សង្គ្រាមអ៊ុយក្រែន ៖ កងទ័ពអាកាសអ៊ុយក្រែនប្រកាស កាលពីថ្ងៃទី៩ កក្កដាថា រុស្ស៊ីបានបញ្ចេញដ្រូនដល់ទៅ៧២៨គ្រឿងវាយប្រហារលើអ៊ុយក្រែន នាពេលយប់ព្រមទាំងបាញ់មីស៊ីលបណ្ដែត និងបាលីស្ទិក១៣គ្រាប់ ។

បន្ទាប់ពីច្រើនសប្ដាហ៍នៃការវាយប្រហារតាមអាកាស និងតាមជើងគោករបស់រុស្ស៊ីកាន់តែខ្លាំង នេះជាការវាយប្រហារប្រើដ្រូនច្រើនបំផុតរបស់ក្រុងមូស្គូ ពុំធ្លាប់មានចាប់តាំងពីជាង៣ឆ្នាំមកហើយនៃសង្គ្រាម។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី ថ្លែងថា ទីក្រុងលូតស្ក៍ស្ថិតនៅភាគពាយ័ព្យប្រទេសជាប់ព្រំដែនជាមួយប៉ូឡូញនិងបេឡារុស រងការវាយប្រហារខ្លាំងជាងគេទោះបីតំបន់១០ទៀតក៏រងការប្រហារដែរក្ដី ។ ទីក្រុងលូតស្ក៍មានព្រលានយន្តហោះនានាដែលកងទ័ពអ៊ុយក្រែនប្រើ ។ បណ្ដាយន្តោះកាហ្គោនិងបណ្ដាយន្តហោះប្រដេញ តែងហោះពីលើទីក្រុងនេះជានិច្ច។
បណ្ដាតំបន់ភាគខាងលិចអ៊ុយក្រែន គឺជាទីតាំងភស្ដុភារសំខាន់សម្រាប់អ៊ុយក្រែនក្នុងសង្គ្រាម ព្រោះមានបណ្ដាព្រលានយន្តហោះនិងឃ្លាំងនានា ដែលដឹកចូលនិងបញ្ជូនចេញបណ្ដាជំនួយយោធាបរទេសទៅកាន់តំបន់ផ្សេងៗរបស់ប្រទេស។
ការវាយប្រហាររបស់រុស្ស៊ីប្រើអាវុធរយៈឆ្ងាយ ធ្វើឲ្យស្ទះកាន់តែខ្លាំងឡើងដល់ការផ្គត់ផ្គង់របស់អ៊ុយក្រែន។ ក្រសួងការពារប្រទេសរុស្ស៊ីថ្លែងថា កងទ័ពរបស់ខ្លួនពេលនេះជ្រើសរើសគោលដៅវាយប្រហារ គឺបណ្ដាមូលដ្ឋានអាកាសចរណ៍អ៊ុយក្រែននិងថា រាល់គោលដៅសុទ្ធតែរងការវាយប្រហារចំៗ ។ រុស្ស៊ីនាពេលថ្មីៗនេះប៉ុនប៉ងធ្វើឲ្យផ្នែកការពារអាកាសអ៊ុយក្រែនវង្វេង ដោយធ្វើការវាយប្រហារតាមអាកាសខ្លាំងក្លាបំផុត ពិសេសដោយប្រើដ្រូនយ៉ាងច្រើន ។
រុស្ស៊ីបានវាយលុកតាមអាកាសទ្រង់ទ្រាយធំពុំធ្លាប់មានពីមុនមក កាលពីយប់ថ្ងៃទី៤កក្កដា។ កងទ័ពរុស្ស៊ីដែលខ្លាំងក៏ធ្វើការវាយលុកថ្មីមួយ ដើម្បីទម្លុះផ្នែកមួយចំនួននៃខ្សែរណសិរ្សមានប្រវែង១០០០គីឡូម៉ែត្រ ខណៈកងទ័ពអ៊ុយក្រែនមានកម្លាំងតិចជាងទាំងកងទាហានទាំងគ្រឿងសព្វាវុធ ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំកាលពីថ្ងៃទី៨កក្ដដា បានសម្ដែងការមិនសប្បាយចិត្តរបស់លោក ចំពោះប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន ដែលមិនព្រមធ្វើតាមការទាមទាររបស់លោក ដើម្បីឲ្យមានបទឈប់បាញ់គ្នានិងសន្តិភាព ចាប់តាំងពីលោកចូលកាន់តំណែងពីខែមករាមក ។
កាលពីថ្ងៃទី៧ កក្កដា លោកត្រាំថ្លែងថា អាមេរិកត្រូវបញ្ជូនអាវុធថែមទៀតដល់អ៊ុយក្រែន ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអាមេរិកប្រកាសពីការផ្អាកផ្ដល់អាវុធសំខាន់ៗរបស់ខ្លួនដល់អ៊ុយក្រែនទុកសម្រាប់បំពេញស្តុករបស់ខ្លួនវិញ ៕
ចែករំលែកព័តមាននេះ