រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅក្នុងដីឡូត៍មួយកន្លែង ដោយមានស្នាមរបួសបែកក្បាល និងមានដំបងមួយប្រឡាក់ឈាមនៅក្បែរខ្លួនដែលគេសង្ស័យថា ជាករណីឃាតកម្មត្រូវបានឃាតករវាយសម្លាប់ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ និង៤០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែងនៅតំបន់អភិវឌ្ឍន៍ក្រុមហ៊ុមOCIC នៅក្នុងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។

សពបុរសរូបនោះ ពុំស្គាល់អត្តសញ្ញាណឡើយ មានអាយុជាង៣០ឆ្នាំ ពាក់អាវដៃខ្លីពណ៌ស និងពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ពីក្នុងស្លៀកខោខូវប៊យជើងវែង ។ នៅក្នុងហោប៉ៅខោមានទឹករំអិលចំនួន២កញ្ចប់, កូនសោរចំនួន៣កូន និងថ្នាំចំនួន២គ្រាប់ពណ៌ផ្កាឈូក និងពណ៌ស ។
តាមព័ត៌មានបានអោយដឹងថា នៅវេលាព្រឹកព្រលឹមស្រាងថ្ងៃទី១០ កក្កដា ឆ្នាំ២០២៥ មានអ្នកដំណើរម្នាក់បានជិះម៉ូតូតាមផ្លូវលំចូលទៅក្នុងបរិវេណតំបន់អភិវឌ្ឍន៍អូស៊ីអាយស៊ីក៏ប្រទះឃើញបុរសម្នាក់ដេកស្លាប់ផ្ងារនៅលើស្មៅជាប់គំរបលូ ដោយមានរបួសក្បាលរួចក៏រាយការណ៍ទៅសន្តិសុខក្រុមហ៊ុមOCIC ដែលជិះល្បាតនៅក្នុងតំបន់នោះនិងបន្តរាយការណ៍ទៅសមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលឡើង។

តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី៩ ខែកក្កដាឆ្នាំ ២០២៥ មានម៉ូតូជាច្រើនគ្រឿង បានជិះចូលទៅតំបន់នោះក្រោយមកគេបានឮសំឡេងម៉ូតូរោទិ៍ខ្លាំងៗបើកចេញទៅតែពុំមាននរណាម្នាក់ចាប់អារម្មណ៍ឡើយ។
លុះព្រឹកឡើងស្រាប់តែមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកដំណើរឆ្លងកាត់ក៏បានប្រទះឃើញសពបុរសរូបនោះដេកស្លាប់ឲ្យមានស្នាមរបួសក្បាល។នៅកន្លែងកើតហេតុគេឃើញមានដំបង មែកឈើដើមលឿងរាជមួយ កំណាត់ប្រឡាក់ឈាម បែកសំបកខាងចុង ដែលគេសង្ស័យថា ត្រូវបានឃាតករប្រើសម្រាប់ វាយទៅលើកជនរងគ្រោះបណ្ដាឲ្យស្លាប់ ។

ទោះបីជាយ៉ាងណា គេពុំដឹងថា ជនរងគ្រោះមានទំនាស់អ្វីនោះទេ បានជាត្រូវឃាតករវាយសម្លាប់បែបនេះ ។ នៅព្រឹកនោះដែរ សមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណព្រមទាំងស្រាវជ្រាវរកឃាតករដើម្បីផ្តន្ទាទោសតាមច្បាប់។
តាមការពិនិត្យកន្លែងកើតហេតុ សាកសពយ៉ាងល្អិតល្អន់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានធ្វើការសន្និដ្ឋានថា ស្លាប់បុរសរូបនោះស្លាប់ដោយវាយក្បាលខាងក្រោយ (ករណីឃាតកម្ម វាយសម្លាប់)។ សពត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំបងប្អូន៕
ចែករំលែកព័តមាននេះ