អាមេរិកនឹងយកពន្ធ៥០%លើទំនិញប្រេស៊ីល ក្រោយប្រធានាធិបតីប្រទេសទាំង២ប៉ះពាក្យសម្តីគ្នាមួយប្រាវ
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី៩ ខែកក្កដា…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី៩ ខែកក្កដា…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីយ៉ូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) ដើម្បីប្រាប់ថា អាមេរិកនឹងដាក់ពន្ធ ៥០% លើទំនិញទាំងអស់នាំចូលពីប្រេស៊ីល ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ តទៅ។
ការប្រកាសនេះ កើតឡើងនៅពេលដែលលោក ត្រាំ បានធ្វើការរិះគន់ និងចោទប្រកាន់ប្រេស៊ីលពីការវាយប្រហារលើការបោះឆ្នោតដោយសេរី និងការបញ្ចេញមតិដោយសេរីរបស់បណ្តាជនជាតិអាមេរិក ក៏ដូចជាការបញ្ជាឱ្យត្រួតពិនិត្យជាសម្ងាត់ និងខុសច្បាប់លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ លោក លូឡា កំពុងតែធ្វើសកម្មភាពដែលលោក ត្រាំ បានហៅថា ការប្រមាញ់មេធ្មប់ប្រឆាំងនឹងអតីតប្រធានាធិបតីស្តាំនិយម លោក ហ្សាអៀរ បុលសូណារ៉ូ (Jair Bolsonaro) ដែលកំពុងប្រឈមមុខនឹងការកាត់ទោសលើតួនាទីរបស់លោក ដែលត្រូវបានចោទប្រកាន់នៅក្នុងផែនការផ្តួលរំលំការបោះឆ្នោតឆ្នាំ២០២២ផងដែរ។
យ៉ាងណាមិញ ជាការឆ្លើយតបនឹងលិខិតរបស់លោក ត្រាំ នោះ លោក លូឡា នៅតែរក្សាជំហររឹងមាំរបស់ខ្លួន ដោយបានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា វិធានការឯកតោភាគីណាមួយដើម្បីបង្កើនអត្រាពន្ធ នឹងត្រូវបានឆ្លើយតបដោយស្របតាមច្បាប់ពីប្រទេសប្រេស៊ីល។
លោក ត្រាំ ក៏បានរិះគន់ចំពោះកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ BRICS នៅក្នុងទីក្រុងរីយ៉ូដឺចេណេរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល ជាកន្លែងដែលក្រុមនេះ បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដើម្បីលើកយកបញ្ហាសង្គ្រាមពាណិជ្ជកម្មមកដេញដោល។ លោក ត្រាំ បានហៅក្រុមដែលរួមមានប្រទេសប្រេស៊ីលក្នុងនោះផងដែរថា កំពុងដើរគោលនយោបាយប្រឆាំងនឹងអាមេរិក ដោយលោកថែមទាំងប្រកាសថា ប្រទេសទាំងនោះនឹងត្រូវបានគិតពន្ធ ១០% បន្ថែមទៀត។ តាមរយៈការគំរាមកំហែងនេះ ក្រោយមកប្រធានាធិបតីប្រេស៊ីលបានប្រាប់លោក ត្រាំ វិញដូច្នេះថា «គាត់ត្រូវដឹងថាពិភពលោកបានផ្លាស់ប្តូរហើយ។ យើងមិនត្រូវការអធិរាជនោះទេ»។
សូមជម្រាបថា ប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី១៥របស់សហរដ្ឋអាមេរិក ជាមួយពាណិជ្ជកម្មទ្វេភាគីសរុបចំនួន ៩២ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ ការនាំចេញកំពូលរបស់អាមេរិកទៅកាន់ប្រទេសប្រេស៊ីលរួមមាន យន្តហោះអ្នកដំណើរ ផលិតផលប្រេង និងប្រេងឆៅ ធ្យូងថ្ម និងឧបករណ៍អេឡិចត្រូនិក ខណៈការនាំចេញកំពូលរបស់ប្រេស៊ីលទៅកាន់អាមេរិកគឺប្រេងឆៅ កាហ្វេ ដែកពាក់កណ្តាលសម្រេច និងផលិតកម្មដែកឆៅ៕ ដកស្រង់ ៖ Reuters, BBC និង AP
ចែករំលែកព័តមាននេះ