ខេត្តកណ្តាល ៖ យុវជនស្ទាវម្នាក់បានត្រូវសមត្ថកិច្ចនគរបាលឃុំឈើទាល ស្រុកកៀនស្វាយ ចាប់ខ្លួនកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៨ សីហា បន្ទាប់ពីរូបគេបានយកសាំងទៅចាក់ដុតផ្ទះនារីម្នាក់ដែលខ្លួនស្រឡាញ់ដោយចោទប្រកាន់ថា ម្តាយឪពុករបស់នាងបានព្យាយាមបំបែកកូនស្រីពីរូបគេ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិកំពង់ឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ។ ទោះបីជាបែបណា ការប៉ុនប៉ងដុតផ្ទះនារីជាទីស្រឡាញ់នោះត្រូវបានគេនាំគ្នាជួយពន្លត់ទាន់ពេលវេលាដែរ មិនឆេះទាំងស្រុងនោះទេ ។
លោកបា៉ សំអិត អធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងជុំវិញព័ត៌មានខាងលើនេះថា យុវជនស្ទាវដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះ ឈ្មោះស៊ន សុខលី អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុជាមួយនារីឈ្មោះ ស.រ.ន ដែលគេស្រឡាញ់ ។ លោកអធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងទៀតថា ស៊ន សុខលី ទើបនឹងលាចាកសិក្ខាបទបានប្រហែលជាកន្លះឆ្នាំក៏មានចិត្តប្រតិព័ទ្ធស្នេហាជាមួយនាង ស.រ.ន តាំងពីមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ មកម៉្លេះ ។ ប៉ុន្តែនៅពេលថ្មីៗនេះឪពុកម្តាយនាង ស.រ.ន បានបំបែកអណ្តាតភ្លើងស្នេហានេះពីឈ្មោះស៊ន សុខលី ទើបរូបគេតូចចិត្ត និងមានកំហឹងខ្លាំងផងក៏បានទិញប្រេងសាំង២លីត្រដាក់ក្នុងដបជ័រទឹកក្រូចយកទៅចាក់ដុតផ្ទះនាង ស.រ.ន ចោល ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗតែម្តង ។
លោកអធិការស្រុកកៀនស្វាយ បានបញ្ជាក់ថា រឿងរា៉វអ្វីផ្សេងៗពាក់ព័ន្ធនឹងឈ្មោះស៊ន សុខលី កាលពីពេលកន្លងមកគឺរូបលោកពុំបានសិក្សាលំអិតឡើយ តែអ្វីជាបទល្មើសជាក់ស្តែង គឺឈ្មោះស៊ន សុខលី បានប៉ុនប៉ងដុតបំផ្លាញលំនៅឋានដែលធ្វើពីឈើ២ខ្នងរបស់នាង ស.រ.ន បណ្តាលឱ្យខូចខាតអស់ប្រមាណ៣០ភាគរយ តែសំណាងល្អដោយសារអ្នកស្រុកអ្នកភូមិជួយពន្លត់ទាន់ពេលវេលាកុំអីផ្ទះឈើ២ខ្នងនោះក្លាយទៅជាចំណីព្រះអគ្គីដោយសារស្នាដៃស៊ន សុខលី មិនខាន ។
តាមចម្លើយសារភាពរបស់ឈ្មោះស៊ន សុខលី បាននិយាយប្រាប់សមត្ថកិច្ចថា មូលហេតុដែលធ្វើឱ្យរូបគេក្តៅក្រហាយរហូតឈានទៅដុតផ្ទះខាងលើនេះចោលគឺដោយសារខឹងនឹងអាណាព្យាបាលនាង ស.រ.ន ដែលបានបំបែកនាងពីរូបគេ ។ សមត្ថកិច្ចបានធ្វើការស្តីបន្ទោសលើឈ្មោះស៊ន សុខលី ថា គ្រាន់តែរឿងប៉ុណ្ណឹង បែរជាគិតខ្លីទៅបង្កជារឿងព្រហ្មទណ្ឌធ្ងន់ធ្ងរដុតផ្ទះគេធ្វើឱ្យមានទោសដល់ខ្លួន។ ដូច្នេះករណីនេះសមត្ថកិច្ចមិនលើកលែងឡើយ គឺត្រូវតែកសាងសំណុំររឿងបញ្ជូនឈ្មោះស៊ន សុខលី ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់ ។
តាមប្រភពព័ត៌មានមិនទាន់ផ្លូវការមួយបានឱ្យដឹងផងដែរជុំវិញបញ្ហាខាងលើនេះដែលបានអះអាងដោយឈ្មោះស៊ន សុខលី ថា ខ្លួន និងនាងស.រ.ន បានព្រមព្រៀងស្រឡាញ់គ្នាដោយសារតែនាង ស.រ.ន បានរត់ឡើងផ្ទះខ្លួន (ស៊ន សុខលី) រស់នៅជាមួយគ្នាបានមួយរយៈមកហើយ បែរជាពេលនេះអាណាព្យាបាលនាងព្យាយាមបំបែករូបនាងពីខ្លួន ទើបខ្លួនអស់ជម្រើសក៏ទិញសាំង២លីត្រយកមកដុតផ្ទះនារីដែលខ្លួនស្រឡាញ់ចោល ដើម្បីបញ្ជាក់ពីសេចក្តីស្រឡាញ់របស់ខ្លួនដោយពុំបានគិតពីច្បាប់ទម្លាប់ឡើយ ទោះបីជាខ្លួនធ្លាប់បួសរៀនក្នុងផ្លូវព្រះធម៌ក៏ដោយ ។
តាមប្រភពព័ត៌មានចុងក្រោយពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មូលហេតុដែលឪពុកម្តាយនាង ស.រ.ន បំបែកនាងពីឈ្មោះស៊ន សុខលី ដោយសារកូនស្រីខ្លួនមិនទាន់គ្រប់អាយុគឺស្ថិតនៅក្នុងវ័យអនីតិជននៅឡើយ គឺនាងទើបតែអាយុ១៦ឆ្នាំ ហើយយុវជននោះមានអាយុ១៧ឆ្នាំ។ ដូច្នេះពួកគេនៅក្មេងខ្ចីណាស់មិនអាចកសាងអនាគតគ្រួសារបាននោះទេ ប្រការត្រឹមត្រូវគេគួរតែបង្កើតមុខរបរឱ្យមានលំនឹងសិន ទើបរៀបការក៏មិនទាន់យឺតពេលដែរ ៕
ចែករំលែកព័តមាននេះ