សម្រេចឃុំខ្លួនម្ចាស់ហ្វេសប៊ុក«ខ្មែរ ខ្មែរ» បង្ហោះករណីឆបោកនិងកៀរគរថវិកាពីសប្បុរជន
- សៀមរាប
ខេត្តសៀមរាប ៖ លោក អាំង សុភា ចៅក្រមស៊ើបសួរ និងជាអនុប្រធាននៃសាលាដំបូងខេត្តបានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហុង ភា ភេទប្រុស…
ខេត្តសៀមរាប ៖ លោក អាំង សុភា ចៅក្រមស៊ើបសួរ និងជាអនុប្រធាននៃសាលាដំបូងខេត្តបានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហុង ភា ភេទប្រុស…
ខេត្តសៀមរាប ៖ លោក អាំង សុភា ចៅក្រមស៊ើបសួរ និងជាអនុប្រធាននៃសាលាដំបូងខេត្តបានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហុង ភា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប និងជាម្ចាស់ហ្វេសប៊ុកឈ្មោះ «ខ្មែរ ខ្មែរ» ដែលបានបង្ហោះឆបោក និងកៀរគរថវិកាពីសប្បុរជនដាក់គុកបណ្តោះអាសន្ន តាមមាត្រា 377 និង 378 នៃក្រមព្រហ្មទណ្ឌ ។
បើតាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះថា ដោយបានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាដោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហុង ភា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងករណីឆបោក តាមរយៈបណ្តាញសង្គម ដែលបានបង្កើតគណនីហ្វេសប៊ុកមួយមាន ឈ្មោះ «ខ្មែរ ខ្មែរ» (ប្រើប្រាស់បច្ចុប្បន្ន) និងគណនីហ្វេសប៊ុកចំនួន០៤ទៀត ដែលមានឈ្មោះ ហុង ភា, ម៉េសៀមរាប, Ah Su, ម៉ែ សៀមរាបផងដែរ ។
ក្នុងប្រតិបត្តិការឃាត់ខ្លួនបានជនឆបោកនៅក្រៅផ្ទះនេះ ធ្វើឡើងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៩យប់ ក្នុងភូមិសាស្ត្រ ស្រុកសូទ្រនិគម ខេត្តសៀមរាប និងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិផងដែរ ។
ដោយក្នុងអំឡុងឆ្នាំ២០២៥ នេះ ជនសង្ស័យខាងលើ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ «ខ្មែរ ខ្មែរ» បង្ហោះនូវរូបភាពកុមារកំព្រាជនពិការ ដ៏គួរឱ្យសោកសង្រែង ដែលកំពុងត្រូវការថវិកាមួយចំនួន ដើម្បីជំនួយពីសប្បុរសជនមកសង្គ្រោះបន្ទាន់ និងរូបភាពសុំជំនួយសម្រាប់កងទ័ពជាដើម ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងគោលដៅឆបោកប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកា តាម QR Code ធនាគារ អេស៊ីលីដា ឈ្មោះ HONG PHEA (0972388041) និងធនាគារ ABA ឈ្មោះ PHEA HONG (005881511) ដែលជាគណនីធនាគាររបស់ឈ្មោះ ហុង ភា សម្រាប់ទទួលប្រាក់ដែលបានមកពីការឧបត្ថម្ភនានាជាច្រើនផងដែរ ។
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានបញ្ជាក់ប្រាប់ថា កន្លងមក ខ្លួនបានទទួលប្រាក់ពីការបង្ហោះឆបោកលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សរុបជាប្រាក់ប្រហែលជា២លានរៀល ហើយទឹកប្រាក់នោះខ្លួនបានយកទៅប្រើប្រាស់ ដើម្បីដោះស្រាយជីវភាព
។
បច្ចុប្បន្ន លោក អាំង សុភា ចៅក្រមស៊ើបសួរ និងជាអនុប្រធាននៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឱ្យកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាបដឹកយកទៅឃុំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហុង ភា ភេទប្រុស អាយុ៣០ឆ្នាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
សូមបញ្ជាក់ផងដែរថា ដោយសារមានបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានាកាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្ប
និម្មិត ដូច្នេះ ត្រូវបានជនខិលខូចឆ្លៀតឱកាស ប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះ ធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួយសប្បុរសទៅឱ្យពួកគេ ។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាពិចារណាឱ្យច្បាស់លាស់ មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់នរណាម្នាក់ ចៀសវាងនូវការខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនជាយថាហេតុ និងរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម ដោយការមិនចែករំលែកព័ត៌មានក្លែងក្លាយដល់អ្នកដទៃ ៕
ចែករំលែកព័តមាននេះ