ខេត្តកំពង់ស្ពឺ ៖ កូនប្រុសចិត្តតិរច្ឆានម្នាក់ បានត្រូវនគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនតាមបណ្តឹងរបស់ម្តាយបង្កើត កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ នៅភូមិព្រៃរមៀត ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ក្រោយពីកូនប្រុសរូបនេះសុំលុយ២ម៉ឺនរៀលមិនបាន ក៏វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងគំរាមសម្លាប់ម្ដាយ និងបងប្អូននៅក្នុងផ្ទះទៀត ។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា កូនប្រុសចិត្តខ្មៅនេះឈ្មោះ ញ៉េន លីហួរ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះជាមួយម្តាយនិងបងប្អូន ។ កាលពីវេលាម៉ោងប្រមាណ១និង៥០នាទីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នគរបាលប៉ុស្តិ៍ឃុំព្រៃរំដួល បានទទួលពាក្យបណ្ដឹងពីស្ត្រីឈ្មោះ សួស នី អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃរមៀត ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ប្ដឹងរៀបរាប់ថា នៅវេលាម៉ោងប្រមាណ៦និង១០នាទីល្ងាច នៃថ្ងៃមួយក្នុងខែសីហា ឆ្នាំ២០២៤ កូនប្រុសឈ្មោះ ញ៉េន លីហួរ នេះ បានសុំលុយគាត់ចំនួន២ម៉ឺនរៀល តែគាត់មិនឱ្យក៏ខឹង ហើយបានធាក់គ្រែអង្គុយលេង បាក់ជើងគ្រែអស់១ និងជេរប្រមាថមកលើគាត់ជាម្ដាយ និងក្រុមគ្រួសារថែមទៀត ។
ពាក្យបណ្ដឹងបន្តថា លុះមកដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ កូនប្រុសរូបនេះ បានយកដុំថ្មគប់បំផ្លាញម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ ហើយនិយាយគំរាមកាប់សម្លាប់គាត់ជាម្ដាយ និងបងប្អូននៅក្នុងគ្រួសារទាំងអស់ ។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ស្ត្រីជាម្តាយ នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលបានហៅជនខាងលើមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃរំដួល ។ កូនប្រុសរូបនេះបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព និងគំរាមសម្លាប់ម្តាយ និងបងប្អូនដូចការរៀបរាប់ខាងលើប្រាកដមែន ។
បច្ចុប្បន្ន កូនប្រុសតិរច្ឆានរូបនេះត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ