ខេត្តព្រៃវែង ៖ មានរឿងភ្ញាក់ផ្អើលនិងហួសចិត្តមួយ ដែលយុវជនគម្នាក់បានយកកាំបិតផ្គាក់មកកាត់លិង្គខ្លួនឯងចោល ដោយសារតែតូចចិត្តឪពុកម្តាយមិនព្រមទៅដណ្តឹងប្រពន្ធឱ្យ។ រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី២៦ សីហា វេលាម៉ោង៧ព្រឹក នៅភូមិព្រៃអណ្តូង ឃុំកន្សោម ស្រុកកំពង់ត្របែក។
បើតាមស្ត្រីឈ្មោះញ៉េប សាមឿន អាយុ៤៨ឆ្នាំ ជាម្តាយបានឱ្យដឹងថា យុវជនគជាកូនរបស់គាត់នេះឈ្មោះកុយ សុខខឿន អាយុ២៥ឆ្នាំ បានស្រឡាញ់កូនក្រមុំគេ ក្នុងភូមិព្រៃអណ្តូងជាមួយគ្នា និងរំអុកឱ្យពួកគាត់ជាឪពុកម្តាយទៅដណ្តឹងកូនគេនេះមកធ្វើជាប្រពន្ធ ហើយរូបគាត់ និងប្តីបានឱ្យអ្នកស្រុកជិតខាងទៅស៊ើបសួរដែរ តែត្រូវបានឪពុកម្តាយកូនស្រីបដិសេធថា កូនគេមិនព្រមទេ ព្រោះកូនប្រុសគាត់ជាមនុស្សគថ្លង់។ រូបគាត់ជាម្តាយក៏និយាយដោយធ្វើសញ្ញាប្រាប់កូនថា កូនគេមិនស្រឡាញ់ឯងទេ ឈប់ស្រឡាញ់គេទៀតទៅ ខំរកស៊ីធ្វើស្រែបានហើយ តែកូនគាត់នេះមិនជឿ ហើយធ្វើសញ្ញាថា ពួកគាត់ជាម្តាយឪពុកកុហក មិនទាន់ទៅចូលដណ្តឹងគេផង មកប្រាប់ថា គេមិនឱ្យ កូនគេមិនស្រឡាញ់ ហើយក៏ចេះតែរំអុកឱ្យទៅចូលស្តី។
ស្ត្រីជាម្តាយបន្តទៀតថា ក្រោយមកទៀត អ្នកជិតខាងក៏និយាយប្រាប់ថា គេមិនស្រឡាញ់ឯងគនោះទេ។ តាំងពីពេលនោះមក កូនគាត់ក៏ចេះតែអង្គុយសំកុកភ្លេចបាយ ភ្លេចទឹក ជួនកាលដេកអត់បាយក៏មាន លុះនៅព្រឹកកើតហេតុ ខណៈរូបគាត់ និងប្តីកំពុងអង្គុយក្រោមផ្ទះស្រាប់តែមានឈាមស្រក់លើអាវ លុះឡើងទៅមើលឃើញ «អា.គ» យកកាំបិតផ្គាក់កាត់លិង្គខ្លួនឯង ចោលតែសំណាងល្អ មិនទាន់ដាច់ចេញពីគ្នា ។ ចំណែកអ្នកស្រុកផ្អើលនាំគ្នាមើលលុះឃើញកាត់លិង្គខ្លួនឯង និងដួលសន្លប់ ក៏ប្រញាប់ប្រញាល់ជួយដឹកនាយ.គបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។
អ្នកស្រីញ៉េប សារឿន បន្តថា គ្រួសារគាត់អភ័ព្វណាស់ គាត់ជាកូនកំព្រាបានប្តីឈ្មោះញ៉ែម ខន ឆែបមាត់ និយាយក្ងួរ ស្តាប់មិនបាន។ គាត់ត្រូវអ្នកស្រុករៀបការឱ្យតាំងពីអាយុ១៩ឆ្នាំ ឯពេលនោះប្តីគាត់អាយុ២៥ឆ្នាំ ឱ្យចាប់ដៃគ្នាជាប្តីប្រពន្ធ ព្រោះជាកូនកំព្រាដូចគ្នា ហើយមកដល់បច្ចុប្បន្នមានកូន៥នាក់ តែស្លាប់អស់២នាក់, កូនទី១-ឈ្មោះកុយ សុខខឿន «គ» កូនទី២-ឈ្មោះកុយ ខី ភេទប្រុស អាយុ២១ឆ្នាំ ឆែបមាត់តែគ្រូពេទ្យដេរឱ្យ កូនទី៣-ជាកូនភ្លោះស្រី១ ប្រុស១ មានរូបសម្ផស្សស្អាតៗ តែពេលអាយុបាន៤ឆ្នាំ ឈឺក្តៅសន្ធំស្លាប់ទាំង២នាក់ និងកូនពៅឈ្មោះកុយ ដា អាយុ១៣ឆ្នាំ ភេទប្រុស ស្អាតធម្មតា ។
បច្ចុប្បន្ន គាត់មានជីវភាពក្រីក្រមិនហ៊ានទៅដណ្តឹងកូនគេឱ្យទេ ណាមួយកូនប្រុសគាត់គ ហើយថ្លង់ទៀត មិនគួរកូនគិតខ្លីយកកាំបិតមកអារប្រដាប់ភេទខ្លួនឯងចោលទេ។ លិង្គដែលបានអារដាច់ជាងពាក់កណ្តាលហើយនោះគ្រូពេទ្យក៏រុំអបភ្ជាប់គ្នាតែមិនដឹងថា អាចព្យាបាលល្អឡើងវិញឬក៏យ៉ាងណាទេ៕
ចែករំលែកព័តមាននេះ