រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ប្រទេសកម្ពុជាធ្លាប់មានប្រព័ន្ធច្បាប់សម្រាប់ដឹកនាំ និងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ ។ ការលើកឡើងរបស់សម្តេចធិបតីដូចនេះ ធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតីបានលើកឡើងថា ផ្អែកតាមប្រវត្តិសាស្ត្រសិលាចារិកបានបង្ហាញថាប្រទេសកម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រង និងដឹកនាំប្រទេសតាំងពីសម័យហ្វូណនរហូតដល់សម័យកាលនៃទំនើបភាវូបនីយកម្មច្បាប់ខ្មែរតាមបែបបារាំងនៅពាក់កណ្តាលសតវត្សរ៍ទី១៩ ដែលកាលនោះច្បាប់កំពូលរបស់យើងមាននាមថា ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ ដែលមានឧត្តមានុភាពគ្រប់គ្រងលើអំណាចទាំងអស់ រួមទាំង អំណាចរបស់ព្រះមហាក្សត្រផងដែរ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ផ្អែកតាមសិលាចារិកនៅសម័យអង្គរព្រះមហាក្សត្របានលើកតម្កើងព្រះធម្មសាស្ត្រជាច្បាប់កំពូល និងគោរពប្រតិបត្តិតាមរាជបវេណី ដោយតម្កល់លើព្រះសិរសារបស់ព្រះអង្គ ដើម្បីថែរក្សាព្រះរាជគុណធម៌ជាព្រះធម្មរាជា ឬជាព្រះរាជាទ្រង់ធម៌ ដែលទំនៀមនេះបានគូសបញ្ជាក់អំពីទស្សនវិជ្ជានយោបាយដឹកនាំប្រទេសផង និងទស្សនវិជ្ជាដឹកនាំខ្លួនតាមបែបជំនឿ ឬសាសនា របស់ប្រជារាស្ត្រទូទាំងប្រទេសផង ដោយព្រះរាជវីរគំរូរបស់ព្រះមហាក្សត្រក្នុងការបដិបត្តិព្រះរាជធម៌ ឬ ទសពិធរាជធម៌ ដើម្បីជាមហាកុសលផ្តល់សេចក្តីសុខក្សេមក្សាន្ត សម្បូររុងរឿងដលល់បណ្តាប្រជានុរាស្ត្រនៃអាណាចក្ររបស់ព្រះអង្គ ហើយថាច្បាប់ខ្មែរបុរាណមានលំនាំទស្សនវិជ្ជាតាមបែបចម្រុះនៃជំនឿ សាសនា រួមមាន ជំនឿអរូបី ពោលគឺជំនឿលើអ្នកតាម្ចាស់ទឹកម្ចាស់ដី ព្រៃព្រឹក្សា ខេត្ត ស្រុក ភូមិជាដើម ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាទាំងហីនយាន និងមហាយាន ហើយចាប់តាំងពីដំណើរការទំនើបភាវូបនីយកម្មច្បាប់ខ្មែរតាមបែបបារាំងនាឆ្នាំ១៨៨៤ រហូតមកដល់ប្រព័ន្ធច្បាប់ខ្មែរបានប្រែក្លាយជាប្រព័ន្ធ ច្បាប់តាមលំនាំប្រព័ន្ធច្បាប់បែបបារាំងដែលបានបន្តរហូតមកទល់ប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញបែប បារាំងជាលើកដំបូងនៅក្នុងឆ្នាំ១៩៤៧ ដោយវប្បធម៌នៃរដ្ឋធម្មនុញ្ញបែបបារាំងបានផ្លាស់ប្តូរទៅតាមរបត់ នៃរបបនយោបាយជាច្រើនជំនាន់រហូតដល់ថ្ងៃរំដោះ ៧ មករា ១៩៧៩ និងបន្តផ្លាស់ប្តូររហូតដល់ឆ្នាំ១៩៨៩ ។
សម្តេចបានបន្តថា ចាប់ពីឆ្នាំ១៩៩៣មកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាបានប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងបានរៀបចំប្រព័ន្ធច្បាប់ និងស្ថាប័នរដ្ឋបាលរបស់ខ្លួនឡើងវិញនៅក្រោម ដំបូលរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដោយយទទួលយកជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ជាច្រើនប្រទេស ទាំងប្រទេសដែលប្រកាន់យកទាំងប្រព័ន្ធបែបបារាំង និងប្រទេសដែលប្រកាន់យកប្រព័ន្ធបែបអង់គ្លេស ក្នុងគោលដៅចម្បងគឺធ្វើសមាហរណកម្មប្រទេសកម្ពុជាចូលទៅក្នុងនិម្មាបនកម្មតំបន់ និងសកលលោក ឱ្យបានរួសរាន់ទាន់តាមសភាពការណ៍ចាំបាច់នៃការដឹកនាំ និងការអភិវឌ្ឍប្រទេសក្នុងសុខសន្តិភាពថ្មី ថ្មោងបន្ទាប់ពីបានងើបឡើង និងចាកផុតថ្មីៗពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក៕
ចែករំលែកព័តមាននេះ