ប្រទេសកូរ៉េខាងត្បូង ៖ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYONHAPថា អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកYOON SUK YEOL ដែលត្រូវដកហូតចេញពីតំណែង កាលពីខែមេសា ពាក់ព័ន្ធពីបទចេញច្បាប់អាជ្ញាសឹក និងដាក់ពង្រាយកងទ័ពនៅសភាបានត្រូវចាប់ខ្លួន កាលពីថ្ងៃទី១០ កក្កដា និងដាក់ឃុំឃាំង ចៀសវាងកុំឲ្យលោកអាចបំផ្លាញបណ្ដាភស្តុតាង ។
នេះជាដំណាក់កាលថ្មីនៃវិបត្តិនយោបាយនៅកូរ៉េខាងត្បូង ដោយតុលាការមួយកាលពីថ្ងៃទី១០ កក្កដា បានចេញដីកាចាប់ខ្លួនប្រឆាំងអតីតប្រធានាធិបតីលោកYOON SUK YEOL ហើយឃុំឃាំងលោក ។ លោកNAM SE JIN ចៅក្រមមួយរូបនៃតុលាការកណ្ដាលក្រុងសេអ៊ូល បានចេញដីកាចាប់ខ្លួននោះ ដោយខ្លាចអតីតប្រធានាធិបតីរូបនេះ បំផ្លាញបណ្ដាភស្ដុតាង ហើយបញ្ជាឲ្យឃុំខ្លួនលោក។
លោកYOON SUK YEOLអាយុ៦៤ឆ្នាំឆ្នាំ ជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ក្លាយជាកម្មវត្ថុនៃការចាប់ខ្លួនកាលពីខែមករា មុនដោះលែងលោកវិញនាខែមីនា មកពីការលុបចោលដីកាចាប់ខ្លួនដោយតុលាការមួយ។ បន្ទាប់មក លោកត្រូវបានដកតំណែងជាផ្លូវការកាលពីខែមេសា ពីបទចេញច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ធ្នូ និងឲ្យដាក់ពង្រាយកងទ័ពនៅសភា។ លោកត្រូវបាននាំខ្លួនមកកាន់តុលាការពីបទចោទប្រកាន់បះបោរ និងត្រូវសួរចម្លើយអស់ពេលដ៏យូរដោយក្រុមប្រឹក្សាពិសេសដែលស៊ើបអង្កេតលើការចេញច្បាប់អាជ្ញាសឹក ៕
ចែករំលែកព័តមាននេះ