ក៏​ដូច​ជា​ការ​រួមចំណែក​ដ៏​សំខាន់​ដល់​សង្គម​ជាតិ​អង់គ្លេស​។ ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅ Beckham នឹង​ត្រូវ​បាន​គ្រប់​គ្នា​ស្គាល់​ថា «Sir David Beckham» ហើយ​អ្នកស្រី Victoria Beckham ដែល​ត្រូវជា​ភរិយា ក៏​នឹង​ត្រូវ​បាន​គ្រប់​គ្នា​ស្គាល់​ថា «Lady Victoria Beckham»​។

ក្រៅ​អំពី​មាន​អាជីព​បាល់ទាត់​ដ៏​អស្ចារ្យ​ហើយ​នោះ សហ​ម្ចាស់​ក្លិប Inter Miami នៃ​លី​គ​កំពូល​អា​មេ​រិ​ក​រូប​នេះ បាន​បម្រើ​ការ​ជា​ឯកអគ្គរដ្ឋទូត​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) តាំងពី​ឆ្នាំ​២០០៥ ហើយ​អតីត​ខ្សែបម្រើ​ឆ្នើម​រូប​នេះ ក៏​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​សម្រាប់​អង្គការ​សប្បុរសធម៌​របស់​ស្តេច​ឆា​លស៍ ដែល​ជា​មូលនិធិ King’s Foundation កាលពី​ឆ្នាំ​២០២៤​។

សូម​ជម្រាប​ជូន​ថា Sir David Beckham ដែល​ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី Order of the British Empire (OBE) កាលពី​ឆ្នាំ​២០០៣​រូប​នេះ បាន​បង្ហាញខ្លួន​១១៥​ប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​លេង​៥៩​ប្រកួត​ក្នុង​នាម​ជា​ប្រធាន​ក្រុម ហើយ​រូបគេ​ក៏​នៅ​តែ​ជា​កីឡាករ​អង់គ្លេស​តែ​ម្នាក់​គត់ ដែល​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​នៅ​ព្រឹត្តិការណ៍ World Cup ៣​សម័យកាល​ផ្សេង​គ្នា ព្រមទាំង​បាន​បង្ហាញខ្លួន​នៅ​គ្រប់​ប្រកួត​សំខាន់​ៗ​របស់​ក្រុម​រហស្សនាម​តោ​កំណាច​មួយ​នេះ​ចន្លោះ​ឆ្នាំ ១៩៩៨ និង​២០០៦​។

អតីត​ខ្សែបម្រើ​ឆ្នើម​ជំនាញ​បញ្ជូន​បាល់​ឆ្ងាយ និង​ទាត់​បាល់​ហ្វ្រី​ឃិ​ត​រូប​នេះ បាន​ជួយ​ក្រុម Manchester United ឈ្នះ​ជើងឯក​លី​គ​កំពូល​អង់គ្លេស Premier League ៦​សម័យកាល រួម​ទាំង​ពាន FA Cup, FA Charity Shield, UEFA Champions League និង Intercontinental Cup ជា​ពិសេស​ការ​ឈ្នះ​ពានរង្វាន់​ធំ​៣​ក្នុង​មួយ​រដូវ​កាល​ដ៏​ល្បីល្បាញ​កាលពី​ឆ្នាំ​១៩៩៩​។ Beckham ក៏​បាន​ជួយ​ក្រុម Real Madrid ឈ្នះ​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ LA Liga ព្រមទាំង Spanish Super Cup មុន​បន្ត​ជួយ LA Galaxy ឈ្នះ​ពានរង្វាន់ MSL ២​លើក​នៅ​អា​មេ​រិ​ក និង​ជើងឯក​លី​គ​កំពូល​បារាំង Ligue 1 ១​លើក​ជាមួយ Paris Saint-Germain មុន​ពេល​ប្រកាស​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៣​។

កាលពី​ខែឧសភា​កន្លង​ទៅ លោក David Beckham ព្រមទាំង​ភរិយា​បាន​ជាប់​ឈ្មោះ​ក្នុង​ចំណោម​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​ចក្រភព​អង់គ្លេស ខណៈ​ដែល​ទ្រព្យ​សុទ្ធ​ប្តី​ប្រពន្ធ​ដ៏​ល្បីល្បាញ​មួយគូ​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​សរុប​ដល់ ៥០០​លាន​ផោន ឬ​ស្មើនឹង ៦៧១​លាន​ដុល្លារ​អា​មេ​រិ​ក​។

បញ្ជី​ដែល​ចងក្រង​ដោយ​កាសែត Sunday Times ដ៏​ល្បី​របស់​ចក្រភព​អង់គ្លេស ត្រូវ​បាន​បោះពុម្ពផ្សាយ​ដោយ​បង្ហាញ​អំពី​បុគ្គល និង​គ្រួសារ​ដ៏​មាន​បំផុត​ចំនួន​៣៥០​នាក់ នៅ​ចក្រភព​អង់គ្លេស​។ Beckham និង​ភរិយា​បាន​ជាប់​ក្នុង​ចំណាត់ថ្នាក់​ទី​២៧៣ ដោយ​កើនឡើង​២៤​ចំណាត់ថ្នាក់ បើ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ប្តី​ប្រពន្ធ​មួយគូ​នេះ បាន​បង្ហាញ​វត្តមាន​លើក​ដំបូង​ក្នុង​បញ្ជី​មួយ​នេះ កាលពី​ឆ្នាំ​២០០២ ដោយ​គ្រានោះ ពួក​គេ​មានទ្រព្យ​សម្បត្តិ​ត្រឹមតែ​៣៥​លាន​ផោន ឬ​ស្មើនឹង ៤៧​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។

លោក​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​ម៉ាក​យីហោ​ល្បី​លំដាប់​ពិភពលោក​ជា​ច្រើន​ដូច​ជា Adidas, Hugo Boss, Haig Club, Armani និង Maserati ក៏​ដូច​ជា​ម៉ាក​យីហោ​ផ្ទាល់ខ្លួន​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ក៏​ជា​សហ​ម្ចាស់​ក្លិប​បាល់ទាត់ Inter Miami នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក ដែល​មាន​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi កំពុង​ប្រកប​អាជីព​នៅ​ទីនោះ​។ ដោយសារ​តែ​ប្រាក់​ចំណូល​ហូរ​ចូល​ដូច​ទឹក​នេះ​ហើយ ទើប​បានជា​ឥឡូវនេះ Beckham គឺជា​អត្ត​ព​លិ​ក​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​បំផុត​នៅ​ចក្រភព​អង់គ្លេស​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​កាសែត Daily Mail ។

ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​គ្រួសារ​ត្រកូល Beckham ក៏​បាន​រួមចំណែក​ដ៏​សំខាន់​ពី​អ្នកស្រី Victoria ផង​ដែរ តាម​រយៈ​អាជីព​ម៉ូ​ដ​ដ៏​កំពុង​រីក​ចម្រើន​របស់​អ្នកស្រី​។ ម៉ាក​យីហោ​ដ៏​ល្បី​របស់​អ្នកស្រី​នៅ​តែ​បន្ត​បោះ​ជំហាន​ទៅ​មុខ និង​រីក​ចម្រើន​ជា​បន្តបន្ទាប់ ដោយសារ​មួយ​ផ្នែក​ទទួល​បានការ​គាំទ្រ​ពី​តារា​ល្បី​ៗ​ជា​ច្រើន​ដូច​ជា Eva Longoria, Kim Kardashian និង Gwyneth Paltrow ជាដើម​។ ជាមួយ​ទ្រព្យសម្បត្តិ​ចំនួន​៦៧១​លាន​ដុល្លារ​អា​មេ​រិ​ក​ឈរ​ពីក្រោយ​ស្តេច​ឆា​លស៍​ទី​៣ ដែល​ទ្រព្យ​ព្រះ​អង្គ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ប្រហែល​៦៤០​លាន​ផោន ឬ ៨៦០​លាន​ដុល្លារ​នោះ Beckhams កំពុង​តែ​ស្ថិត​ក្នុង​ចំណោម​ក្រុម​អភិជន​នៃ​គ្រួសារ​អ្នកមាន​ជនជាតិ​អង់គ្លេស​៕ ដកស្រង់ ៖ ESPN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ