ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូតបារាំងនៅកម្ពុជា ៖ រដ្ឋាភិបាលបារាំងត្រៀមខ្លួនផ្តល់ឯកសារពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក Jacques Pellet ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ជំនួស​មុខ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​របស់​ខ្លួន​ថា បារាំង​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ក្នុង​ការ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នានា​ទាក់ទង​ទៅ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ មក​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក Jacques Pellet ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ជំនួស​មុខ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​របស់​ខ្លួន​ថា បារាំង​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ក្នុង​ការ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នានា​ទាក់ទង​ទៅ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ មក​កម្ពុជា ដើម្បី​បញ្ចប់​ជម្លោះ​ជាមួយ​ថៃ ។

ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​បារាំង ខណៈ​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥ នា​វិមាន​ព្រឹទ្ធសភា ។

សូម​ជម្រាប​ថា ប្រទេស​បារាំង គឺជា​អ្នក​ដែល​គូស​ផែនទី​ព្រំដែន កម្ពុជា​-​ថៃ ក្នុងអំឡុងពេល​ចូល​មក​ដាក់​អាណានិគម​លើ​ប្រទេស នៅ​តំបន់​អាស៊ី​-​អាគ្នេយ៍ កាលពី​ឆ្នាំ​១៩០៧ ដូច្នេះ​បារាំង​ដឹង​សព្វបែបយ៉ាង​អំពី​ព្រំ​ដែនទឹក និង​គោក រវាង​កម្ពុជា​-​ថៃ ។

ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ប្រធាន​ព្រឹទ្ធសភា បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​កិច្ច​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​បារាំង សម្តេច​តេ​ជោ​បង្ហាញ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ភាគី​បារាំង​នឹង​អនុវត្ត​នូវ​ការ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​វិវាទ​កម្ពុជា​-​ថៃ ដូច​អ្វី​ដែល​លោក​ម៉ា​ក្រុង ប្រធានាធិបតី​បារាំង បាន​សន្យា​ជាមួយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ឱកាស​សម្តេច បាន​ចូលរួម​កិច្ចប្រជុំ​នៅ​បារាំង និង​មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង កាលពី​ពេល​ថ្មី​ៗ​នេះ ។

សម្តេច​តេ​ជោ បន្ត​ថា នេះ​ហើយ​ជា​អ្វី​ដែល​កម្ពុជា​ចង់បាន​ពី​ភាគី​បារាំង​ទាំង​ឯកសារ និង​ផែនទី​គូសវៀស​ដោយ​បារាំង ។

ជាមួយ​គ្នា​នេះ សម្តេច​ប្រធាន​ព្រឹទ្ធសភា ក៏​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ឯកអគ្គរដ្ឋទូត​បារាំង​ទៀត​ថា កម្ពុជា​មិន​ចង់បាន​អ្វី​ក្រៅពី​ឲ្យ​ប្រទេស​ថៃ​គោរព​ទៅ​តាម​យន្តការ​អន្តរជាតិ ដែល​ជា​ច្បាប់​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ។

ក្នុង​ជំនួប​លោក Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំង​បាន​ឆ្លើយ​តប​ថា បារាំង​ស្វាគមន៍ និង​ត្រៀមខ្លួន​សម្រាប់​ការ​ផ្តល់​ឯកសារ​មក​ឲ្យ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​កម្ពុជា ។

បើ​តាម​ឯកឧត្តម ជា ធី​រិ​ទ្ធ បាន​បញ្ជាក់​ថា ៖«​ឯកឧត្តម​គូសបញ្ជាក់​ថា បារាំង​នឹង​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ តាំងពី​ផែនទី​ក៏​ដូច​គ្នា​ដែរ ដើម្បី​ប្រគល់​ជូន​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី​ក្នុង​ទិដ្ឋភាព​ជំហរ​លើ​ច្បាប់​អន្តរជាតិ​»​។

បន្ថែម​ពីលើ​នេះ​ទៀត ឯកអគ្គរដ្ឋទូត​បារាំង បង្ហាញ​ការ​គាំទ្រ​ជា​ខ្លាំង​ដែល​កម្ពុជា​បាន ជ្រើសរើស​យក​ដំណោះស្រាយ​តាម​រយៈ​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ