ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​កក្រើក​មេឃា​រយៈ​ពេល​ដប់​ម៉ោង​ស្លា.ប់​២​នាក់,​រ.បួ.ស​១៦​នាក់

11 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ​ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី ចោទ​ប្រកាន់​ថា​រុស្ស៊ី​វាយ​ប្រហារ​យប់​មិញ​មួយ​អស់​ដៃ​​រយៈ​ពេល​ដប់​ម៉ោង​ដោយ​បញ្ជូន​មីស៊ីល​១៨​គ្រាប់​ និង​ដ្រូន​៤០០​គ្រឿង​វាយ​សម្រុក​​ខ្លាំង​ជាង​គេ​ទៅ​លើ​រដ្ឋ​ធានី​កៀវ​បណ្ដាល​ឱ្យ​ខូច​ខាត​អគារ​ជា​ច្រើន​ខ្នង​។ ​ប្រភព​ខ្លះ​ថា​មនុស្ស​យ៉ាង​តិច​២​នាក់​បាន​ស្លាប់​ និង​១៦​នាក់​រង​របួស​។ នេះ​មិន​ទាន់​គិត​ទៅ​ដល់​អគារ​មួយ​ចំនួន​ដែល​ឆេះ​នៅ​ក្នុង​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ រួម​ជា​មួយ​រថ​យន្ត​ជា​ច្រើន​គ្រឿង​ក៏​ត្រូវ​ឆេះ​ហ្មត់​ផង​ដែរ​។ ហ្សេឡិនស្គី​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​នេះ​ជា​ទង្វើ​បង្ក​ហេតុ​យ៉ាង​ច្បាស់​ក្រឡែត​ដែល​មាន​លក្ខណៈ​​បំភិត​បំភ័យ​ប្រព្រឹត្ត​ឡើង​ដោយ​ប្រទេស​រុស្ស៊ី​។…

ទី​ក្រុង​កៀវ៖ ​ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី ចោទ​ប្រកាន់​ថា​រុស្ស៊ី​វាយ​ប្រហារ​យប់​មិញ​មួយ​អស់​ដៃ​​រយៈ​ពេល​ដប់​ម៉ោង​ដោយ​បញ្ជូន​មីស៊ីល​១៨​គ្រាប់​ និង​ដ្រូន​៤០០​គ្រឿង​វាយ​សម្រុក​​ខ្លាំង​ជាង​គេ​ទៅ​លើ​រដ្ឋ​ធានី​កៀវ​បណ្ដាល​ឱ្យ​ខូច​ខាត​អគារ​ជា​ច្រើន​ខ្នង​។ ​ប្រភព​ខ្លះ​ថា​មនុស្ស​យ៉ាង​តិច​២​នាក់​បាន​ស្លាប់​ និង​១៦​នាក់​រង​របួស​។ នេះ​មិន​ទាន់​គិត​ទៅ​ដល់​អគារ​មួយ​ចំនួន​ដែល​ឆេះ​នៅ​ក្នុង​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ រួម​ជា​មួយ​រថ​យន្ត​ជា​ច្រើន​គ្រឿង​ក៏​ត្រូវ​ឆេះ​ហ្មត់​ផង​ដែរ​។

ហ្សេឡិនស្គី​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​នេះ​ជា​ទង្វើ​បង្ក​ហេតុ​យ៉ាង​ច្បាស់​ក្រឡែត​ដែល​មាន​លក្ខណៈ​​បំភិត​បំភ័យ​ប្រព្រឹត្ត​ឡើង​ដោយ​ប្រទេស​រុស្ស៊ី​។ ដ្រូន​ម៉ាក​សាហ៊ីត (ផលិត​នៅ​អ៊ីរ៉ង់) រាប់​រយ​គ្រឿង​ហោះ​ប្រសាច​កាត់​ស្បៃ​រាត្រី​ទៅ​វាយ​ប្រហារ​អ៊ុយ​ក្រែន​។ នេះ​ជា​រលក​នៃ​ការ​វាយ​ប្រហារ​ទាំង​ផ្ទាំង​ៗ​ជា​ខ្សែ​សង្វាក់​​ទៅ​លើ​ទី​ក្រុង​របស់អ៊ុយ​ក្រែន​។ យោង​តាម​លោក​ហ្សេ​ឡិនស្គី ក្រៅ​ពីទីក្រុង​កៀវ និង​តំបន់​ខ្សែ​ក្រវាត់​ក្រុង​ដែល​រង​គ្រោះ​យ៉ាង​ដំណំ​ជាង​គេ​ រុស្ស៊ី​ក៏​វាយ​ប្រហារ​ផង​ដែរ​ទៅ​លើ​តំបន់​ឆឺ​នី​ហ៊ីវ (Chernihiv), ស៊ូមី (Sumy), ផូល​តាវ៉ា (Poltava), ឃីរ៉ូវ៉ូរ៉ាត (Kirovohrad) និង​ខាគីវ (Kharkiv)។

មិន​មែន​តែ​រុស្ស៊ី​ទេ​ដែល​វាយ​ប្រហារ​អ៊ុយ​ក្រែន​ ក្រសួង​ការ​ពារ​​ជាតិ​រុស្ស៊ី​អះ​អាង​ថា​អ៊ុយ​ក្រែន​​ក៏​ពន្លះ​រុស្ស៊ី​​វិញ​មួយ​ចាស់​ដៃ​ផង​ដែរ​។ កាល​ពី​យប់​មិញ​ចាប់​តាំង​ពី​​ក្បាល​ព្រលប់​​​រហូត​ដល់​ម៉ោង​៧:៣០​ព្រឹក​ អ៊ុយ​​ក្រែន​បើក​ប្រតិ​បត្តិ​ការ​​រញ្ជួយ​មេឃ​ដោយ​បញ្ជូន​ដ្រូន​រាប់​សិប​គ្រឿង​ទៅ​វាយ​ប្រហារ​ទី​ក្រុង​តូច​ធំ​របស់​រុស្ស៊ី​។ រុស្ស៊ី​មាន​ទម្លាប់​មួយ​គឺ​បិទ​​ព្រលាន​យន្ត​ហោះ​ជា​បណ្ដោះ​អាសន្ន​នៅ​ពេល​មាន​ដ្រូន​ហោះ​ទៅ​ក្បែរ​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថា​យោធា​របស់​ខ្លួន​​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​១៧​គ្រឿង​ដែល​ហោះ​ទៅ​វាយ​ប្រហារ​នៅ​សមុទ្រ​ខ្មៅ​, បែបល​ហ្គោរ៉ូត (Belgorod), ខឺស (Kursk), គ្រីម៉េ (Crimea) និង​ផឹន​ហ្សា (Penza)​។

ព្រឹត្តិ​ការណ៍​នេះ​កើត​ឡើង​១​ថ្ងៃ​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​ខ្លាំង​ជាង​ពេល​ណា​​ៗ​ទាំង​អស់​កាល​ពី​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​ពុធ​ដោយ​ប្រើ​ដ្រូន​៧២៨​គ្រឿង​ និង​មីស៊ីល​១៣​គ្រាប់​វាយ​សង្គ្រប់​អ៊ុយ​ក្រែន​ស្ទើរ​តែ​ដក​ដង្ហើម​​មិន​ដល់​គ្នា​។ អ៊ុយ​ក្រែន​ត្រូវ​បង្ខំ​ចិត្ត​បន្លឺ​​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​​​៨​ម៉ោង​ទម្រាំ​ស្ងប់​ស្ងាត់​ទៅ​វិញ​។ នៅ​ក្នុង​ស្ថាន​ភាព​នេះ លោក​ត្រាំ​ហាក់​ដូច​ជា​មួរ​ម៉ៅ​ក្ដៅ​ក្រហាយ និង​ក្រពុល​មុខ​យ៉ាង​ខ្លាំង​ព្រោះ​ក្នុង​នាម​ជា​​មេ​ដឹក​នាំ​​ប្រទេស​មហា​អំណាច​មួយ​ទាំង​មូល​និយាយ​ទៅ​គ្មាន​នរ​ណា​ស្ដាប់​។​

ជា​ចំណាត់​ការ​ដំបូង​ ត្រាំ​សម្រេច​បញ្ជូន​អាវុធ​ការ​ពារ​ខ្លួន​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ ជា​ពិសេស​ខែល​ការ​ពារ​ដែន​អាកាស​។ ប្រភព​ខ្លះ​ថា​អាមេរិក​កំពុង​បញ្ជូន​គ្រាប់​កាំ​ភ្លើង​ធំ​ និង​ជើង​ទម្រ​បាញ់​កាំ​ជ្រួច​ទៅ​អ៊ុយ​ក្រែន​ជា​បណ្ដើរ​ៗ​ហើយ​​ដើម្បី​តតាំង​គ្នា​​ជា​មួយ​រុស្ស៊ី​។ ​​ហ្សេឡិនស្គី​ឆ្លៀត​និយាយ​ពន្យុះ​ប្រទេស​មហា​អំណាច​កាល​ពី​ម្សិល​មិញ​ថា​ការ​ដែល​រុស្ស៊ី​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ដូច្នេះ​មាន​ន័យ​ថា​ត្រូវ​តែ​ដាក់​ទណ្ឌ​កម្ម​ឱ្យ​បាន​ចាស់​ដៃ​​បន្តិច​​។

ហ្សេឡិន​ស្គី​​និយាយ​រាល​ដាល​ទៅ​ដល់​​ប្រទេស​ដែល​ទិញ​ទំនិញ​រុស្ស៊ី​ថែម​ទៀត​។ ហ្សេឡិន​ស្គី​​​ចង់​ឱ្យ​ដាក់​ទណ្ឌ​កម្ម​​​ប្រទេស​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​ព្រោះ​ពួក​គេ​​ជួយ​ជ្រោម​ជ្រែង​ឱ្យ​លោក​ពូទីន​មាន​លុយ​ធ្វើ​សង្គ្រាម​បង្ហូរ​ឈាម​ និង​ស្លាប់​មនុស្ស​រាល់​ថ្ងៃ​។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ទៀត​ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​នៅ​ពេល​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​ថ្ងៃ​​នេះ​នឹង​ជួប​គ្នា​ទ្វេ​ភាគី​ជា​មួយ​សម​ភាគី​រុស្ស៊ី​។ លោក​ទាំង​២​ប្រហែល​ជា​មាន​រឿង​ត្រូវ​និយាយ​គ្នា​តឹង​សរ​សៃ​ក​​ជា​មិន​ខាន​​​ពាក់​ព័ន្ធ​នឹង​បញ្ហា​អ៊ុយ​ក្រែន​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទស្សនាវដ្ដី​ញូស្វីក (Newsweek), ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ (Reuters) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ