ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជម្រើសជាតិ​អ៊ូ​ស​បេ​គី​ស្ថាន​បាន​រថយន្ត​ទំនើប​ម្នាក់​១​គ្រឿង​ជា​ការ​តបស្នង ក្រោយ​ឈ្នះ​កៅអី World Cup លើក​ដំបូង

1 ថ្ងៃ មុន

ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន Zamin និង Kursiv Media Kazakhstan កាលពី​ពេល​ថ្មី​ៗ​នេះ បាន​រាយការណ៍​ថា…

ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន Zamin និង Kursiv Media Kazakhstan កាលពី​ពេល​ថ្មី​ៗ​នេះ បាន​រាយការណ៍​ថា កីឡាករ និង​គ្រូបង្វឹក​ទាំងអស់​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឈុត​ធំ​បុរស​អ៊ូ​ស​បេ​គី​ស្ថាន​ទទួល​បាន​រថយន្ត​ស៊េរី​ទំនើប​ម្នាក់​១​គ្រឿង​ជា​ការ​តបស្នង បន្ទាប់​ពី​ពួក​គេ​នាំ​យក​ភាព​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ដោយ​ឈ្នះ​កៅអី​ការ​ប្រកួត​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦ ដែល​ប្រទេស​កា​ណា​ដា ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា​។

អ៊ូ​ស​បេ​គី​ស្ថាន បញ្ចប់​ភារកិច្ច​វគ្គ​ជម្រុះ​ជុំ​ទី​៣ ពូ​ល A ប្រចាំ​តំបន់​អាស៊ី ដោយនៅ​ចំណាត់ថ្នាក់​លេខ​២ ដោយ​ដឹក​ដៃ​ក្រុម​កំពូល​តារាង​អ៊ី​រ៉​ង់ ឡើង​ទៅ​កាន់ការ​ប្រកួត​ជុំ​ចុង​ក្រោយ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦​។ ចំណែក​អា​រ៉ាប់​រួម និង​កា​តា បន្ត​ទៅ​កាន់​វគ្គ​ជម្រុះ​ជុំ​ទី​៤ ខណៈ​ដែល​ក្កៀ​ហ្ស៊ី​ស៊ី​ស្ថាន កូរ៉េ​ខាងជើង​អស់​ឱកាស​ត្រឹម​ជម្រុះ​ជុំ​ទី​៣​។

សម្រាប់​អ៊ី​រ៉​ង់​គឺជា​ការ​ឈ្នះ​កៅអី​ជុំ​ចុង​ក្រោយ​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី​៦ ដ្បិត​អ៊ូ​ស​បេ​គី​ស្ថាន​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​លោក Timur Kapadze បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​រយៈពេល​៩៧​ឆ្នាំ ចាប់តាំងពី​ក្រុម​ជម្រើសជាតិ​របស់​ប្រទេស​នៅ​អាស៊ី​កណ្តាល​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​។

សមិទ្ធិ​ផល​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​ជំរុញ​ឱ្យ​មានការ​ប្រារព្ធ​ពិធី​អបអរ​នៅ​ទូ​ទាំង​ប្រទេស ហើយ​ប្រធានាធិបតី​អ៊ូ​ស​បេ​គី​ស្ថាន លោក Shavkat Mirziyoyev បាន​ធ្វើ​ឱ្យ​ប្រាកដ​ថា​ជា​ពេលវេលា​ចង​ចាំ​របស់​ជាតិ ដោយ​បាន​ប្រគល់​រថយន្ត​អគ្គិសនី​ចិន​ស៊េរី​ទំនើប​ចំនួន​៤០​គ្រឿង ដែល​ចត​តម្រៀប​គ្នា​នៅ​កីឡដ្ឋាន Milliy ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​តា​ស្កិ​ន (Tashkent) ពោល​ក្រោយ​ជ័យជម្នះ​របស់​ពួក​គេ​លើ​ក្រុម​ភ្ញៀវ​កា​តា​លទ្ធផល ៣-០ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ដើម្បី​បិទ​បញ្ចប់​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣​។

ក្រៅពី​ជា​ម្ចាស់​កម្មសិទ្ធិ​រថយន្ត​ស៊េរី​ទំនើប​ម្នាក់​១​គ្រឿង​ហើយ​នោះ លោក​ប្រធានាធិបតី Shavkat Mirziyoyev ក៏​បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ ដើម្បី​ប្រគល់​ពាន​កិត្តិយស និង​មេដាយ​ថ្នាក់​ជាតិ​ដល់​កីឡាករ និង​ក្រុម​គ្រូបង្វឹក និង​សមាជិក​ក្រុម​ជម្រើសជាតិ​ទាំងអស់​ផង​ដែរ​។

សូម​ជម្រាប​ថា តាម​ច្បាប់​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ក្រុម​កំពូល​ទាំង​ពីរ​ក្នុង​ពូ​ល​នីមួយ​ៗ​ក្នុង​ចំណោម​៣​ពូ​ល (A,B,C) បាន​កៅអី​ស្វ័យប្រវត្តិ​ទៅ​កាន់ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup ស្រប​ពេល​ក្រុម​លេខ​៣ និង​លេខ​៤ បន្ត​ទៅ​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៤​។

ពូ​ល A ៖ អ៊ី​រ៉​ង់ និង អ៊ូ​ស​បេ​គី​ស្ថាន បាន​កៅអី​ស្វ័យប្រវត្តិ​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំ​ក្រោយ​។ ចំណែក​អា​រ៉ាប់​រួម និង​កា​តា បន្ត​ទៅ​កាន់ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៤ រីឯ​ក្កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​កូរ៉េ​ខាងជើង អស់​ឱកាស​ត្រឹមនេះ​។

ពូ​ល B ៖ កូរ៉េ​ខាងត្បូង និង ហ្ស៊​ក​ដា​នី បាន​កៅអី​ស្វ័យប្រវត្តិ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​ក្រោយ​។ ចំណែក​អ៊ី​រ៉ា​ក់ និង​អូ​ម៉​ង់ បន្ត​ទៅ​កាន់ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៤ រីឯ​ប៉ា​ឡេ​ស្ទី​ន និង​គុយ​វ៉ែត អស់​ឱកាស​ត្រឹមនេះ​។

ពូ​ល C ៖ ជប៉ុន និង អូស្ត្រាលី បាន​កៅអី​ស្វ័យប្រវត្តិ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​ក្រោយ​។ ចំណែក​អា​រ៉ា​ប៊ី​សា​អូឌីត និង​ឥណ្ឌូ​ណេ​ស៊ី បន្ត​ទៅ​កាន់ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៤ រីឯ​ចិន និង​បា​រ៉ែ​ន អស់​ឱកាស​ត្រឹមនេះ​។

គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៥ ក្រុម​កក់​កៅអី​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​ក្រោយ រួម​មាន ៖ តំបន់​អាស៊ី អូស្ត្រាលី អ៊ី​រ៉​ង់ ជប៉ុន ហ្ស៊​ក​ដា​នី កូរ៉េ​ខាងត្បូង និង អ៊ូ​ស​បេ​គី​ស្ថាន​, តំបន់ CONCACAF សហ​ម្ចាស់ផ្ទះ​កា​ណា​ដា ម៉ិ​ក​ស៊ិ​ក សហរដ្ឋអាមេរិក (​សិទ្ធិ​ស្វ័យប្រវត្តិ​), តំបន់​អា​មេ​រិ​ក​ខាងត្បូង អា​ហ្ស​ង់​ទី​ន ប្រេ​ស៊ី​ល អេ​ក្វា​ឌ័​រ និង​តំបន់​អូ​សេ​អា​នី នូ​វែ​ល​សេ​ឡង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ