រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាលត្រូវបានស្ថាបនាជាស្ពានភ្លោះទ្វេទិស និងត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមហ៊ុន OCIC ជាអ្នកទទួលការសាងសង់ ។

បច្ចុប្បន្ន ការសាងសង់ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានលទ្ធផលដូចតទៅ ៖ ស្ពាន អាកាសទី១ សម្រេចបានការសាងសង់១០០% ហើយស្ពានអាកាសទី២ គ្រោងនឹងបញ្ចប់ការសាងសង់ នាដើមខែសីហា ឆ្នាំ២០២៥ ។ ចំពោះមុខ ដើម្បីជួយសម្រួលដល់លំហូចរាចរណ៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ សំដៅដោះស្រាយការកកស្ទះចរាចរឱ្យបានជាអតិបរមានោះសម្តេចមហាបវរ ធិបតី នាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ដូចខាងក្រោម ៖
ស្ពានអាកាសទី១ មានទិសដៅចរាចរណ៍តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តទៅ ។

ស្ពានអាកាសទី២ មានទិសដៅចរាចរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះមក មហាវិថីសម្តេចតេជោ ហ៊ុន សែន ចូលមករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ តទៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមគោរពច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា ៕

ចែករំលែកព័តមាននេះ