ខេត្តកំពង់ចាម ៖ អគារ១ខ្នងសង់អំពីឈើប្រក់ក្បឿងរបស់ការិយាល័យពន្ធដារស្រុកកងមាស ដែលស្ថិតនៅក្បែរមាត់ទន្លេមេគង្គ ក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស បានបាក់ពុកផុយរកកល់នឹងរលំស្ទើរទាំងស្រុងទៅហើយ ឯក្បឿងជ្រុះរាយប៉ាយមកលើដី។ រយៈពេល៤-៥ឆ្នាំមកហើយអគារនេះមិនទាន់ឃើញមានការស្ថាបនាជាថ្មីឱ្យលេចចេញជារូបរាងនៅឡើយទេ ព្រមទាំងមិនមានកន្លែងធ្វើការឡើយ ទោះបីស្ថាប័ននេះជាអ្នករកចំណូលចូលរដ្ឋរាប់រយលានរៀលក្នុង១ឆ្នាំៗក្តី បែរជាខ្ចីការិយាល័យខាងជលផលស្រុកដែលនៅក្បែរនោះធ្វើការទៅវិញ ។
លោក អ៊ែល ស្មាន ប្រធានស្នាក់ការពន្ធដារស្រុកកងមាសថ្លែងថា នៅឆ្នាំ១៩៨៤ រូបលោកបានចូលធ្វើការខាងវិភាគទានស្នេហាជាតិដែលកាលណោះមានបុគ្គលិកចំនួន៣នាក់ប៉ុណ្ណោះ លុះមកដលឆ្នាំ១៩៩១ ត្រូវបានគេបង្វែរទៅជាពន្ធដារស្រុក ។ ក្រោយមកប្រធានពន្ធដារស្រុកបានចូលនិវត្តន៍ជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០១០កន្លងទៅ លោកខោ ប៊ុននី បានចូលនិវត្តន៍ទៀត សល់តែរូបលោកម្នាក់មានការពិបាកក្នុងការបំពេញភារកិច្ចដោយសារតែគ្មានការិយាល័យធ្វើការ ព្រោះតែអគារការិយាល័យពន្ធដារស្រុកដែលសាងសង់អំពីឈើប្រក់ក្បឿងមានសភាពចាស់ទ្រុឌទ្រោមបាក់ពុកធ្លាក់ក្បឿងជ្រុះរាយប៉ាយមកលើដីស្ទើរតែទាំងស្រុងទៅហើយ។
លោកអ៊ែល ស្មាន បានបន្តទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រធានចាស់បានដាក់សំណើជូនលោកអភិបាលស្រុករហូតទៅដល់ខេត្ត ដើម្បីសុំថវិកាសាងសង់ការិយាល័យពន្ធដារថ្មី តែការទន្ទឹងរង់ចាំចេះតែបាត់ ទៅៗមកដល់សព្វថ្ងៃនេះ ។ មានពេលខ្លះ ដោយសារតែខាងជលផលគេមានកិច្ចការរវល់ជាច្រើន ក្នុងវិធានការបង្ក្រាបបទល្មើសនេសាទ ធ្វើឱ្យរូបលោកមិនមានកន្លែងធ្វើការក៏ត្រូវបង្ខំចិត្តយកផ្ទះរបស់ខ្លួនធ្វើជាការិយាល័យដើម្បីសរសេរបែបបទផ្សេងៗក្នុងការប្រមូលពន្ធ។ ដោយឡែកជាមធ្យមក្នុង១ឆ្នាំៗ រូបលោកអាចមានលទ្ធភាពប្រមូលពន្ធអាករបានប្រមាណពី១៥០ទៅ១៧០លានរៀលជូនជាតិផងដែរ ។
លោក ជីវ ហាក់ ប្រធានសាខាពន្ធដារខេត្តមានប្រសាសន៍តាមទូរស័ព្ទឱ្យដឹងថា ចំពោះសំណង់អគារការិយាល័យពន្ធដារស្រុកកងមាស ដែលមានសភាពចាស់ទ្រុឌទ្រោមនោះ រូបលោកបានដាក់សំណើចំនួន៣ឆ្នាំមកហើយទៅអគ្គនាយកដ្ឋានតាមរយៈខេត្ត តែរហូតមកដល់ខែសីហា ២០១១នេះទៅហើយនៅតែមិនទាន់ឃើញមានគម្រោងសំណង់អគារថ្មីនៅឡើយទេ។ ដោយឡែកនៅក្នុងខេត្តកំពង់ចាម ដូចជា ស្រុកក្រូចឆ្មារ ស្រុកកងមាស និងស្រុកពញាក្រែក មិនទាន់មានការិយាល័យពន្ធដារសម្រាប់ធ្វើការទេ ប៉ុន្តែចំពោះមន្ត្រីសម្រាប់បំពេញការងារនិងត្រូវឱ្យមន្ត្រីថ្មីដែលទើបតែជ្រើសរើសបានចំនួន២៥នាក់ទៅបន្ថែមកម្លាំងមិនឱ្យខ្វះខាតទេ ។
លោកលន់ លឹមថៃ អភិបាលរងខេត្ត មានប្រសាសន៍តាមទូរស័ព្ទឱ្យដឹងដែរថា ចំពោះសំណង់អគារសាងសង់អំពើឈើរបស់ការិយាល័យពន្ធដារស្រុកកងមាសដែលចាស់ទ្រុឌទ្រោមនោះ ខេត្តមិនមានថវិកាសម្រាប់សាងសង់ឱ្យទេគឺស្ថិតនៅលើខ្សែបណ្តោយរបស់សាខាពន្ធដារខេត្ត ៕
ចែករំលែកព័តមាននេះ