ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ទំនប់​បឹង​ទំពន់​ខូច​ខាត​ដោយ​សារ​រថ​យន្ត​ដឹក​ធ្ងន់​សាលា​រាជ​ធានី​​ជួសជុល

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ផ្លូវ​លេខ​៣៧១​ ឬ​ផ្លូវ​ទំនប់​ថ្មី​បឹង​ទំពុន​ដែល​​ខូច​ខាត​ខ្លាំងច្រើន​កន្លែង​​ដោយ​សារ​រថ ​យន្ត​ដឹក​ធ្ងន់​ ពេល​នេះ​ត្រូវ​សាលា​រាជ​ធានី​ភ្នំពេញ​ចាប់​ផ្តើម​ជួសជុល​ ហើយ​សំណូម​ពរ​​ប្រជា​ពល​រដ្ឋ​យោគ​យល់​ពី​បញ្ហា​កកស្ទះ​ចរា​ចរណ៍​ ព្រោះ​ផ្លូវ​​តូច​ចង្អៀត ​ហើយ​តម្រូវ​ឱ្យ​បិទ​ម្តង​ម្ខាង។

រាជធានីភ្នំពេញ ៖ ផ្លូវ​លេខ​៣៧១​ ឬ​ផ្លូវ​ទំនប់​ថ្មី​បឹង​ទំពុន​ដែល​​ខូច​ខាត​ខ្លាំងច្រើន​កន្លែង​​ដោយ​សារ​រថ​យន្ត​ដឹក​ធ្ងន់​ ពេល​នេះ​ត្រូវ​សាលា​រាជ​ធានី​ភ្នំពេញ​ចាប់​ផ្តើម​ជួសជុល​ ហើយ​សំណូម​ពរ​​ប្រជា​ពល​រដ្ឋ​យោគ​យល់​ពី​បញ្ហា​កកស្ទះ​ចរា​ចរណ៍​ ព្រោះ​ផ្លូវ​​តូច​ចង្អៀត ​ហើយ​តម្រូវ​ឱ្យ​បិទ​ម្តង​ម្ខាង។

ដោយ​មាន​ការ​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​រាជ​ធានី​បាន​ដំណើរ​ការ​ជួស​ជុល​ផ្លូវ​នោះ​ចាប់​ពី​ស្ពាន​ដែក​ភូមិ​ម័លរហូត​ដល់​ផ្លូវ​២៧១​។ ការ​ងារ​នេះ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​២៧ សីហា ២០១១​ ទៅ ដោយ​គ្រោង​បញ្ចប់​ក្នុង​រយៈ​ពេល​មួយ​ខែ​។ មន្ត្រី​ជំនាញ​សា​ធារណ​ការ​រាជ​ធានី​ភ្នំពេញ​ដែល​ទទួល​​ការ​ងារ​ជួស​ជុល​នេះ​​ឱ្យ​ដឹង​ថា ការ​ងារ​ជួស​ជុល​កំណាត់​ផ្លូវ​​នេះ​មាន​ទំហំ​១.៣០០​ម៉ែត្រ​ការ៉េ​ដោយ​ជួស​ជុល​ដោយ​កន្លែង​។ ការ​ជួស​ជុល​​ត្រូវ​កាយ​ផ្លូវ​ចាស់​ចេញ​ធ្វើ​គ្រឹះ​ថ្មី ​រួច​ចាក់​បេតុង​ឆ្អឹង​ដែក​ទើប​​ជាប់​ ព្រោះ​ផ្លូវ​នេះ​មាន​រថ​យន្ត​កុង​តឺន័រ​​២៤​ម៉ោង​លើ២៤​ម៉ោង​។ ការ​ងារ​ជួស​ជុល​ត្រូវ​ប្រើ​រយៈ​ពេល​ពី ៣​ទៅ​៤​សប្តាហ៍​ទើប​ចប់ ​ព្រោះ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​ខ្លាំង​លំបាក​ក្នុង​ការ​ជួស​ជុល​​​។

លោក​សាំ ពិសិដ្ឋ​ នាយក​មន្ទីរ​សាធារណ​​ការ​ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៨ សីហា ​ថា ដោយ​សារ​ផ្លូវ​ខូច​ខាត​ខ្លាំង​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​​របស់​ប្រជា​ពល​រដ្ឋ លោក​កែប​ ជុតិមា អភិ​បាល​រាជ​ធានី​​អនុញ្ញាត​ឱ្យ​មន្ទីរ​សាធារណ​ការ​ជួស​ជុល​ជា​បន្ទាន់​ដើម្បី​សម្រួល​​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរ​ដ្ឋ​​។ ការ​ជួស​ជុល​ត្រូវ​តែ​ចាក់​បេតុង​ទើប​អាច​ទប់​ទល់​នឹង​រថ​យន្ត​ដឹក​ធ្ងន់​បាន ​ណា​មួយ​ផ្លូវ​នេះ​ពុំ​ទាន់​មាន​ប្រព័ន្ធ​លូ​ធ្វើ​ឱ្យ​កន្លែង​ខ្លះ​ដក់​ទឹក​ទោះ​ជា​ផ្លូវ​​នៅ​ជាប់​បឹង​ទំពុន​ក៏​ដោយ​ ព្រោះ​​ប្រជា​ពលរ​ដ្ឋមួយ​ចំនួន​សាង​សង់​ផ្ទះ ឬក​៏​ចាក់​ដី​ជាប់​ផ្លូវ​តែ​ម្តង។

លោក​សាំ ពិសិដ្ឋ ​សំណូម​ពរ​​ប្រជា​ពល​រដ្ឋ​​យោគ​យល់​ ពេល​ជួស​ជុល​ដែល​ត្រូវ​កក​ស្ទះ​ចរា​ចរណ៍​ ព្រោះ​ផ្លូវ​តូច​ចង្អៀតទទឹង​៧​ម៉ែត្រ​ ចិញ្ចើម​១,៥​ម៉ែត្រ​​សងខាង​ ហើយ​ចរា​ចរណ៍​ច្រើន​ ម្យ៉ាង​ពេល​ជួស​ជុល​​ត្រូវ​​បិទ​ ​មួយ​ចំហៀង​។​ ប្រសិន​បើ​មិន​ចាំ​បាច់​សូម​ប្រជា​ពល​រដ្ឋ​ធ្វើ​ដំណើរ​វាង​ដើម្បី​សម្រួល​ដល់​ដំណើរ​ការ​ជួស​ជុល​ផ្លូវ​នេះ​​បាន​លឿន​។ 

ផ្លូវ​លេខ​៣៧១​​ខូច​ខាត​ជា​ប្រចាំ​ដែល​កន្លង​មក​សាលា​រាជ​ធានី​ភ្នំពេញ​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​​ជួស​ជុល តែ​​មិន​ជាប់​បាន​យូរទេ គឺ​ធ្វើ​ខាង​មុខ​ខូច​ខា​ងក្រោយ​ ហើយ​ជួស​ជុល​កន្លែង​ដដែល​ៗ​មិន​ចេះ​ចប់។ សម្រាប់​ពេល​នេះ​ប្រជា​ពល​រដ្ឋ​​សង្ឃឹម​ថា មន្ទីរ​សាធារណការ​នឹងជួស​ជុល​​មាន​គុណ​ភាព​ល្អ​មិន​ខូច​ទៅ​វិញ​កន្លែង​ដដែល​ៗ​ដូច​មុន​​ទៀត​ទេ ៕