ខេត្តសៀមរាប ៖ ខ្មែរ ស្រលាញ់ខ្មែរ? បងប្អូនប្រជាពលរដ្ឋ រស់នៅ ក្នុងក្រុងសៀមរាប បានរួមគ្នាវេចនំអន្សម ដើម្បីយកទៅជូនកងទ័ព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីលើកទឹកចិត្ត ដល់ពួកគាត់ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា ។
កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នេះ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងក្រុងសៀមរាប បានរួមគ្នាវេចនំអន្សម ចំនួន៥០០នំ ដើម្បីយកទៅជូនដល់បងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ច ការពារបូរណ ភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ។
អ្នកស្រី ឈន សុគន្ធា តំណាងប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប ទាំងអស់បានឱ្យដឹងថា ការដែលពួកគាត់រួមគ្នាវេចនំអន្សមនេះឡើង គឺដើម្បីបង្ហាញនូវទឹកចិត្ត ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នាលើកទឹកចិត្តដល់បងប្អូនកងទ័ពយើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពាន នៃប្រទេសជិតខាង ( ជាក់ស្តែង. សៀមជាដើម ) ហើយក៏ដូចជា ការបញ្ជាក់ពីទឹកចិត្តរបស់ជនរួមជាតិ ខ្មែរជួយខ្មែរ ដែលជាការចូលរួមចំណែកលើក កម្លាំងចិត្តក្នុងការការពារទឹកដីនិងជាតិមាតុភូមិរបស់យើងទាំងអស់គ្នាផងដែរ។
អ្នកស្រីបានឱ្យ រៀបរាប់ថា ក្រៅពីនំអន្សម ៥០០នំ យើងក៏មានគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដូចជាសាច់ជ្រូក ទឹកសុទ្ធ៣០០យួរ កាហ្វេ៣កេះ បន្លែគ្រប់មុខ និងថវិកាមួយចំនួន ដែលបានពីការឧបត្ថម្ភរបស់ឧកញ៉ាមួយរូបព្រមទាំងក្រុមគ្រួសារ ដែលយើងនឹងយកទៅជូនដល់បងប្អូនកងទ័ពយើង ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី១០ ព្រឹក ខែកក្កដា ឆ្នាំ២០២៥ នេះផងដែរ ៕








ចែករំលែកព័តមាននេះ