រាជធានីភ្នំពេញ ៖ ស្ត្រីជាអាជីវករប្តូរប្រាក់ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងបន្ទាប់មកបានស្លាប់បាត់បង់ជីវិតពេលកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតដល់ពាក់កណ្តាលផ្លូវដោយសារចោរប្លន់មានគ្នា៣នាក់ប្រដាប់ដោយកាំភ្លើងខ្លីធ្វើសកម្មភាពបាញ់ប្រហារប្លន់យកកេសដាក់ប្រាក់អស់ចំនួនជាង១រយលានរៀល ស្មើនឹង៣ម៉ឺនដុល្លារ ។
គ្រោះអកុសលនេះបានកើតឡើងក្នុងខណៈពេលដែលស្ត្រីរងគ្រោះកំពុងជិះម៉ូតូជាមួយកូនប្រុសធ្វើដំណើរចេញពីកន្លែងប្តូរប្រាក់មួយនៅម្តុំផ្សារអូឡាំពិក ខណ្ឌចំការមន ត្រឡប់ទៅផ្ទះនៅម្តុំរង្វង់មូលចោមចៅ ជាមួយកូនប្រុស។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៨ ខែសីហា នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចកន្លែងលក់ខោអាវជជុះមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ។ ស្ត្រីរងគ្រោះឈ្មោះជួន ធារ៉ា អាយុ៤៨ឆ្នាំ មុខរបរប្តូរប្រាក់នៅរង្វង់មូលចោមចៅ ត្រូវចោរបាញ់៣គ្រាប់ផ្ទុះ១គ្រាប់ចំលើដើមទ្រូងខាងឆ្វេង ធ្លាយទៅក្រោយ។ ចំណែកកូនប្រុសរបស់គាត់ឈ្មោះផុន ឡាទី អាយុ២១ឆ្នាំ មិនរងរបួសអ្វីទេ។ ពួកគេរស់នៅក្បែររង្វង់មូលថ្នល់បំបែក ចោមចៅ ។ ដោយឡែកក្រុមចោរមានគ្នា៣នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លី២ដើម ជិះម៉ូតូធុនហុងដា សេ១២៥ ពីរគ្រឿង។ ក្រោយពេលធ្វើសកម្មភាពបាញ់ប្លន់ដណ្តើមយកកេសលុយជាង១រយលានរៀលបានហើយ ពួកវាបានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះនិងកូនប្រុសបានជិះម៉ូតូ១គ្រឿងម៉ាកអ៊ែរប្លេក ពាក់ស្លាកលេខភ្នំពេញ 1AX-2125 ពណ៌ខ្មៅ នាំយកប្រាក់ដុល្លារចំនួន៣ម៉ឺនដុល្លារអាមេរិកទៅប្តូរយកប្រាក់រៀលបានជាង១រយលានរៀលនៅផ្ទះម្តុំផ្សារអូឡាំពិក ខណ្ឌចំការមន ដែលជាកន្លែងប្តូរប្រាក់ធំមួយ។ លុះក្រោយពេលដូររួចស្ត្រីរងគ្រោះនិងកូនប្រុសបានជិះម៉ូតូឌុបគ្នាត្រឡប់មកផ្ទះវិញ ដោយដាក់ប្រាក់នៅក្នុងសំបកកេសស្រាបៀរមួយរួចដាក់ចំកណ្តាលដែលម្តាយជិះអោបពីក្រោយ។ ពេលជិះទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ៣នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូដេញតាមក្រោយកៀរឱ្យឈប់ រួចដកកាំភ្លើងខ្លីភ្ជង់គំរាមឱ្យប្រគល់កេសលុយឱ្យពួកវា ។ ប្រភពដដែលបានបន្តទៀតថា ខណៈនោះស្ត្រីរងគ្រោះមិនព្រមប្រគល់កេសប្រាក់នោះឱ្យទេ ឯក្រុមចោរក៏បានព្យាយាមដណ្តើមយក តែជនរងគ្រោះនៅតែមិនព្រមឱ្យដដែល ទើបក្រុមចោរបាញ់ប្រហារសំដៅដងខ្លួនចំនួន៣គ្រាប់តែម្តង ប៉ុន្តែផ្ទុះ១គ្រាប់ត្រូវស្ត្រីរងគ្រោះដេកដួលក្នុងថ្លុកឈាមរបួសធ្ងន់ធ្ងរ។ ចំណែកក្រុមចោរប្លន់ ពេលបាញ់រួចហើយបាននាំគ្នាយកកេសប្រាក់នោះជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ គ្មានអ្នកណាហ៊ានជួយឡើយ ។ ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានគេសង្ស័យថាស្លាប់ហើយ ទើបក្រុមគ្រួសាបានហៅរថយន្តពេទ្យដឹកទៅផ្ទះភ្លាមៗ ព្រោះនៅចម្ងាយជាងមួយគីឡូម៉ែត្រពីផ្ទះ។ ប៉ុន្តែពេលទៅដល់ផ្ទះមិនទាន់ដាក់ចុះពីលើរថយន្តពេទ្យផង ឃើញស្ត្រីរូបនោះមានដង្ហើមឡើងវិញ ទើបក្រុមគ្រួសារបានដឹកបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែជាអកុសលពេលមកដល់ពាក់កណ្តាលផ្លូវក៏បានដាច់ខ្យល់ស្លាប់តែម្តង ។
សមត្ថកិច្ចបានអះអាងថា មុននឹងធ្វើសកម្មភាពប្លន់បែបនេះ ក្រុមចោរបានតាមដានដឹងយ៉ាងច្បាស់ថា ស្ត្រីរងគ្រោះឧស្សាហ៍យកប្រាក់ទៅប្តូរនៅចំណុចខាងលើ។ លុះដល់ថ្ងៃមានឱកាសហើយ ពួកចោរក៏បានជិះម៉ូតូតាមជាប់រហូតដើម្បីប្លន់ ។ ពេលដែលជនរងគ្រោះនិងកូនប្រុសជិះម៉ូតូចេញពីកន្លែងដូរលុយរួចក៏ធ្វើសកម្មភាពប្លន់តែម្តង ។ ទោះបីជាបែបនេះក្តី ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវហើយ ដែលនៅកន្លែងកើតហេតុរកឃើញសំបកគ្រាប់កាំភ្លើងម៉ាកឡុក ១សំបក និងគ្រាប់បាញ់អត់ផ្ទុះ២គ្រាប់ផងដែរ ។ ប៉ុន្តែសមត្ថកិច្ចពុុំទាន់កំណត់ថា ក្រុុមចោរប្រើប្រាស់កាំភ្លើងម៉ាកអ្វីពិតប្រាកដនៅឡើយទេ ព្រោះគ្រាប់ប្រភេទនេះប្រើប្រាស់ត្រូវនឹងកាំភ្លើងច្រើនម៉ាក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលក្រុមចោរភ្ជង់កាំភ្លើងដណ្តើមយកកេសដាក់ប្រាក់នោះ ស្ត្រីរងគ្រោះបានប្រវាយប្រតប់អោបកេសនោះជាប់មិនព្រមប្រគល់ឱ្យចោរនោះទេ រហូតដល់ចោរបាញ់សម្លាប់បែបនេះតែម្តង។ ម្យ៉ាងទៀតក្រុមចោរព្រហើនខ្លាំងណាស់ មិនខ្លាចញញើតអ្វីទាំងអស់ ព្រោះពួកគេធ្វើសកម្មភាពប្លន់ទាំងព្រឹកហើយនៅចំណុចនោះពុំមែនស្ងាត់នោះទេ គឺមានមនុស្សកំពុងទិញខោអាវជជុះអ៊ូអរ រួមទាំងចរាចរណ៍ទៅមក និងអ្នករត់ម៉ូតូឌុបផងដែរចតត្រៀបត្រានៅកន្លែងលក់ដូរខោអាវជជុះនោះ ៕
ចែករំលែកព័តមាននេះ