ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាប្រកាសដាក់ឱ្យអនុវត្តក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​នៃកម្មវិធី​កែទម្រង់​ច្បាប់រ​បស់រាជរដ្ឋាភិបាល

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់​ច្បាប់​របស់​រាជរដ្ឋាភិបាល​នៅ​កម្ពុជា ។ ថ្លែង​នា​ព្រឹក ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់​ច្បាប់​របស់​រាជរដ្ឋាភិបាល​នៅ​កម្ពុជា ។

ថ្លែង​នា​ព្រឹក ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន និង​កំពុង​បន្ត​ការ​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ការងារ​កែទម្រង់​សំខាន់​ៗ​ជា​ច្រើន​ក្នុង​គោលដៅ​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ និង​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​ទៅ​នឹង​សេចក្តី​ត្រូវការ​ជាក់ស្តែង​របស់​ប្រជាជន ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ថា ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់​ច្បាប់​របស់​រាជរដ្ឋាភិបាល​ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា គុណ​តម្លៃ​ប្រវត្តិសាស្ត្រ ឧត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ ក្នុង​គោលបំណង​ពង្រឹង និង​លើកកម្ពស់​គោលការណ៍​នីតិរដ្ឋ សន្តិសុខ គតិ​យុ​ត្ត ព្រមទាំង​គុណភាព និង​ប្រសិទ្ធភាព​នៃ​ច្បាប់ និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើក​ស្ទួយ​មោទនភាព​ជាតិ​តាម​រយៈ​ការ​កសាង​ជាតិ​មួយ​ដ៏​រឹង​មាំ​រស់​រវើក រុងរឿង និង​មាន​វិបុលភាព ។

គួរ​បញ្ជាក់​ថា នៅ​ក្រោយ​ឆ្នាំ​១៩៩៣ កម្ពុជា​បាន​រៀបចំ​ប្រព័ន្ធ​ច្បាប់ និង​រដ្ឋបាល​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ដោយ​ទទួលយក​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន​ប្រទេស​ទាំង​ប្រទេស​ដែល​ប្រកាន់​យក​ប្រព័ន្ធ​ច្បាប់​ស៊ី​វិល និង​ប្រទេស​ដែល​ប្រកាន់​យក​ប្រព័ន្ធ​ច្បាប់​អង់​គ្លេ​សាក់​សុង ក្នុង​គោលដៅ​ចម្បង​នៃ​សមាហរណកម្ម​ប្រទេស​ឡើង​វិញ ចូល​ទៅ​ក្នុង​និម្មាបនកម្ម​តំបន់ និង​សាកលលោក ។

ដោយ​ពិនិត្យ​ឃើញ​អំពី​វិសាលភាព​សារៈសំខាន់ និង​ភាព​ចាំបាច់​នៃ​ការ​ជំរុញ​ល្បឿន​នៃ​ការ​កែទម្រង់​ច្បាប់​នៅ​ឆ្នាំ​២០២៤ កន្លង​ទៅ​រាជរដ្ឋាភិបាល បាន​សម្រេច​ធ្វើ​វិចារណ​កម្ម​ស្ថាប័ន​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដែល​ត្រូវ​បាន​បង្កើត​តាំងពី​ឆ្នាំ​២០០៣ ដោយ​បង្កើត​ស្ថាប័ន​ពីរ​ដោយឡែក​ពី​គ្នា គឺ​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​យុត្តិធម៌ ដឹកនាំ​ដោយ​ក្រសួងយុត្តិធម៌ ដែល​ផ្តោត​លើ​ការ កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស រីឯ​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ច្បាប់ ដឹកនាំ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ផ្តោត​លើ​ការ​កែទម្រង់​ច្បាប់​ទាំងមូល​របស់​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ